បណ្តាញសង្គម

វិទ្យាស្ថានតេជោសែន សាធារណការ ចុះអនុស្សរណៈជាមួយ ក្រុមហ៊ុន BUCG ដើម្បីអភិវឌ្ឍលើការអប់រំ ការបណ្ដុះបណ្ដាល និងស្រាវជ្រាវ

(ភ្នំពេញ)៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដើម្បីអភិវឌ្ឍលើការអប់រំ ការបណ្ដុះបណ្ដាល និងស្រាវជ្រាវ ។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានលើកឡើងថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើង ក្នុងគោលបំណងបណ្តុះបណ្តាលកូនខ្មែរ

ឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានសីលធម៌ អត្តចរិក ចរិយាសម្បតិ្តត្រឹមត្រូវ ដើម្បីដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេស នាពេលបច្ចុប្បន្នផង និងបង្កើតឱ្យមានអ្នកបន្តវេនរបស់កម្ពុជាដ៏មានសក្តានុពល និងស្មារតីទទួលខុសត្រូវ លើវិស័យសាធារណការ និងដឹកជញ្ជូន នាពេលអនាគត រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

លោកបានបន្តថា វិទ្យាស្ថានតេជោសែន មានការប្តេជ្ញាតាំងចិត្តខ្ពស់ ក្នុងការបណ្តុះបណ្តាល ដែលមានទាំងជំនាញច្បាស់លាស់ និងចំណេះដឹងទូលំទូលាយ ប្រកបដោយសីលធម៌ គុណធម៌ អត្តចរិត ចរិយាសម្បត្តិ និងគុណតម្លៃត្រឹមត្រូវ ក្នុងឋានៈជាអ្នកបន្តវេន លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដឹកជញ្ជូនរបស់កម្ពុជា។

លោក Fan Zhiwei តំណាងភាគីហត្ថលេខី នៃក្រុមហ៊ុន Beijing Urban Construction Group បានលើកឡើងថា BUCG ជាសហគ្រាសសំណង់ធំមួយរបស់រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន

ហើយក៏ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសកំពូលទាំង ៥០០ របស់ចិន និងជាប់ចំណាត់ថ្នាក់ទី១៤ នៅក្នុង «ក្រុមហ៊ុនម៉ៅការសំណង់កំពូល លំដាប់ថ្នាក់ពិភពលោក ក្នុងចំណោមក្រុមហ៊ុនម៉ៅការសំណង់កំពូលៗទាំង ២៥០» នៃ ENR ។

BUCG បានបង្កើតឧស្សាហកម្មធំៗចំនួន៦ រួមមានកិច្ចសន្យាគម្រោងវិស្វកម្ម ការរចនា ការអភិវឌ្ឍន៍អចលនទ្រព្យ ការរចនាទេសភាព ការវិនិយោគ និងហិរញ្ញវត្ថុ និងការគ្រប់គ្រងអចលនទ្រព្យ។

ក្នុងនោះផងដែរ BUCG ផ្តោតសំខាន់លើការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ព្រមទាំងបានសហការជាមួយសាកលវិទ្យាល័យជាច្រើន ដើម្បីផ្តល់កម្មសិក្សា និងឱកាសការងារដល់និស្សិត។

ជាមួយគ្នានេះដែរ លោក Fan Zhiwei ក៏បានបន្ថែមទៀតថា ក្នុងនាម BUCG ជាក្រុមហ៊ុនដែលមានបទពិសោធន៍ច្រើន ឆ្នាំនៅប្រទេសកម្ពុជា BUCG ក្រុមហ៊ុនមានគោលបំណងសហការជាមួយ TSIPWT លើការផ្តល់ធនធាន គ្រូបង្រៀន កម្មវិធីបណ្តុះបណ្តាលជំនាញ ក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពានផ្លូវរថភ្លើងក្នុងទីក្រុងជាដើម។

ថ្លែងសំណេះសំណាលក្នុងអង្គពិធី លោក វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការ និងជាតំណាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នា

ថ្ងៃនេះ គឺជាធាតុសំខាន់បំផុតមួយ ដែលរួមចំណែកដល់ការបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាង វិទ្យាស្ថាន និងក្រុមហ៊ុន BUCG ដើម្បីធានាគុណភាព នៃការអប់រំសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនួយបច្ចេកទេស ដែលជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់សិស្សានុសិស្ស ដើម្បីពង្រីកឱកាសការងារ ជំនាញ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ។

កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងន័យដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមករវាងគូភាគី ពាក់ព័ន្ធនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។

គួរបញ្ជាក់ផងដែរថា ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Beijing Urban Construction Group (BUCG) បានឯកភាពគ្នាជាគោលការណ៍ដើម្បីអភិវឌ្ឍលើការអប់រំ ការបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដែលសិ្ថតក្នុងសមត្ថកិច្ចរបស់ភាគីនីមួយៗ ដូចជា៖

*១៖ សហការក្នុងការផ្តល់ការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសផ្សេងៗ

*២៖ ផ្លាស់ប្តូរមន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក

*៣៖ សហការលើការស្រាវជ្រាវ និងការអនុវត្តគម្រោងរួមគ្នាក្នុងវិស័យពាក់ព័ន្ធ

*៤៖ សហការក្នុងការផ្តល់ជំនួយបច្ចេកទេសលើការអប់រំ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ

*៥៖ ចូលរួមសន្និសីទ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍ផ្សេងៗទៀត

*៦៖ ផ្លាស់ប្តូរព័ត៌មាន និងឧបករណ៍បច្ចេកទេសផ្សេងៗទៀត

*៧៖ ប្រើប្រាស់ឧបករណ៍ សម្ភារៈសំណង់ និងធនធានរួមគ្នា

*៨៖ ផ្តល់ឱកាសដល់និស្សិតដើម្បីផ្លាស់ប្តូរបទពិសោធន៍សិក្សា

*៩៖ ផ្តល់ជូនវិញ្ញាបនបត្រនៃការបណ្តុះបណ្តាលបច្ចេកទេស និងការអនុវត្តការងារជាក់ស្តែង ដែលពាក់ព័ន្ធ

*១០៖ ជំរុញអនុវត្តសកម្មភាពផ្សេងៗទៀត ស្របតាមស្មារតីនៃអនុស្សរណៈ នៃការយោគយល់គ្នានេះ៕

ដកស្រង់ពី៖ Fresh News