បណ្តាញសង្គម

ប្រឡាយទឹក​ស្អុយ​លូ ៥ បានក្លាយ​ទៅជា​សួន ដ៏​ស្រស់ស្អាត និង​ជា​កន្លែង ហាត់ប្រាណ សម្រាប់​ប្រជាពលរដ្ឋ យ៉ាង​ល្អ នៅ​ខណ្ឌមានជ័យ​

ភ្នំពេញៈ ប្រឡាយទឹកស្អុយលូ៥ ដែលមានទីតាំង ស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ពេលនេះ បានក្លាយខ្លួន ជាសួន ដ៏ស្រស់ស្អាត ហៅសួនសហគមន៌កុមារមេត្រី និងជាកន្លែងហាត់ប្រាណ របស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់នេះ យ៉ាងល្អ។

សួននេះ បានស្ថាបនាឡើង ក្រោមការជួយឧបត្ថម្ភ ពីស្ថានទូតចិន ប្រចាំនៅ កម្ពុជា ហើយត្រូវបានបើកសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ នៅព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ

ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាល រងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោក ឆាង ជាន អគ្គទីប្រឹក្សា នៃស្ថានទូតចិន តំណាងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាល ខណ្ឌមានជ័យ បានមាន ប្រសាសន៍ អោយដឹងថាៈ សួនសហគមន៍កុមារមេត្រី ឬហៅថា សួនលូ៥ មានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ មានផ្ទៃដីសរុប ២.៧៧៥ ម៉ែត្រក្រឡា បណ្តោយប្រវែង ២២៩ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងទទឹង ប្រឡាយទឹកក្រោមដី ៥ ម៉ែត្រ ។

ជាទីធ្លាបើកចំហ សាធារណៈ ដែលមានប្រជា ពលរដ្ឋរស់នៅ និងកម្មករ និយោជិត រោងចក្រជាច្រើននៅជុំវិញ ។

កាលពីមុនសួនលូ៥នេះ គឺជាប្រឡាយទឹកស្អុយបើកចំហ ដែលមានគម្របបេតុង និងក្រាល ក្បឿងពីលើ ហើយសួននេះ ជាទីតាំងសំខាន់មួយ ក្នុងតំបន់ស្ទឹង មានជ័យ ដែលអ្នករស់នៅ ក្នុងតំបន់នោះ អាចដើរហាត់ប្រាណ និងក្មេងលេង កម្សាន្តបាន ។

សួននេះ សាងសង់ឡើង ដោយប្រើប្រាស់រយៈពេល ៦ ខែ ដោយចាប់ផ្តើម ពីថ្ងៃទី ៩ ែខកញ្ញា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ចំណាយថវិកាសរុប ៦៧.៤៩៧ ដុល្លារ រៀបចំសាងសង់ឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ ។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បំពាក់ ឧបករណ៍ សម្រាប់ហាត់ប្រាណ អស់ថវិកា ចំនួន ៦.០០០ ដុល្លារ សរុបថវិកាចំណាយ ទាំងអស់ ចំនួន ៧៥.៤៩៧ ដុល្លារ ។

លោក នួន ផារ័ត្ន បានមានប្រសាសន៍ថាៈ សួនសហគមន៍កុមារមេត្រីនេះ មិនត្រឹមតែលើក សោភ័ណភាព រាជធានីភ្នំពេញ ប៉ុណ្ណោះទេ តែវាជាកន្លែងមួយ ផ្ដល់ឲ្យប្រជាពលរដ្ឋ នៅតំបន់នេះ បានហាត់ប្រាណ ដើម្បីសុខភាព។

ទោះបីជាយ៉ាងណាក្តី លោកសូមអោយ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំសាងសង់រោងការ នៅលើសួនច្បារនេះអោយសោះ វានឹងនាំធ្វើឱ្យខូចខាត នូវហេដ្ឋារចនាសម្ព័ន្ធនានា នៅលើសួននេះ។

លោក នួន ផារ័ត្ន បានសម្តែងនូវការអរគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះមហាមិត្តចិន ដែលបានជួយកម្ពុជាជាច្រើន ជាក់ស្តែង នៅពេលនេះ ចិនបានផ្ដល់នូវថវិកា ដើម្បីសាងសង់ សួនសហគមន៍កុមារមេត្រីនេះឡើង ។

ចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ និងការជួយលើវិស័យច្រើនទៀត មកដល់កម្ពុជា។

នៅក្នុងឱកាសនោះដែរ លោកនួន ផារ័ត្ន បានពាំនាំនូវការផ្តាំផ្ញើ របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ដោយជំរុញឱ្យមន្ត្រី ថ្នាក់សង្កាត់ ខណ្ឌ ត្រូវជំរុញការផ្ដល់សេវា ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ ពេលវេលា និងចាត់វិធានការជុំវិញ ការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរ ថែមទៀត។

លោក ឆាង ជាន ក៏បានលើកឡើងផងដែរថាៈ ការស្ថាបនាសួនសហគមន៍ កុមារមេត្រី វាមិនត្រឹមតែបានអោយក្មេងៗ បានលេង ប៉ុណ្ណោះទេ វាក៏បាន លើកសោភ័ណភាព រាជធានី ភ្នំពេញ អោយកាន់តែស្រស់ស្អាត ហើយវាក៏ ជាកន្លែង សម្រាប់អោយបងប្អូនប្រជាពលរដ្ឋ បានហាត់ប្រាណទៀតផង។

លោក ឆាង ជាន បានសម្តែងនូវការអរគុណចំពោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រនូវគម្រោង នៃការសាងសង់ សួនសហគមន៍កុមារមេត្រី នេះឡើង។

សួននេះ វាពិតជាបានបង្កើតនូវ ទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន កាន់តែល្អប្រសើរ មួយកម្រិតថែមទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា