បណ្តាញសង្គម

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបលើដីជនបទ

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីជនបទនោះ ត្រូវបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏សំខាន់សម្រាប់គាំពារ ដល់សុខុមាលភាពប្រជាពលរដ្ឋនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ប្រទេសកម្ពុជា ប្រទេសដែលធ្លាប់ជួបវិបត្តិភ្លើងសង្គ្រាម និងរងវិនាសសកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ បានបំផ្លាញចោលហេដ្ឋារចនាសម្ព័ន្ធគាំពារដល់សុខុមាលភាព គ្មានសេសសល់នោះឡើយ។

ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបខ្មែរក្រហម ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងរៀបចំកសាងឡើងវិញយ៉ាងខ្លាំងក្លាបំផុត លើហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវិស័យសុខាភិបាល ប្រឹងប្រែងបណ្តុះបណ្តាលគ្រូពេទ្យ និងដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ។

ឈរលើគោលនយោបាយលើកម្ពស់សុខភាពសាធារណៈឱ្យបានកាន់តែប្រសើរ និងធានាឱ្យបាននូវភាពប្រសើរនូវសុខភាពរបស់ប្រជាពលរដ្ឋនេះហើយ រាជរដ្ឋាភិបាល បានបង្កើតឱ្យមានមន្ទីរបង្អែកនៅតាមខេត្ត ក្រុង ស្រុក និងបង្កើតមណ្ឌលសុខភាពនៅតាមឃុំផងដែរ។

បើទោះបីយ៉ាងណាការបង្កើតឱ្យមានមន្ទីរពេទ្យបង្អែកតាមខេត្ត ក្រុង ស្រុក និងមណ្ឌលសុខភាពតាមឃុំនេះ មិនទាន់ឆ្លើយតបនៅឡើយសម្រាប់ប្រជាពលរដ្ឋដែលមានជំងឺ ឬគ្រោះថ្នាក់ធ្ងន់ៗដែលគំរាមកំហែងអាយុជីវិត។

ប្រជាពលរដ្ឋនៅតាមទីជនបទនៅពេលមានជំងឺធ្ងន់ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដោយចៃដន្យណាមួយនោះ ពួកគេត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

ការបញ្ជូនមកស្វែងរកការព្យាបាលពីតាមបណ្តាខេត្ត ឆ្ពោះមករាជធានីភ្នំពេញ ពេលខ្លះធ្វើឱ្យការសង្គ្រោះមិនទាន់ពេលវេលា ហើយអ្នកជំងឺត្រូវបាត់បង់ជីវិតតាមផ្លូវក៏មាន។

ដើម្បីដោះស្រាយបញ្ហាដែលជាក្តីកង្វល់ដ៏ធំនៅក្នុងជីវិតរបស់ប្រជាពលរដ្ឋនៅតាមទីជនបទនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានគិតគូរ ហើយឈានដល់ការសម្រេចចិត្តសាងសង់មន្ទីរពេទ្យ មានការព្យាបាលកម្រិតខ្ពស់មួយនៅលើទឹកដីខេត្តត្បូងឃ្មុំ។

ក្រោមចំណងមិត្តភាព និងការគាំទ្រដ៏មុតមាំផ្នែកថវិកា ពីរដ្ឋាភិបាល និងប្រជាជនចិន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តត្បូងឃ្មុំ ក៏ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បានអញ្ជើញធ្វើសាក្សីនៃការបើកដំណើរការសាងសង់មន្ទីរពេទ្យនេះជាផ្លូវការ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ប្រកបដោយក្តីរីករាយជាទីបំផុត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលបើកការដ្ឋាននោះថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិត្ត ខេត្តត្បូងឃ្មុំ ដែលបំពាក់ដោយបរិក្ខារបម្រើការព្យាបាលដ៏ទំនើបនេះ មិនត្រឹមតែបម្រើដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ។

តែក៏បានរួមចំណែកបម្រើដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់នោះ ដូចជាខេត្តកំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «មន្ទីរពេទ្យនេះ មិនមែនតម្រូវតែអ្នកត្បូងឃ្មុំយើងនេះទេ។ វានឹងជាផ្នែកមួយនៃការពិនិត្យព្យាបាលនៅភាគត្រើយខាងកើតទន្លេមេគង្គ ដែលមានមួយផ្នែកចេញមកពីខេត្តព្រៃវែង ដែលនៅជិតខាងជាប់ខេត្តកំពង់ចាម។

