បណ្តាញសង្គម

កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២៨ បញ្ចប់​ទៅដោយ​ជោគជ័យ និង​ផ្លែផ្កា​យ៉ាង​ល្អប្រសើរ​

ភ្នំពេញ៖ នៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ក្នុងនាម ជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (THE TWENTY-EIGHTH ASEAN ECONOMIC MINISTERS’ RETREAT – the 28th AEM Retreat) និងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (Consultations between AEM and ASEAN Business Advisory Council)។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិក តំណាងក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ាន និងគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានមតិស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តមានរបស់សមាជិកអង្គប្រជុំទាំងអស់ និងស្នើឱ្យអង្គប្រជុំផ្តល់ នូវការគាំទ្រ រួមទាំងចូលរួមផ្លាស់ប្តូរមតិយោបល់លើរបៀបវារៈនីមួយៗ ដែលបានរៀបចំឡើង។

លោកបានបន្តថា កិច្ចប្រជុំដ៏មានសារៈសំខាន់ទាំងពីរ ខាងលើ សម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើ រួមមាន៖ ១)កិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន៖តំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននៃប្រទេសនីមួយៗបានសង្ខេបជូនរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងបានធ្វើ បទបង្ហាញអំពីគម្រោង អាទិភាព និងគំនិតផ្តួចផ្តើមរបស់ខ្លួនសម្រាប់ឆ្នាំ២០២២។

ជាមួយគ្នានេះ កិច្ចប្រជុំបានបញ្ជាក់ផងដែរ អំពីសារៈសំខាន់ក្នុងការពង្រឹង យន្តការទំនាក់ទំនងរវាងក្រុមការងារអន្តរវិស័យអាស៊ាន ជាមួយនឹងវិស័យ ឯកជន ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចការនានារបស់អាស៊ាន។ ២)កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨៖

អង្គប្រជុំនេះ បានផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្មលើរបៀបវារៈសំខាន់ៗរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖កិច្ចការដែលត្រូវបន្តតាមដាន ស្របតាមអនុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ ដែលបានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២១,

សមិទ្ធផលអាទិភាព សេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២, ការងារអាទិភាពប្រចាំឆ្នាំ២០២២ របស់ក្រុមការងារអន្តរវិស័យ, អនុសាសន៍ របស់ក្រុមការងារជាន់ខ្ពស់ ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន,

កិច្ចខិតខំប្រឹងប្រែងកម្រិតជាតិ និងកម្រិតតំបន់របស់អាស៊ានក្នុងការស្តារសេដ្ឋកិច្ច ឡើងវិញ ឆ្លើយតបនឹងវិបត្តិកូវីដ-១៩, ការប្រកាសបើកការចរចាសម្រាប់ការ ធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ASEAN Trade in Goods Agreement

– ATIGA), ការពង្រឹងយុទ្ធសាស្ត្រអាស៊ានដើម្បីពង្រឹង យន្តការទំនាក់ទំនងក្រៅតំបន់អាស៊ាន និងបញ្ហាផ្សេងៗទៀត។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា លទ្ធផលសំខាន់ៗគួរឱ្យកត់សម្គាល់ អង្គប្រជុំបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងឯកភាពក្នុងការអនុម័តលើ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលស្នើឡើងដោយកម្ពុជាទាំង១៩ ក្នុងភាពជា

ប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ ព្រមទាំងបានឯកភាពអនុម័ត លើការងារ អាទិភាពប្រចាំឆ្នាំរបស់ក្រុមការងារអន្តរវិស័យក្រោមសមត្ថកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផងដែរ។

លោកបន្ថែមថា អង្គប្រជុំបានអនុម័តលើគោលការណ៍ណែនាំ និងលក្ខខណ្ឌប្រតិបត្តិរបស់គណៈកម្មាធិការចរចាពាណិជ្ជកម្ម សម្រាប់ការ ចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង ATIGA ព្រមទាំងបានប្រកាស បើកការចរចាជាផ្លូវការលើកិច្ចព្រមព្រៀងនេះ។

តាមរយៈការប្រកាសបើក ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង ATIGAនេះ អង្គប្រជុំបានកត់ សម្គាល់និងអបអរសាទរចំពោះកម្ពុជា ក្នុងការសម្រេចបានសមិទ្ធផល អាទិភាពសេដ្ឋកិច្ចមួយ ក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងអស់ ខាងលើ ដែលកម្ពុជាបានស្នើឡើង។

គួរកត់សម្គាល់ថា សមាជិកអង្គប្រជុំទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការ ផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំ នេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ៕

ដកស្រង់ពី៖ រស្មីកម្ពុជា