បណ្តាញសង្គម

​អង្គការ AIP ចង់​ឲ្យ​ភាគី​រោងចក្រ បញ្ចូល​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ ក្នុង​បទបញ្ជាផ្ទៃក្នុង ដើម្បី​លើកកម្ពស់​ចំណេះដឹង​

ភ្នំពេញ៖ លោកតំណាងឲ្យអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ហៅកាត់ អេអាយភី (AIP) បានលើកឡើងថាៈ យ៉ាងហោចណាស់ លោក-អ្នក គួរពិនិត្យ លទ្ធភាពបង្កើតឱ្យមាន ឬដាក់បញ្ចូល និងអនុវត្តនូវគោលនយោបាយ -បទបញ្ជាផ្ទៃក្នុង អំពីសុវត្ថិភាពចរាចរណ៍ នៅរោងចក្ររបស់ខ្លួន និងជំរុញការផ្សព្វផ្សាយអប់រំ ដល់បុគ្គលិក កម្មករ និយោជិត ឲ្យបានជាប់ជាប្រចាំ ដើម្បីបង្កើនចំណេះដឹង។

លោក គឹម បញ្ញា នាយកអង្គការ AIP នៅក្នុងសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការចែករំលែក បទពិសោធន៍ និងការអនុវត្ត អំពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ និយោជិត កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ

នៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ ការស្នើសុំឲ្យដាក់បញ្ចូល និងអនុវត្តនូវគោលនយោបាយ -បទបញ្ជាផ្ទៃក្នុង អំពីសុវត្ថិភាព ចរាចរណ៍នេះ ក្នុងគោលបំណងបង្កើនចំណេះដឹង និងកែប្រែឥរិយាបទ របស់បុគ្គលិក កម្មករ

និយោជិត ព្រមទាំងលើកឡើង នូវក្តីកង្វល់ឲ្យបានកាន់តែទូលំទូលាយ និងធ្វើការទាក់ទាញ មតិគាំទ្រពី ស្ថាប័នរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ក្នុងឧស្សាហកម្ម ដើម្បីដោះស្រាយ បញ្ហាប្រឈម នៃសុវត្ថិភាព ក្នុងការធ្វើដំណើរ ទៅមកបំពេញការងារ

របស់កម្មករ និយោជិត ឲ្យបានកាន់តែប្រសើរ ជាពិសេសសម្រាប់កម្មករ និយោជិត ដែលធ្វើដំណើរ តាមរថយន្ត ដឹកជញ្ជូនរួម។

ជាមួយគ្នានេះ លោកនាយក បានស្នើសុំបន្ថែម ទៅដល់ស្ថាប័នរាជរដ្ឋាភិបាល ជាពិសេស គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សូមពិនិត្យលទ្ធភាពណែនាំ

និងកំណត់ឱ្យរោងចក្រ សហគ្រាស នៅទូទាំងប្រទេស បង្កើត និងអនុវត្តគោលនយោបាយ ឬបញ្ជាផ្ទៃក្នុង សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅកម្រិត រោងចក្រ និងអនុវត្តសកម្មភាពនានា ឱ្យបានជាទៀងទាត់ និងផ្តល់ការគាំទ្របច្ចេកទេស សមស្របដល់រោងចក្រ សហគ្រាស ក្នុងការអនុវត្តនូវ គោលនយោបាយ និងសកម្មភាព របស់ពួកគេ ដែលនឹងបង្កើតឡើង។

លោកបានបន្តថាៈ ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ និយោជិត ឬនិយាយបែបម្យ៉ាងទៀតថា ការពារកម្មករ និយោជិត ដែលជាអ្នករួមចំណែក យ៉ាងសំខាន់ (តាមរយៈការផ្តល់កម្លាំងពលកម្ម និងចំណូល) ចំពោះការរីកចម្រើន របស់រោងចក្រ សហគ្រាស គ្រួសារ សហគមន៍ ដែលគាត់រស់នៅ និងសេដ្ឋកិច្ចជាតិផង ពីគ្រោះថ្នាក់ចរាចរណ៍

គឺជាការការពារ ការខាតបង់ របស់រដ្ឋាភិបាល រោងចក្រ អ្នកពាក់ព័ន្ធ ក្នុងឧស្សាហកម្ម និងសង្គមទាំងមូល។តាមរយៈអង្គប្រជុំនេះដែរ លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន

និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ បានមានប្រសាសន៍ថាៈ ភាគីរោងចក្រ គួរយកចិត្តទុកដាក់បន្ថែមទៀត ដល់កម្មករ និយោជិត ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដល់ពួកគាត់ និងសុំពិចារណា ទៅលើទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

យោងតាមទិន្នន័យរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រោះថ្នាក់កើតឡើង សរុប ២៥៦ លើក បណ្តាលឲ្យស្លាប់ ១៤៣ នាក់ និងរបួស ៣៤៩ នាក់ (ធ្ងន់ ២១៩ នាក់)។

លោកបានបន្ថែមថាៈ ក្នុងចំណោមអ្នកស្លាប់ ជាអ្នកជិះម៉ូតូ ចំនួន ៨៣ ភាគរយ (១១៩/១៤៣នាក់) ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ៨១ ភាគរយ (៩៦/១១៩នាក់)។

លោកអនុរដ្ឋលេខាធិការ បានលើកឡើងបន្តថាៈស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២២នេះ មាននិន្នាការកើនឡើង ទាំងករណីគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួស ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ដែលបង្កឡើង ដោយសារការបើកបរ លើសល្បឿនកំណត់ ការមិនគោរពសិទ្ធិជាអាទិភាព មិនប្រកាន់ស្តាំ ការបត់ និងការវ៉ាជែង ទាំងប្រថុយប្រថាន ការមិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាព និងបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង។

សិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការចែករំលែកបទពិសោធន៍ និងការអនុវត្ត អំពីការលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ និយោជិត ខាងលើ រៀបចំឡើង រយៈពេលមួយថ្ងៃពេញ ក្នុងគោលបំណងបង្កើតឲ្យមានវេទិកា ជួបជុំគ្នា

នៃអ្នកតំណាង មកពីរោងចក្រដៃគូ ក្រុមអ្នកបញ្ជាទិញ សហជីព តំបន់សេដ្ឋកិច្ចពិសេស សមាគមអ្នកបើកបរ អ្នកពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួម ក្នុងការអនុវត្តកម្មវិធី ដើម្បីជំរុញការបន្ត កិច្ចសន្ទនា

និងឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ការអនុវត្តយុទ្ធសាស្ត្រសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ព្រមទាំងអនុវត្ត ឲ្យបានកាន់តែទូលំទូលាយ នូវគំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធ៕

ដកស្រង់ពី៖ រស្មីកម្ពុជា