បណ្តាញសង្គម

នៅ​ឆ្នាំ​២០២១ មូលនិធិ​ព្រី​នស៍ វិនិយោគ​ជិត​៥​លាន​ដុល្លារ លើ​វិស័យ​អប់រំ ការថែទាំ​សុខភាព និង​សហគមន៍​

ភ្នំពេញ៖ មូលនិធិព្រីនស៍(Prince Foundation) ដែលជាមូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប(ហៅកាត់ថា «ព្រីនស៍ គ្រុប») ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ខ្លួននៅថ្ងៃទី២៣ខែមីនានេះ។

របាយការណ៍នេះបានបង្ហាញពីគំនិតផ្តួចផ្តើមពេញមួយឆ្នាំរបស់មូលនិធិដែលមានលក្ខណៈរួមបញ្ចូលនិងបានធ្វើសមាហរណកម្មខិតទៅជិតគោលដៅអភិវឌ្ឍន៍ ជាតិរបស់កម្ពុជា។ទឹកប្រាក់ជាង៤,៥លានដុល្លារត្រូវបានបែងចែកជាចម្បងលើការថែទាំសុខភាពរីឯមូលនិធិដែលនៅសល់ត្រូវបានដាក់បញ្ចូលទៅក្នុងគំនិតផ្តួចផ្តើមក្នុងវិស័យអប់រំនិងការចូលរួមរបស់សហគមន៍ ដោយប្រកាន់ខ្ជាប់ការយកចិត្តទុកដាក់លើវិស័យបី។

មិនតែប៉ុណ្ណោះ មូលនិធិព្រីនស៍ ក៏បានធ្វើការបរិច្ចាគទឹកប្រាក់ ៣ លានដុល្លារ ក្នុងការចូល រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងប្រទេសឡាវ ដើម្បីជួយឲ្យប្រទេសនេះទទួលបានវាក់សាំងចំនួនមួយលានដូស។អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖

«ដោយសារយើង ធ្លាប់បានទទួលនូវភាពជោគជ័យពីការអនុវត្តវិធីសាស្ត្រយុទ្ធសាស្ត្រនៃការវិនិយោគលើវិស័យអភិវឌ្ឍន៍អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន ខ្ញុំជឿជាក់ថាវិធីសាស្ត្រស្រដៀងគ្នានេះរបស់មូលនិធិនឹងផ្តល់ផលល្អជាច្រើនបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា»។

របាយការណ៍ប្រចាំឆ្នាំនេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិឆ្ពោះទៅរកការអនុវត្តយុទ្ធសាស្ត្រនិងការវិនិយោគតម្រង់ទិសថ្មីរបស់ខ្លួនឡើងវិញនៅឆ្នាំ ២០២១ ដោយបានបញ្ចូលនូវសេចក្តីថ្លែងការណ៍បេសកកម្មថ្មីមួយគឺ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។

ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលសំខាន់ៗ ដែលមូលនិធិព្រីនស៍បានសហការ និងធ្វើការជាមួយ ដូចបានបង្ហាញក្នុងរបាយការណ៍ រួមមានកាកបាទក្រហមកម្ពុជា, អង្គការ Caring for Cambodia ដែលជាអង្គការសប្បុរសធម៌ផ្តោតលើវិស័យអប់រំ និងអង្គការម្លប់តាប៉ាង (M’Lop Tapang) ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុដែលធ្វើការជាមួយកុមារប្រឈមនឹងហានិភ័យ។

ការប្តេជ្ញាមួយទៀតរបស់មូលនិធិព្រីនស៍ក្នុងការផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈនៅកម្ពុជា ក៏មានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជាផងដែរ តាមរយៈការគាំទ្រពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ (Prince Horology) ដែលជាសាលាបង្រៀនធ្វើនាឡិកាស្តង់ដារប្រទេសស្វីស ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លីមុនពេលចាប់ផ្តើមនៃជំងឺរាតត្បាត។

មូលនិធិត្រូវបានផ្តោតជាសំខាន់លើការបង្កើតផលវិជ្ជមានរយៈពេលវែងតាមរយៈគម្រោងផ្សេងៗរបស់ខ្លួន។ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបបានឲ្យដឹងថា៖

«ក្នុងភាពជាដៃគូនាពេលអនាគត យើងនឹងស្វែងរកអង្គការមិនមែនរដ្ឋាភិបាលដែលមានភាពជាក់លាក់ មាននិរន្តរភាព និងជាអង្គការដែលមានការអនុវត្តផ្ទាល់ ដែលយើងជឿជាក់ថាវានឹងបង្កើននូវតម្លៃសង្គមនៃការវិនិយោគរបស់យើងឲ្យកាន់តែប្រសើរថែមទៀត»។

ដូចបានគូសបញ្ជាក់ផងដែរនៅក្នុងរបាយការណ៍នេះ មូលនិធិព្រីនស៍នឹងបង្វែរការផ្តោតយកចិត្តទុកដាក់ពីកម្មវិធីគំនិតផ្តួចផ្តើមទាក់ទងនឹងជំងឺកូវីដ-១៩ ទៅជាការផ្តល់ជំនួយសប្បុរសធម៌ផ្នែកអប់រំវិញម្តង។

អ្វីដែលពិសេសជាងនេះទៀត គឺអាហារូបករណ៍ ចេន ហ្ស៊ី(Chen Zhi)ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារយៈពេលប្រាំពីរឆ្នាំជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤០០ នាក់ ដើម្បីសិក្សានៅតាមសកលវិទ្យាល័យដ៏ល្បីល្បាញក្នុងស្រុក។

របាយការណ៍ប្រចាំឆ្នាំក៏បានសបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់មូលនិធិព្រីនស៍ចំពោះប្រជាជនកម្ពុជាដោយប្រកាន់យកវិធីសាស្ត្រភាពជាដៃគូពហុភាគីជាយុទ្ធសាស្ត្រ ដើម្បីឲ្យប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។

ក្នុងរយៈពេលប្រាំមួយឆ្នាំ កន្លងមក មូលនិធិព្រីនស៍បានបរិច្ចាគទឹកប្រាក់ជាង ១៤ លានដុល្លារ ដែលបានជួយទៅដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់៕

ដកស្រង់ពី៖ រស្មីកម្ពុជា