បណ្តាញសង្គម

លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តា​លស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​

សៀមរាប:សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួនរយៈពេល០៣ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស នៅសាលសន្និសីទសុខា ខេត្តសៀមរាប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនៈភាពការងារលើសេចក្តីសម្រេចរបស់មហាសន្និបាត ផែនការយុទ្ធសាស្ត្រ និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក.

បានអនុវត្តកន្លងមក ក៏ដូចជាដើម្បីកំណត់អាទិភាព និងលើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គមនិងក៏ដើម្បីជាការជួបជុំគ្នាពង្រឹងនិងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក ហ៊ុន ម៉ានី បានកត់សម្គាល់នូវដំណើរវិវត្តឥតឈប់ឈរនៃបរិបទ សង្គម នយោបាយ និង សេដ្ឋកិច្ច ជាពិសេសការប្រកាន់យកប្រក្រតីភាពថ្មីក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ហើយបានធ្វើការវាយតម្លៃខ្ពស់

និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក. ក្នុងការចូលរួមជាកម្លាំងដ៏សកម្មលើកិច្ចការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។

លោកក៏បានបន្ថែមទៀតថា ការចូលរួមរបស់សមាជិក សមាជិកា គ្រប់ៗរូប ពិតជាបានសបញ្ជាក់យ៉ាងច្បាស់ពីតួនាទីយ៉ាងសំខាន់របស់យុវជនក្នុងដំណើរការប្រព្រឹត្តទៅក្នុងសង្គម និងការអភិវឌ្ឍនានាលើគ្រប់វិស័យក្នុងប្រទេស។

ជាក់ស្តែង ស្នាដៃ និងសមិទ្ធផលរបស់ក្រុមគ្រួសារ ស.ស.យ.ក. ដែលសម្រេចបាននាពេលកន្លងមកបានឆ្លុះបញ្ចាំងតាមផ្នែកសំខាន់ៗរួមមាន៖

(១) ការរៀបចំរចនាសម្ព័ន្ធចាត់តាំង និងការកសាងស.ស.យ.ក.

(២) ការការពារ និងថែរក្សាអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ឯករាជ្យភាព សន្តិភាព ស្ថិរភាព សេរីភាព និងសុវត្ថិភាពសង្គម

(៣) ការលើកកម្ពស់សុខដុមនីយកម្មសង្គម អត្តសញ្ញាណ និងលើកកិត្តិនាមកម្ពុជា

(៤) ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម

(៥)ការអភិវឌ្ឍសមត្ថភាពយុវជន

(៦) ការចូលរួមសកម្មភាពសង្គម

(៧) ការលើកកម្ពស់សុខភាព និងវិស័យកីឡា

(៨) ការជំរុញកិច្ចសហការប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិ

(៩) យុទ្ធនាការពលរដ្ឋល្អ

និង(១០) កិច្ចការផ្សព្វផ្សាយ និងសាធារណៈមតិ។ដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ដែលតំណាងឲ្យ ស.ស.យ.ក. រាជធានី-ខេត្ត វិស័យ-ក្រសួង-ស្ថាប័ន ក៏ដូចជាអង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល បានចូលរួមលើកជាសំណួរ ស្នើសុំយោបល់

និងចែករំលែកពីបទពិសោធន៍ការងារ គណៈកម្មការរៀបចំកិច្ចប្រជុំ បានធ្វើការបែងចែកអង្គប្រជុំជាក្រុមពិភាក្សាចំនួន៣ ដែលកិច្ចពិភាក្សាតាមក្រុមនោះ ត្រូវបានដឹកនាំដោយអនុប្រធានស.ស.យ.ក. មួយរូបជាប្រធានដឹកនាំកិច្ចប្រជុំ និងផ្តោតលើប្រធានបទធំៗចំនួន០៣ រួមមាន៖

(១) ការរៀបចំរចនាសម្ព័ន្ធ ស.ស.យ.ក. ថ្នាក់ឃុំ សង្កាត់

(២) ការកៀរគរយុវជនចូលរួម ស.ស.យ.ក.

(៣)យុវជនក្នុងបុព្វហេតុជាតិ និងការអភិវឌ្ឍអនាគតប្រកបដោយចីរភាព។

ប្រធានបទនៃកិច្ចពិភាក្សាដែលបានកំណត់ខាងលើនេះ សុទ្ធសឹងតែជាប្រធានបទសំខាន់ៗ ដែលឆ្លើយតបទៅនឹងសកម្មភាពកន្លងមកដែល ស.ស.យ.ក. បាន និងកំពុងបំពេញយ៉ាងសកម្ម និងឆ្លុះបញ្ចាំងពីការងារអាទិភាពស្របតាមចក្ខុវិស័យរបស់ស្ថាប័ន ដើម្បីបន្តបេសកកម្មចូលរួមក្នុងដំណើរការអភិវឌ្ឍនានាលើគ្រប់វិស័យក្នុងប្រទេស។

