បណ្តាញសង្គម

កម្ពុជា-កូរ៉េ ចាប់ផ្តើម​ដំណើរការ​អនុវត្ត​គម្រោង​“​ការកសាង​ទិន្នន័យ​មូលដ្ឋាន​ស្ថិតិ​ជាតិ​ស្តីពី​ការរាប់​ចរាចរណ៍​ប្រចាំ​ថ្ងៃជា​មធ្យម​ប្រចាំឆ្នាំ​ក្នុងប្រទេស​កម្ពុជា​”

កម្ពុជានិងសាធារណរដ្ឋកូរ៉េចាប់ផ្តើមដំណើរការអនុវត្តគម្រោង“ការកសាងទិន្នន័យមូលដ្ឋានស្ថិតិជាតិស្តីពីការរាប់ចរាចរណ៍ប្រចាំថ្ងៃជាមធ្យមប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា” ។

គម្រោងនេះជាជំនួយរបស់ភាគីកូរ៉េ ហើយកូរ៉េ នឹងចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រល្អៗក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីរាប់ និងព្យាករណ៍កំណើនចរាចរណ៍ប្រចាំថ្ងៃជាមធ្យមប្រចាំឆ្នាំក្នុងប្រទេសកូរ៉េ។

គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធទិន្នន័យស្ថិតិជាតិ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការកសាងសមត្ថភាពមន្ត្រីរាជការក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ភាគីកូរ៉េ និងក្រុមការងារទីប្រឹក្សាបច្ចេកទេសគម្រោង នឹងចុះមកបំពេញបេសកកម្មការងារក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ប្រជុំពិភាក្សា និងចុះពិនិត្យបណ្តាញផ្លូវជាតិសំខាន់ៗដោយផ្ទាល់ ជាមួយអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ និងភាគីពាក់ព័ន្ធ ដើម្បីឱ្យគម្រោងសម្រេចបានជោគជ័យតាមផែនការគ្រោងទុក។

ទាក់ទងនឹងគម្រោងនេះ កាលពីថ្ងៃទី២១ខែមីនា ក្រសួងសាធារណការនិងដឹកជញ្ជូន បានសហការជាមួយធនាគារ Korea Eximbank រៀបចំសិក្ខាសាលាផ្សព្វផ្សាយតាមប្រព័ន្ធវីដេអូ (Zoom) នៃគម្រោងស្តីពី “ការកសាងទិន្នន័យមូលដ្ឋានស្ថិតិជាតិស្តីពីការរាប់ចរាចរណ៍ប្រចាំថ្ងៃជាមធ្យមប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជា (Building National Statistics Database on Annual Average Daily Traffic (AADT) in Cambodia)”។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានផែនការនិងគោលនយោបាយនិងថ្នាក់ដឹកនាំតំណាងឱ្យអគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក រួមទាំងថ្នាក់ដឹកនាំនៃធនាគារ Korea Eximbank ទីប្រឹក្សាបច្ចេកទេសគម្រោង (PEC) និងវិទ្យាស្ថានវិស្វកម្មសំណង់ស៊ីវិល និងបច្ចេកវិទ្យាសំណង់កូរ៉េ (KICT)។

លោក វ៉ា ស៊ឹមសុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា៖គោលបំណងសំខាន់គឺដើម្បីធ្វើការផ្សព្វផ្សាយអំពីការចាប់ផ្តើម ដំណើរការអនុវត្តគម្រោង“ការកសាងទិន្នន័យមូលដ្ឋានស្ថិតិជាតិស្តីពីការរាប់ចរាចរណ៍ប្រចាំថ្ងៃជាមធ្យមប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា

” ដែលជាជំនួយរបស់ភាគីកូរ៉េ និងការចែករំលែកបទពិសោធន៍និងវិធីសាស្ត្រល្អៗក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីរាប់និងព្យាករណ៍កំណើនចរាចរណ៍ប្រចាំថ្ងៃជាមធ្យមប្រចាំឆ្នាំក្នុងប្រទេសកូរ៉េ។

លោកបានបញ្ជាក់ថាគម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធទិន្នន័យស្ថិតិជាតិដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការកសាងសមត្ថភាពមន្ត្រីរាជការក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕

ដកស្រង់ពី៖ រស្មីកម្ពុជា