បណ្តាញសង្គម

ទូតអ៊ីស្លាម ប៉ាគីស្ថានថ្មី ប្រាប់សម្តេចតេជោថា កម្ពុជាអភិវឌ្ឍន៍ស្រស់ស្អាត ជាមួយនឹងពលរដ្ឋ មានភាពរួសរាយរាក់ទាក់

ភ្នំពេញ ៖ លោក ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអ៊ីស្លាមប៉ាគីស្ថានថ្មីប្រចាំនៅកម្ពុជា បានលើកសរសេរពីកម្ពុជានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថា កម្ពុជាមានការអភិវឌ្ឍ ស្រស់ស្អាតជាមួយនឹងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។

នេះជាការលើកឡើងរបស់លោក ក្នុងជំនួបជាមួយសម្តេចតេជោ នៅព្រឹកថ្ងៃ២២ មីនា ។ លោកទូតថ្មីប្រាប់សម្តេចបន្តថា ប៉ាគីស្ថានចាត់ទុកកម្ពុជាជាដៃគូសំខាន់ ។

ក្នុងន័យនេះ លោកថា បេសកកម្មការទូតមកកាន់កម្ពុជានេះ នឹងបន្តសកម្មភាពដែលមានស្រាប់ផង នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មីមួយទៀត

ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ចំពោះការលើកឡើងរបស់ លោក ហ្សាហ៊ីរូឌីន បាបា សាហ៊ីម និងបានលើកទឹកចិត្តឲ្យលោកពិនិត្យមើលសក្តានុពលផ្សេងៗទាំងឡាយដែលប្រទេសទាំងពីរអាចធ្វើបាន

ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលមានសារសំខាន់សម្រាប់បំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែលមានទំនាក់ទំនងដែលអាចចាត់ទុកថា ជាវ័យចំណាស់មួយ រហូតដល់៧០ឆ្នាំហើយក្នុងឆ្នាំនេះ ។

សម្ដេចតេជោបន្តប្រាប់លោកទូតថ្មីថា ក្នុងក្របខណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បានក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញ ក្នុងគ្រាកំពុងរៀនរស់នៅជាមួយវិបត្តិកូវីដ១៩៕

ដកស្រង់ពី៖ ដើមអម្ពិល