ទៅពីនេះមិនឆ្ងាយទៅដល់ឆ្លូង ទៅមិនឆ្ងាយយើងទៅដល់ក្រចេះ វាទៅដល់ស្ទឹងត្រែង វាទៅដល់រតនគិរី មណ្ឌលគិរី ដែលអាចមកកាន់ទីតាំងនេះ ដើម្បីពិនិត្យព្យាបាល»។

សម្តេចតេជោ បានបន្ថែមថា «ឧបករណ៍របស់ចិនកាន់តែទំនើបទៅៗ ជាមួយការបំពាក់បរិក្ខារដទៃទៀត ដែលក្លាយទៅជាមូលដ្ឋានមួយដ៏សំខាននៃការថែទាំសុខភាព និងដោះស្រាយបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ។

ជាមួយហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ប្រជាពលរដ្ឋទទួលបានសេវាសុខុមាលភាពកាន់តែប្រសើរ»។

បន្ទាប់ពីបើកការដ្ឋានសាងសង់ជាផ្លូវការហើយនោះ ដំណើរការសាងសង់ត្រូវបានធ្វើឡើងប្រកបដោយការយកចិត្តទុកដាក់ និងការប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតពីសំណាក់ក្រុមការងារបច្ចេកទេស និងអ្នកសាងសង់ទាំងភាគីកម្ពុជា និងចិន។

ដំណើរការសាងសង់សំណង់ និងការបំពាក់បរិក្ខារនៅក្នុងមន្ទីរពេទ្យដ៏ទំនើបសម្រាប់ជាក្តីសង្ឃឹមដ៏ធំសម្រាប់ពលរដ្ឋលើដីជនបទ ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះបានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។

មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។

ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់, អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត១ជាន់។ មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។

មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា «សមត្ថភាពអគារនេះ គឺជាអគារមួយដែលទំនើប ហើយយើងមានសម្ភារៈបរិក្ខារទំនើបៗកម្រិតអន្តរជាតិ ដែលយើងបំពាក់នៅក្នុងអគារមន្ទីរពេទ្យនេះ»។

លោកប្រធានមន្ទីរបន្តថា «សម្ភារៈបរិក្ខារទាំងអស់សុទ្ធតែបំពាក់បច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោកយើងនេះ។ ការគ្រប់គ្រងប្រព័ន្ធទាំងអស់នៅក្នុងមន្ទីរពេទ្យ គឺគ្រប់គ្រងដោយប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប»។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ មានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០គ្រែ ដោយមានផ្តល់សេវាពិនិត្យ និងព្យាបាលលើជំងឺទូទៅ, ជំងឺកុមារ, ជំងឺឆ្លង, ពិគ្រោះជំងឺក្រៅ, ប្រពោធនកម្ម (ICU),

សង្គ្រោះបន្ទាន់, វះកាត់, រោគស្ត្រី និងសម្រាលកូន, រូបភាពវេជ្ជសាស្ត្រ និង Endoscopy, មន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព។

លោក អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានឱ្យដឹងថា មន្ទីរពេទ្យអាចពិគ្រោះជំងឺក្នុងមួយថ្ងៃបាន ៦០០នាក់។ បើទោះបីជាយ៉ាងណា មន្ទីរពេទ្យមួយនេះ ក៏នៅប្រឈមនឹងបញ្ហាខ្វះវេជ្ជបណ្ឌិតជំនាញលើជំងឺធ្ងន់មួយចំនួន និងការប្រើប្រាស់សម្ភារៈបរិក្ខារដែលមានបច្ចេកវិទ្យាទំនើបៗផងដែរ។

បច្ចុប្បន្នមន្ទីរពេទ្យបាននិងកំពុងយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលក្រុមគ្រូពេទ្យ ហើយក៏មានគម្រោងស្នើសុំគ្រូពេទ្យជំនាញបន្ថែមពីរាជរដ្ឋាភិបាល ទៅដាក់នៅមន្ទីរពេទ្យនោះផងដែរ។

