បណ្តាញសង្គម

រាជរដ្ឋាភិបាល និងទូរទស្សន៍ធំៗបី រួមគ្នា បង្កើត “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា”ដើម្បីលើកស្ទួយវិស័យសោតទស្សន៍និងផ្សព្វផ្សាយ

ភ្នំពេញ៖ប្រទេសកម្ពុជាបានកសាងប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតក្នុងវិស័យសោតទស្សន៍និងផ្សព្វផ្សាយគឺការចុះហត្ថលេខាបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល កម្ពុជា ដែលបានដាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលជាការកើតចេញពីការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកស្រី ហ៊ុន ម៉ាណា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េងនិងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន ។

សូមបញ្ជាក់ថាក្រុមហ៊ុនចម្រុះរវាងរដ្ឋនិងឯកជននេះ បង្កើតឡើងសម្រាប់គ្រប់គ្រង “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា”

ដើម្បីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេច ឲ្យបានតាមអនុសាសន៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាលកម្ពុជាដែលបាន

កំណត់យកឆ្នាំ២០២៣ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជាដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានិងបន្តការផ្សាយព្រមគ្នាជាប្រព័ន្ធអាណាឡូកនិង

ប្រព័ន្ធឌីជីថលស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។

“ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” ដែលជាក្រុមហ៊ុនចម្រុះរវាងរដ្ឋនិងឯកជនថ្មីនេះ នឹងផ្តល់ជូននូវសេវាថ្នាលទូរទស្សន៍ឌីជីថលផ្សាយតាមប្រព័ន្ធ DVB-T2 ដែលមានប៉ុស្តិ៍ច្រើនប្រភេទសម្បូរបែប សំដៅលើកស្ទួយ វិស័យព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈកម្សាន្ត កីឡា និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុម គ្រួសារកម្ពុជា។

លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប បានមានប្រសាសន៍ថា៖“ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការសហការគ្នាបង្កើតថ្នាល ទូរទស្សន៍ឌីជីថលកម្ពុជានេះ ហើយក៏ជាផ្នែកមួយផងដែរ ក្នុងការគាំទ្រវិស័យផ្សព្វផ្សាយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ“។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា “ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានទទួលការទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការចាប់ដៃគូសហការគ្នាដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះ

និងមានមោទនភាពដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងវិស័យសោតទស្ស ន៍ និងផ្សព្វផ្សាយ ឲ្យទៅជាប្រព័ន្ធឌីជីថលពេញលេញ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា ស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤។

ដោយឡែក លោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប ក៏បានលើកឡើងផងដែរថា

“ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះ នឹងនាំមកនូវទស្សនីយ ភាពនិងស្តង់ដាថ្មីស្រឡាងមួយទៀតដែលមានកម្រិតផ្សាយគុណភាពខ្ពស់ច្បាស់ត្រជាក់ភ្នែកកម្រិតUHD4K។ទូរទស្សន៍ឌីជីថលនេះជាថ្នាលប្រមូលផ្តុំនៃកម្មវិធីសិល្បៈកម្ម

វិធីកម្សាន្តកម្មវិធីព័ត៌មានភាពយន្តតន្ត្រីនិងទស្សនីយភាពដ៏សម្បូរបែបជាច្រើនទៀតដែលធានានូវការផ្តល់ជូនចំណីចក្ខុដ៏រីករាយជូនទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ “One-Stop Media Services” ។

នេះជាភាពរីកចម្រើនមួយដ៏ធំក្នុងវិស័យសោតទស្សន៍ និង ផ្សព្វផ្សាយ ស្របតាមគោលនយោបាយរដ្ឋាភិបាលសម្រាប់សង្គមឌីជីថលកម្ពុជា ឲ្យដើរស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤ ដូច្នេះការផ្លាស់ប្តូររូបរាងថ្មី

និងបទពិសោធន៍នៃការកម្សាន្តនេះធ្វើឲ្យប្រទេសកម្ពុជាអាចដើរតាមបច្ចេកវិទ្យាឈានមុខទន្ទឹមនឹងឆាកអន្តរជាតិដោយទស្សនិកជនអាចទស្សនារាល់ទស្សនីយភាពដែលផលិតឡើងមានគុណភាពស្តង់ដាខ្ពស់ ច្បាស់ត្រជាក់ភ្នែក ពីគេហដ្ឋានឬមើលតាមទូរស័ព្ទដៃ គ្រប់ពេលវេលា គ្រប់ទីកន្លែងនៅលើថ្នាលតែមួយ។

នេះក៏ជាការលើកទឹកចិត្តដល់ផលិតករឲ្យផលិតនូវទស្សនីយភាពមានគុណភាពខ្ពស់ បន្តទៀត ដែលមានថ្នាលអាចបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក “។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈ ពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនយើងមានជំនឿយ៉ាងមុតមាំថានឹងអភិវឌ្ឍឧស្សាហកម្មសោត ទស្សន៍និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ។

ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន ប៊ីធីវី និងវិទ្យុបាយ័ន។ក្រុមហ៊ុនទូរទស្សន៍ CBS រួមមានប៉ុស្តិ៍ទូរទស្សន៍ CTN, CTN International, CNC, MyTV, CBS Digital, និង វិទ្យុភ្នំពេញ៩៤MHz។

ចំណែកក្រុមហ៊ុន Digital Sky រួមមានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា

(១)ថ្នាលទូរទស្សន៍ឌីជីថលប្រព័ន្ធ DVB-T/T2

(២)ថ្នាលទូរទស្សន៍ឌីជីថលផ្កាយរណបប្រព័ន្ធ DTH (៣)ថ្នាលទូរទស្សន៍ឌីជីថលតាមទូរស័ព្ទដៃប្រព័ន្ធ OTT

និងផលិតប៉ុស្តិ៍ទូរទស្សន៍ខ្លួនឯងចំនួន ១១ ប៉ុស្តិ៍ ដូចជា OneTV Sabay, OneTV Drama, OneTV Kids, OneTV Music, OneTV Cinema, OneTV Discovery, OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11, OneTV-E-school ។

ក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាសនិងរស្មីហង្សមាស, ផលិតកម្មWE, Pleng Records, ក្រុមហ៊ុនពិធីការ និងសារព័ត៌មាន២៤ម៉ោង។

ដកស្រង់ពី៖ រស្មីកម្ពុជា