បណ្តាញសង្គម

សម្ដេច​តេ​ជោ ហ៊ុន សែន សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​២១ ចាប់ពី​រង្វង់​មូល​ក្រុង​តា​ខ្មៅ​ដល់​ស្ពាន​ជ្រៃ​ធំ (​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​)

ខេត្តកណ្តាល ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែង៦៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុង

តាខ្មៅដល់ស្ពានជ្រៃធំ (ព្រំប្រទល់កម្ពុជា-វៀតណាម) ដោយមានការចូលរួមពីឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់ឥណទានសម្បទាន និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់

ដើម្បីចូលរួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ។

ឆ្លៀតក្នុងឱកាសនោះ ក៏បានថ្លែងអំណរគុណជូនចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច

និងហិរញ្ញវត្ថុ មូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) អាជ្ញាធរដែនដីខេត្តកណ្តាល និងបងប្អូនប្រជាពលរដ្ឋ ដែលមានដីធ្លី និងផ្ទះសម្បែងស្ថិតនៅជិតការដ្ឋានសាងសង់ផ្លូវជាតិលេខ២១ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់ និងស្តារឡើងវិញនេះ អាចដំណើរការទៅបានដោយរលូនប្រកបដោយជោគជ័យ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ផងដែរពីសារសំខាន់នៃផ្លូវជាតិលេខ២១ ដែលជាខ្សែផ្លូវយុទ្ធ សាស្ត្រតភ្ជាប់រាជធានីភ្នំពេញជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ៖

ផ្លូវជាតិលេខ២ (ត្រង់ រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុង-ស្រុក ចំនួន៣ រួមមាន៖ ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀត ណាម (ជ្រៃធំ-ឡុងប៊ិញ) ។

ខ្សែផ្លូវនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ សម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន ។

រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍បន្ថែមថា ខ្សែផ្លូវនេះគឺជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលជាច្រើននៅពាសពេញផ្ទៃប្រទេស ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលុបដល់ បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត ទឹកចិត្តស្នេហាជាតិ មាតុភូមិ និងប្រជាជនដ៏មោះមុត និងបញ្ញាញាណដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាបិតាស្ថាបនិក និងជានិមិត្តរូប នៃសុខសន្តិភាព ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយបានសង្កត់ធ្ងន់ថា៖ “គ្មានសន្តិភាព គ្មានក្ដីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។

គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ” នោះឡើយ និង បានសម្តែងនូវគារវភក្តីប្រកបដោយមោទភាពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះគំរូវីរៈភាពដ៏អង់អាចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តក្នុងបុព្វហេតុជាតិមាតុភូមិ ដឹកនាំកម្ពុជា ឱ្យទទួលបានការអភិវឌ្ឍរីកចម្រើនដូចនាពេលបច្ចុប្បន្ន មានភាពល្បីល្បាញនៅក្នុងតំបន់ និងខ្ពស់មុខខ្ពស់មាត់នៅលើឆាកអន្តរជាតិ ។

លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ និងសូមកុំដឹក លើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដើម្បីការពារនូវអាយុជីវិត កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវរបស់យើងមុនអាយុកាលកំណត់ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីទំនាក់ទំនងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដែលក្នុងនោះរួមមាន ៖

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានជា ច្រើនដែលបានបញ្ចប់ការសាងសង់ជាស្ថាពរ គម្រោងសំខាន់ៗមួយចំនួនផ្សេងទៀត ដែលបាននិងកំពុង បន្តការសាងសង់ និងត្រៀមអនុវត្តគម្រោងថ្មីៗជាច្រើនទៀត នាពេលខាងមុខនេះផងដែរ ។

ក្នុងនាមប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េជាមិត្ត ដែលបាននិងកំពុងបន្តផ្តល់ជំនួយ

និងកិច្ចសហប្រត្តិបត្តិការល្អ និងវិនិយោគក្នុងការជួយអភិវឌ្ឍវិស័យជាច្រើន រួមទាំង ការជួយអភិវឌ្ឍធនធានមនុស្ស និងការទទួលយកពលករកម្ពុជាជាច្រើនទៅបម្រើការងារនៅប្រទេសកូរ៉េក្នុងលក្ខខណ្ឌល្អប្រសើរគួរជាទីទុកចិត្ត ក៏ដូចជាការលើកទឹកចិត្តភ្ញៀវទេសចរណ៍កូរ៉េឱ្យមកទស្សនា នៅកម្ពុជា ។

សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវជាតិលេខ២១ ត្រូវបានសាងសង់ជា ២ដំណាក់កាលគឺ៖ ដំណាក់កាលទី១៖ កំណាត់ផ្លូវប្រវែង ៥៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទៅដល់ឃុំព្រែកស្តី ស្រុកកោះធំ (គីឡូម៉ែត្រលេខ៥៥) បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០១៥ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅអំឡុងខែតុលា ឆ្នាំ២០១៧ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣០ខែ រួមមាន៖

១) កំណាត់ផ្លូវ៤គន្លង៖ មានប្រវែង ១០,៧៥គីឡូម៉ែត្រ ទទឹងសរុប ២១ម៉ែត្រ បែងចែកទិសដៅចរាចរណ៍ជា២ (២គន្លងទៅ ២គន្លងមក) គន្លងនីមួយៗមានទទឹងតួផ្លូវ ៣,៥ម៉ែត្រ

២) កំណាត់ផ្លូវ២គន្លង៖ មានប្រវែង ៤៤,២៥គីឡូម៉ែត្រ ទទឹងសរុប ១១ម៉ែត្រ បែងចែកទិសដៅចរាចរណ៍ជា២ (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹងតួផ្លូវ ៣,៥ម៉ែត្រ

៣) សាងសង់ស្ពានថ្មី ៤៩កន្លែង ប្រវែង ១១៧៩ម៉ែត្រ ជួសជុលស្ពានចាស់ ៤កន្លែង ប្រវែង ១៧១ម៉ែត្រ ដាក់លូជ្រុង ១០កន្លែង និងលូមូល ១កន្លែង ព្រមទាំងការងារបំពាក់បរិក្ខារផ្លូវថ្នល់ ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ផងដែរ ។

ដោយឡែក ដំណាក់កាលទី២៖ កំណាត់ផ្លូវប្រវែង ៨,៦គីឡូម៉ែត្រ ចាប់ពីឃុំព្រែកស្តី (គីឡូម៉ែត្រលេខ៥៥) ទៅដល់ស្ពានជ្រៃធំ (គីឡូម៉ែត្រលេខ ៦៣+៦) មានទទឹងតួផ្លូវសរុប ១១ម៉ែត្រ ត្រូវបានស្ថាបនាជា ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹងតួផ្លូវ ៣,៥ម៉ែត្រ សាងសង់ស្ពានថ្មី ១២កន្លែង ប្រវែង៣៩៦ម៉ែត្រ រួមទាំងការងារបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់។

កំណាត់ផ្លូវនេះ ប្រើប្រាស់រយៈពេលសាងសង់ ១៦ខែ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ និងបាន ស្ថាបនារួចរាល់ជាស្ថាពរនៅអំឡុងខែកក្កដា ឆ្នាំ២០១៩ ។

ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដាសាន់ (DASAN Consultants Co., Ltd)

បានចំណាយថវិកាសាងសង់សរុប ៦០,៩២លានដុល្លារ អាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា

សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ៕

ដកស្រង់ពី៖ កោះសន្តិភាព