ជាមួយវត្តមានមន្ទីរពេទ្យដែលបំពាក់បរិក្ខារបម្រើការព្យាបាលដ៏ទំនើបនេះ មន្ទីរពេទ្យក៏បានរៀបចំការផ្តល់សេវាមួយប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងតម្លៃដ៏សមស្របនឹងជីវភាពប្រជាពលរដ្ឋនៅតាមទីជនបទផងដែរ។

«ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាបុគ្គលិកមន្ទីរពេទ្យទាំងអស់បានរៀបចំនៅបេសកកម្ម និងចក្ខុវិស័យមួយចំនួន ដើម្បីដំណើរការមន្ទីរពេទ្យ។ បេសកកម្មរបស់យើងធ្វើយ៉ាងម៉េចផ្តល់សេវាសុខភាពប្រកបដោយគុណភាព សុខភាពឌីជីថលផ្តល់ការថែទាំប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់មិនរើសអើង គោរពនូវក្រមសីលធម៌វិជ្ជាជីវៈ»។

នេះជាការបញ្ជាក់របស់លោក អេក ឃាង។ មន្ទីរពេទ្យដែលបំពាក់បរិក្ខារទំនើប និងមានបច្ចេកទេសខ្ពស់លើការព្យាបាលជំងឺជាលើកដំបូងលើដីជនបទក្នុងខេត្តត្បូងឃ្មុំ នឹងក្លាយទៅជាកន្លែងស្រោចស្រង់ និងសង្គ្រោះជីវិតប្រជាពលរដ្ឋដ៏មានសារៈសំខាន់។

មន្ទីរពេទ្យនេះ មិនត្រឹមតែជួយសង្គ្រោះអ្នកជំងឺបានឆាប់រហ័សជាងធ្វើដំណើរមករាជធានីភ្នំពេញប៉ុណ្ណោះទេ តែក៏នឹងរួមចំណែកកាត់បន្ថយការចំណាយលើការព្យាបាល និងថែទាំជំងឺផងដែរ បើធៀបនឹងការមកសម្រាកព្យាបាលក្នុងរាជធានីភ្នំពេញ។

លោកបណ្ឌិត ជាម ច័ន្ធសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់យ៉ាងដូច្នេះ «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ អាចជួយទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង កាត់បន្ថយការចំណាយចាយវាយទៅក្រៅប្រទេស ក៏ដូចជាកាត់បន្ថយការចំណាយធ្វើដំណើរទៅដល់កន្លែងផ្សេងៗដែលឆ្ងាយ។

នេះជាមន្ទីរពេទ្យតំបន់ដូច្នេះបងប្អូនមកពីខេត្តផ្សេងៗជាប់ខេត្តត្បូងឃ្មុំនោះ គាត់អាចមកព្យាបាល និងស្នាក់នៅព្យាបាលទីនេះបាន»។

លោក ធីម ធី ប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំ ក៏បានមើលឃើញពីគុណតម្លៃ និងការរួមចំណែកដ៏សំខាន់របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ក្នុងការគាំពារ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមខេត្តដែលឆ្ងាយពីរាជធានីភ្នំពេញផងដែរ។

ពលរដ្ឋខេត្តត្បូងឃ្មុំរូបនេះ បានគូសបញ្ជាក់ថា «សម្រាប់ខ្ញុំជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំនេះ យល់ឃើញថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ ជាមន្ទីរពេទ្យមួយដ៏មានសារៈសំខាន់បំផុតសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ។