លទ្ធផលនៃកិច្ចប្រជុំបានគូសបញ្ជាក់យ៉ាងច្បាស់ថា ស.ស.យ.ក. បានទទួលនូវការគាំទ្រយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ពីគ្រប់មជ្ឍដ្ឋានទាំងវិស័យសាធារណៈ និងឯកជន ជាពិសេសលើតួនាទីដ៏សំខាន់ក្នុងការរួមចំណែកជួយសង្គមជាតិ តាមរយៈភាពជាដៃគូសហការយ៉ាងសកម្មជាមួយថ្នាក់នាំ អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធក្នុងថ្នាក់មូលដ្ឋាន ។

គិតត្រឹមឆ្នាំ២០២១ រចនាសម្ព័ន្ធ ស.ស.យ.ក. នៅថ្នាក់រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ វិស័យ និងសមាជិកអង្គនីតិបុគ្គលរបស់ ស.ស.យ.ក. បានរីកធំធាត់គួរឱ្យកត់សម្គាល់ ដោយសមាជិកសរុបមានចំនួន ១៨០.៥៨១ នាក់ (ស្ត្រីស្មើនឹង៤២% នៃសមាជិកសរុប)។

ទន្ទឹមគ្នានេះ បន្ថែមលើការរៀបចំនូវយន្តការច្បាស់លាស់ក្នុងការពង្រឹង និងពង្រីករចនាសម្ព័ន្ធរបស់ខ្លួន ស.ស.យ.ក. ក៏បានបង្កើតឱ្យមានក្រុមប្រឹក្សាយុវជនតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីរួមចំណែកបន្ថែមក្នុងការជួយយុវជនកម្រិតឧត្តមសិក្សាត្រៀមខ្លួន និងចូលរួមចំណែកកសាងសង្គម។

ស្របជាមួយគ្នានេះ ដើម្បីពង្រីកបន្ថែមនូវកម្លាំងយុវជនដែលជាចលករសំខាន់ក្នុងការចូលរួមគាំទ្រ រាជរដ្ឋាភិបាលក្នុងការឆ្លើយតបជាក់ស្តែងទៅនឹងតម្រូវការសង្គម និងការវិវត្តរបស់ប្រទេសជាតិ និងពិភពលោក ស.ស.យ.ក. បាន

និងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបន្ត សកម្មភាពកៀរគរយុវជនតាមរយៈការដាក់ចេញជាចក្ខុវិស័យ និងទិសដៅការងារច្បាស់លាស់ប្រកបដោយភាពបត់បែនខ្ពស់ ទាក់ទាញ ច្នៃប្រឌិត ជាមួយនឹងការដឹកនាំ និងសាមគ្គីភាពជាធ្លុងមួយ ។

ក្រៅពីលទ្ធផលខាងលើ យោងលក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងនៃសហភាពសហព័ន្ធយុវជនកម្ពុជា ជំពូក៤ ប្រការ៥ និង១៦ កិច្ចប្រជុំគណៈកម្មាធិការកណ្តាល

បានសម្រេចធ្វើការបោះឆ្នោតជ្រើសតាំងសមាសភាពសមាជិកគណៈកម្មាធិការកណ្តាលចំនួន ០៩រូបបន្ថែម ហើយសមាសភាពចំនួន ០៣រូប ក្នុងចំណោមនោះរួមមាន៖ លោក ជា សុមេធី លោក កែវ ពិសិដ្ឋ និងលោក កែ សួនសុភាពបានទទួលការគាំទ្រជ្រើសតាំងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក.។

ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការកណ្តាលនាពេលនេះ ក៏បានឈានទៅដល់ការឯកភាពរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេស ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ

ដោយមហាសន្និបាតនោះនឹងមាននូវការរៀបចំជាគណៈកម្មការធ្វើវិសោធនកម្មលក្ខន្តិកៈ ដើម្បីបំពេញបន្ថែមនូវតួនាទីប្រធានកិត្តិយស ក៏ដូចជាដើម្បីបើកផ្លូវឲ្យមានការតែងតាំងសមាជិកគណៈកម្មាធិការកណ្តាលឲ្យមានភាពទូលំទូលាយ និងកាន់តែល្អប្រសើរ។

គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៩ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំរបស់ខ្លួន នៅទឹកដីខេត្តសៀមរាបម្តងរួចមកហើយ ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបាន និងលើកទិសដៅការងារបន្ទាប់ ដែលកិច្ចប្រជុំបែបនេះ ជាដំណើរការជាប្រក្រតីនៃស្ថាប័នយុវជនមួយនេះ។

ដោយឡែកក្នុងឆ្នាំ២០២១ កន្លងទៅនេះ ទោះបីជាស្ថិតក្នុងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក៏សហភាពសហព័ន្ធយុវជនកម្ពុជា

បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំនោះបានអនុញ្ញាតឱ្យសមាជិក សមាជិកាអាចបន្តធ្វើការប្រជុំ ពិភាក្សា និងដឹកនាំការងាររបស់ ស.ស.យ.ក. ដោយសុវត្ថិភាពផងដែរ៕

ដកស្រង់ពី៖ រស្មំីកម្ពុជា