បណ្តាញសង្គម

ឋមន្ត្រីក្រសួង​ព័ត៌មាន ​៖ ​អ្នក​សារព័ត៌មានមាន​វិជ្ជាជីវៈ​អាច​ជួយ​ថ្នាក់ដឹកនាំ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​បាន

រាជធានីភ្នំពេញ ៖ ដើម្បីជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មានរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា អ្នកសារព័ត៌មានអាជីព និងគោរពវិជ្ជាជីវៈអាចសរសេរអត្ថបទរបស់ខ្លួនរហូតធ្វើឲ្យថ្នាក់ដឹកនាំសម្រេចចិត្តធ្វើអ្វីមួយបាន ។

ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងក្នុងពិធីប្រគល់ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាលចាប់ពីទស្សរ៍៧០ រហូតដល់បច្ចុប្បន្ន នាព្រឹកថ្ងៃទី២៤ មីនា នេះថានៅពេលមានសន្តិភាព គេមិនសូវឲ្យតម្លៃអ្នកសារព័ត៌មាននោះទេ ប៉ុន្តែអ្នកព័ត៌មានចាំបាច់ណាស់ ក្នុងការទាមទារចំណេះដឹងច្រើន និងជំនាញ ។

ឯកឧត្តមបញ្ជាក់ថា ៖«អ្នកព័ត៌មានប្រៀបដូចជា ខ្យល់នៅក្នុងបាល់អីញ្ចឹង ហើយអ្នកសារព័ត៌មានមួយដែលមានវិជ្ជាជីវៈត្រឹមត្រូវធ្វើការប្រកបដោយសីលធម៌ អាចជួយសង្គ្រាមជាតិបានច្រើន មិនមែនជួយតែប្រជាជនធម្មតានោះទេ ជួយរហូតដល់ដល់ដឹកនាំប្រទេសក្នុងការ សម្រេចចិត្តមួយដ៏ត្រឹមត្រូវបាន ដូច្នេះអ្នកសារព័ត៌មានសំខាន់» ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកឡើងទៀតថា នៅក្នុងសង្គមបច្ចុប្បន្នអ្នកសារព័ត៌មានក៏បានធ្លាក់ចុះពិសេសអ្នកសារព័ត៌មាននៅតាមបណ្តារាជធានីខេត្ត ។

គេមិនបន្ទោសអ្នកសារព័ត៌មានពេញលេញទេ ប៉ុន្តែគេបន្ទោសអ្នកដែលតាំងខ្លួនជាអ្នកកាសែត ។

ឯកឧត្តមក៏បានបន្តថា ការលើកកម្ពស់តួនាទីអ្នកសារព័ត៌មាន គឺមានភាពចាំបាច់ណាស់ ដើម្បីចូលរួមចំណែកទាំងអស់គ្នា ក្នុងសង្គមជាតិយើង ។

ដូច្នេះការផ្ទេរចំណេះផ្នែកអ្នកសារព័ត៌មានពីជំនាន់មួយទៅជំនាន់មួយសំខាន់ណាស់ ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ៖«ការផ្ទេរចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយសំខាន់ណាស់មិនថា ចំណេះដឹងអាក្រក់ ឬល្អនោះទេ»។

រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានលើកឡើងថា នៅសង្គមសម័យដើមអ្នកសរសេរកាសែតមានពីរបែប គឺ១.អ្នកអត់ចេះអ្វី តែគាត់ចូលចិត្តសរសេរកាសែត គាត់ធ្វើកាសែត និង២.អ្នកមានចំណេះដឹងខ្ពស់ដែលអ្នកនោះចូលចិត្តសរសេររឿងនយោបាយ និងសង្គមជាតិធំៗតែម្តង ។

ឱកាសនោះដែរឯកឧត្តមក៏បានឲ្យដឹងថា តួនាទីអ្នកកាសែតក្រោយឆ្នាំ១៩៧៩ត្រូវបានគេឲ្យតម្លៃច្រើន ដោយអ្នកខ្លះចូលបំរើការការងារមានការប្រឡងចូល ។

ប៉ុន្តែអាលូវនេះអ្នកកាសែតមិនប្រឡងទេឲ្យអ្នកចូលចិត្តសរសេរអាចធ្វើបាន ហើយពួកគេគិតថា ការងានេះជាការងារសេរី ។

អ្នកខ្លះធ្វើជាអ្នកកាសែតរួចហើយ ទើបចូលសាលាក្រោយទើបគេយល់ដឹងពីវិជ្ជាជីវៈ និងសិទ្ធិរបស់គេ ។

ឯកឧត្តមក៏បានលើកឡើងទៀតថា សម្រាប់ការប្រគល់ពានរង្វាន់ថ្ងៃនេះ ដើម្បីភ្ជាប់អ្នកធ្វើការកាសែតជំនាន់មុន និងអ្នកកាសែតជំនាន់ក្រោយផងដែរ ។

ជាងនេះធ្វើឲ្យអ្នកកាសែតជំនាន់មុនស្រឡាញ់អ្នកកាសែតជំនាន់ក្រោយមិនមែនអាងអ្នកកាសែតជំនាន់មុនមើលងាយអ្នកកាសែតជំនាន់ក្រោយនោះទេ ។

សូមជម្រាបថាពិធីប្រគល់«ពានរង្វាន់អ្នកសារព័ត៌មាន៥សម័យកាលចាប់ពីទស្សរ៍៧០ ដល់បច្ចុប្បន្ន» មានអ្នកសារព័ត៌មានមកពីស្ថាប័នព័ត៌មានផ្សេងៗគ្នាចំនួន១៤រូបបានទទួលពាន ៕

ដកស្រង់ពិ៖ កោះសន្តិភាព