បណ្តាញសង្គម

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ដំណើរការ អគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ផាក ហ៉ឹងក្យុង ឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា អញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលបានប្រសូត្រចេញមកពីផ្លែផ្កានៃ «គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង»។

រយៈពេលបួនឆ្នាំ បន្ទាប់ពីការចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សា (RoD) លើ«គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង»

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានប្រគល់អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃសរុបក្នុងគម្រាងទាំងមូល ៨លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា។

អគារជំងឺត្រចៀក ច្រមុះ បំពង់ក ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការព្យាបាលឯកទេសសម្រាប់អ្នកដែលមានបញ្ហាត្រចៀក ច្រមុះ និងបំពង់ក។

អគារមានកម្ពស់ប្រាំជាន់បំពាក់ដោយឧបករណ៍ទំនើបសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ ត្រូវបានសាងសង់នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីជួយកែលម្អសេវាវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យនេះ។

អគារជំងឺត្រចៀក ច្រមុះ បំពង់ក ថ្មីនេះមានទំហំសរុប ៤,១៧៧.៩៤ម៉ែត្រការ៉េ មានគ្រែសរុបចំនួន ១២៨គ្រែ រួមមាន៖ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ បន្ទប់វះកាត់ បន្ទប់ក្រោយវះកាត់ និងបន្ទប់សង្គ្រោះបន្ទាន់។

ក្រៅពីការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកត្រូវបានធ្វើឱ្យប្រសើរឡើងតាមរយៈការផ្តល់នូវកម្មវិធីបណ្តុះបណ្តាលក្នុងសេវាកម្ម និងការផ្ទេរចំណេះដឹងកម្រិតខ្ពស់

និងការចែករំលែកបទពិសោធន៍ពីវេជ្ជបណ្ឌិតកូរ៉េផងដែរ។ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់ អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។

អគារចក្ខុរោគ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៥។ អគារនេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពី KOICA ដោយចំណាយទឹកប្រាក់ចំនួន ៥.៥លានដុល្លារសហរដ្ឋអាមេរិក។

អគារនេះមាន ៧៥បន្ទប់ រួមទាំងបន្ទប់ពិនិត្យអ្នកជំងឺក្រៅ បន្ទប់អ្នកជំងឺសម្រាកពេទ្យ និងបន្ទប់វះកាត់។

អគារចក្ខុរោគ បានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនៃការស្រាវជ្រាវជំងឺភ្នែក និងសេវាវេជ្ជសាស្រ្ត ហើយរួមចំណែកដល់អត្រានៃការបង្ការពិការភ្នែក និងការកែលម្អសេវាថែទាំភ្នែកទូទៅក្នុងប្រទេសកម្ពុជា។

មុនពេលសាងសង់អគារចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ មន្ទីរពេទ្យព្រះអង្គឌួងមានសមត្ថភាពទទួលអ្នកជំងឺប្រមាណតែ ៣០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

បន្ទាប់ពីការសាងសង់អគារនេះ គិតត្រឹមឆ្នាំ២០២១ មន្ទីរពេទ្យមានសមត្ថភាពទទួលអ្នកជំងឺបានចន្លោះ ១,០០០នាក់ រហូតដល់មួយ១,៥០០នាក់ក្នុងមួយថ្ងៃ៕

ដកស្រង់ពី៖ Fresh News