បណ្តាញសង្គម

កម្ពុជា‑វៀតណាមសន្យារួមគ្នាពង្រីកកិច្ចសហការលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ

ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានសន្យានឹងខិតខំពង្រឹង ពង្រីកកិច្ចសហការលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត ជាប្រយោជន៍ដើម្បីកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ការសន្យានេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ មីនា នៅក្នុងជំនួបរវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

នៅក្នុងជំនួបនោះដែរ លោក ង្វៀន ហ៊ុយតាំង បានស្នើសុំអន្តរាគមន៍ពីលោករដ្ឋមន្រ្តីក្នុងនោះ ទី១- ពង្រឹង និងពង្រីកកិច្ចសហការលើអនុវិស័យវារីវប្បកម្ម តាមរយ:ការផ្តល់បច្ចេកទេសសមស្រប ទំនើបទាន់សម័យ ធ្វើយ៉ាងណាឲ្យអនុវិស័យមួយនេះ មានការរីកចម្រើន និងទី២ ស្នើសុំឲ្យក្រសួងជួយគាំទ្រឲ្យកាន់តែល្អប្រសើរថែមទៀត ដល់សកម្មភាពវិនិយោគសម្បទានដីសេដ្ឋកិច្ច ជាអាទិ៍ការពិនិត្យ និងវាយតម្លៃលើកផែនការមេ ការចុះបញ្ជីដី និងការធ្វើអនុប្រយោគ។ល។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងស្ថានទូតវៀតណាម ដែលបានផ្តល់កិច្ចសហការបានល្អប្រសើរក្នុងការសម្រួលពាណិជ្ជកម្ម ការនាំចេញកសិផលកម្ពុជាតាមបណ្តោយព្រំដែនបានយ៉ាងល្អប្រសើរក្នុងអំឡុងពេល ដែលប្រទេសយើងទាំងពីរកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។

ចំពោះចំណុចទី១ ទាក់ទងនឹងកិច្ចសហការលើអនុវិស័យវារីវប្បកម្ម លោករដ្ឋមន្ត្រីបានគាំទ្រនូវគំនិតផ្តួចផ្តើមនេះ ដោយសារ បច្ចុប្បន្នផលចាប់មច្ឆាជាតិពីគ្រប់ប្រភពធម្មជាតិបាននិងកំពុងមានការធ្លាក់ ចុះជាបន្តបន្ទាប់។

ផ្ទុយទៅវិញកំណើននៃបរិមាណបរិភោគចេះតែកើនឡើង ហេតុនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មបានផ្តល់អាទិភាពលើការអភិវឌ្ឍអនុវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ធ្វើយ៉ាងណាបង្កើនបរិមាណផ្គត់ផ្គង់ផលត្រីឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការទាំងបរិភោគ គុណភាព និងសុវត្ថិភាព តាមរយ:ការពង្រឹង គាំទ្រ និងលើកទឹកចិត្តដល់វារីវប្បករឲ្យប្រើប្រាស់បច្ចេកទេសបង្កាត់ ជ្រើសរើសពូជ ចំណី និងបរិស្ថានចិញ្ចឹម។ល។

ដោយឡែកចំពោះចំណុចទី២ លោករដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ឈរលើស្មារតីទទួលខុសត្រូវខុសរបស់ក្រុមហ៊ុន ដែលទទួលបានសម្បទានដីសេដ្ឋកិច្ចយកទៅវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម រួមមានកៅស៊ូ អាកាស្យា ប្រេងខ្យល់ ចេក ស្វាយចន្ទី និងដំណាំឈើហូបផ្លែមួយចំនួនទៀតទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយបានធ្វើការនាំចេញទៀតផង។

លោក វេង សាខុន ក៏បានលើកឡើងពីក្រុមហ៊ុនមួយចំនួនតូច មានភាពអសកម្ម ដោយមិនបានគិតគូ យកចិត្តទុកដាក់អនុវត្តតាមផែនការមេ ការចុះញ្ជីដី ឬអនុវត្តកិច្ច សន្យាដែលបានចុះហត្ថលេខាជាមួយក្រសួង។ល។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីបានណែនាំឲ្យក្រមហ៊ុនត្រូវបង្កើនការយកចិត្តទុកដាក់ អនុវត្តឲ្យបានត្រឹមត្រូវស្របតាមផែនការមេដែលក្រសួងបានអនុម័ត

ហើយត្រូវពង្រឹងការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ ចូលរួមសហការឲ្យបានពេញ លេញជាមួយលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច និងត្រូវចូលរួមសហការការពារ ទប់ស្កាត់រាល់សកម្មភាពទន្រ្ទានកាន់កាប់ដីរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់៕

ដកស្រង់ពី៖ កម្ពុជាថ្មី