បណ្តាញសង្គម

សម្តេច​តេ​ជោ​​ បញ្ជាក់​ប្រាក់ខែ​មន្ត្រីរាជការ​មិន​បើក​ឌុ​ប​ដូច​ហ្វេ​ស​ប៊ុ​ក​ចេញ​នោះ​ទេ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មិនបានបើកប្រាក់ខែឌុប សម្រាប់មន្ត្រីរាជការ នៅមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដូចហ្វេសប៊ុកចេញនោះទេដូច្នេះសូមកុំយល់ច្រឡំ ។

ការបញ្ជាក់របស់សម្តេចតេជោនេះ បន្ទាប់មានការយល់ច្រឡំអំពីការបើកប្រាក់ខែសម្រាប់ក្រុមមន្ត្រីរាជការសម្រាប់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២នេះថា បើឌុប ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ នៅថ្ងៃ២១ មីនាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបកស្រាយថា ជាភ័ន្តច្រឡំនោះទេ ព្រោះសំណេរសម្តេចនោះមានតាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ពោលមុនផ្ទុះជំងឺកូវីដ១៩ ។សម្តេចតេជោ បានលើកឡើងថា ឆ្នាំនេះត្រូវតែចូលឆ្នាំឲ្យបាន ហើយចូលរួមសប្បាយទាំងអស់គ្នា ។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា ប៉ុន្មានថ្ងៃមុន មានការភ្ញាក់ផ្អើលមួយបានកើតឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងបើកប្រាក់ខែក្នុងខែ៣ នឹងបើកខែ៤ទៀតក្នុងពេលជាមួយគ្នា ដើម្បីសម្រួលដល់ស្ថានភាព មន្ត្រីរាជការ ប៉ុន្តែសម្តេចថា នេះជាការភ័ន្តច្រ ឡំទេ ។

សម្តេចតេជោ បញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ផងដែរ ស្រាប់តែថ្ងៃមុននាំគ្នាផ្អើលម៉ាប្រទេសថា លោក ហ៊ុន សែន នឹងបើកប្រាក់បៀវត្សខែ៣ហើយ ថែមខែ៤ទៀត តើមានឃើញទេ…អីញ្ចឹងទេគេថា ឆ្នាំហ្នឹងនឹងបានបើកប្រាក់ខែឌុប បង្កើនប្រាក់ខែខែ៣ ហើយមានអាខែ៤ អត់ទេ ។ អាហ្នឹងបង្ហោះតាំងពីមុន នៅឆ្នាំ២០២០ ឆ្នាំ២០១៩អីទេ! ។

ដូច្នេះសុំកុំភ័ន្តច្រឡំ អាហ្នឹងមិនមែនទេ តែមិនដឹងម៉េចទេ អាហ្វេសប៊ុកហ្នឹងយូរៗចេញមកមួយ» ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៦ មីនា មានការលោតជាសារសំណេរ របស់សម្តេចតេជោឡើងវិញ នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា ការបើប្រាក់ខែនៅក្នុងខែមេសា មុនចូលឆ្នាំខ្មែរប្រពៃណីជាតិ

នឹងបើកឌុប ដោយចុងខែ៣(មីនា) បើកប្រាក់ខែម្តង ហើយនៅខែ៤(មេសា) មុនចូលឆ្នាំបើកម្តងទៀត

រួមជាមួយនឹងប្រាក់មុខងារបន្ថែម ហើយបន្ទាប់មកទៀតនឹងបើកប្រាក់ខែ នៅអាទិត្យទី៣ ខែឧសភា ដើម្បីចៀសវាងបញ្ហាចំណាយរបស់មន្ត្រីរាជការ ៕

ដកស្រង់ពី៖ កោះសន្តិភាព