ជាពិសេសពលរដ្ឋនៅតាមបណ្តាខេត្តជាប់ជាមួយខេត្តត្បូងឃ្មុំ ហើយសង្ឃឹមថាមន្ទីរពេទ្យដ៏ធំស្កឹមស្កៃ មានសម្ភារៈបរិក្ខារដ៏ទំនើបនេះ អាចនឹងជួយសម្រួលដល់ការព្យាបាលជំងឺរបស់ប្រជាពលរដ្ឋដែលមានជំងឺ និងមានធុរៈនៅពេលយប់ព្រលប់ងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយការចំណាយផ្សេងៗ»។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាសមិទ្ធផលចំណងដៃដ៏ពិសិដ្ឋ ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានផ្តល់ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំនិយាយដោយឡែក ហើយនិយាយជារួម គឺសម្រាប់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃសេវាព្យាបាល។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណសម្តេចតេជោយ៉ាងដូច្នេះ «ក្នុងនាមរដ្ឋបាលខេត្ត ក្នុងនាមប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ខ្ញុំសូមសម្តែងនូវគារវកិច្ចអរគុណជាអនេកប្បការចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកតែងតែហួងហែងលើសុខភាពសាធារណៈនេះ ដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។

ដោយឡែកនៅក្នុងខេត្តត្បូងឃ្មុំរបស់យើង ក៏ទទួលបាននូវស្រឡាញ់ពីសម្តេចតេជោមកដល់បងប្អូនប្រជាពលរដ្ឋ អ៊ីចឹងហើយធ្វើឱ្យយើងទទួលបាននូវសមិទ្ធផលដ៏មហាសាលនេះ»។

ចំណងមិត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងពោរពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរវាងកម្ពុជា និងចិន បាននាំឱ្យមាននូវសមិទ្ធផលជាច្រើនលើទឹកដីកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ មន្ទីរពេទ្យដ៏ទំនើបលើទឹកដីខេត្តត្បូងឃ្មុំ ក៏ជាសមិទ្ធផលដ៏មានគុណតម្លៃមួយ ដែលបានកើតចេញពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងចិនផងដែរ។

ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពរវាងកម្ពុជា និងចិន ហើយក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយសាងសង់មន្ទីរពេទ្យនេះឡើង ដើម្បីជួយលើកកម្ពស់សុខុមាលភាពពលរដ្ឋកម្ពុជា និងសង្គ្រោះជីវិតចេញពីជំងឺ និងគ្រោះកាចផ្សេងៗដែលគំរាមកំហែងអាយុជីវិត។

លោកអភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា «ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ក៏ដូចគ្នានឹងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ មានអំណរសាទរណាស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលយើង ក៏ដូចគ្នានឹងគោលនយោបាយដ៏ពិសិដ្ឋរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធ្វើឱ្យមានសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសខ្មែរយើង និងប្រទេសចិន។

ខ្ញុំសង្ឃឹមជឿជាក់ថា គោលនយោបាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពង្រីកបន្ថែមទៀត ប្រទេសខ្មែរយើង ក៏ដូចជាខេត្តត្បូងឃ្មុំ នឹងទទួលបានគម្រោងធំៗបន្ថែមទៀតពីប្រទេសចិន»។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា «សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវជំនួយឥតសំណងលើទឹកដីត្បូងឃ្មុំ។ នេះគឺជាការផ្តល់លទ្ធភាពមួយសម្រាប់ជាប្រយោជន៍មនុស្សជាតិនៅក្នុងទឹកដីខេត្តត្បូងឃ្មុំនេះ ដែលជាចំណុចសំខាន់ ជាជំនួយចំគោលដៅក្នុងការជួយដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ»។

សូមបញ្ជាក់ថា ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅ ក្នុងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្្មុំផងដែរ។

របាយការណ៍បានឱ្យដឹងថា អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅក្នុងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំនេះ ត្រូវបានសាងសង់នៅឆ្នាំ២០១៨ ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២០។ អគារដែលបានសាងសង់រួមមាន៖ អគារទីចាត់ការចំនួន ២ខ្នង ស្មើនឹង ១០បន្ទប់ អគារសិក្សាចំនួន ២ខ្នង ស្មើនឹង ៣៦បន្ទប់ កម្ពស់ ៣ជាន់។

អគារស្នាក់នៅចំនួន២ខ្នង ស្មើនឹង ៤០បន្ទប់។ ក្នុងទីធ្លាសាលា ក៏មានសាងសង់ទីលានបាល់ទះចំនួន១ និងទីលានបាល់បោះចំនួន២។

អគារ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលាចំណាយការសាងសង់ប្រមាណ ១លាន ៣៥ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

ដកស្រង់ពី៖ Fresh News