បណ្តាញសង្គម

អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម៖ កម្ពុជាកំពុងត្រូវការគណនេយ្យករជាច្រើនទៀត ដើម្បីធានាផ្តល់សេវាសវនកម្ម !

 

(ភ្នំពេញ)៖ លោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម បានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងត្រូវការគណនេយ្យករច្រើនទៀត ដើម្បីធានាឱ្យបាននូវភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់សេវាសវនកម្ម នៅក្នុងទីផ្សារទាំងនៅពេលនេះ និងក្នុងពេលអនាគត។

លោក ប៊ូ ថារិន បានលើកឡើងដូចនេះ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនតាមប្រព័ន្ធវីដេអូអនឡាញ ក្នុងសិក្ខាសាលា ដែលបានរៀបចំឡើងដោយក្រុម សវនកម្មខេមអេដ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា

-កូរ៉េ (CKCC) ក្រោមប្រធានបទ «Audit Beyond Pandemic: Private and Public Sectors» និងមានការចូលរួមពីវាគ្មិនលោក ប៉ូ ជាអ៊ុយ ប្រធានផ្នែកសវនកម្មផ្ទៃក្នុងរបស់ធនាគារ ABA និងអ្នកនាង វ៉ា សុភក្រ័ អនុប្រធានគ្រប់គ្រង

និង Audit and assurance of Deloitte (Cambodia) Co.,Ltd. និងលោក Cassey Barnett នាយកសាលា CamEd Business school រួមទាំងមានសិក្ខាកាមជាច្រើនរូបទៀត។

លោក ប៊ូ ថារិន បានថ្លែងដូចនេះថា «កម្ពុជាកំពុងត្រូវការគណនេយ្យករច្រើនទៀត ដើម្បីធានាឱ្យបាននូវភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់សេវាសវនកម្ម នៅក្នុងទីផ្សារទាំង នៅពេលនេះ

និងក្នុងពេលអនាគត [..] សព្វថ្ងៃនេះចំនួន សវនករ ជាជនជាតិខ្មែរនៅមានតិច ហើយទៅថ្ងៃខាងមុខ នៅក្នុងក្របខណ្ឌច្បាប់ យើងកំពុងតែរៀបចំប្រកាស ស្តីអំពីការផ្តល់អាជ្ញាបណ្ណ យើងមានគម្រោងថា នឹងរឹតត្បិតជនបរទេស

ដើម្បីមានសិទ្ធិក្នុងការចុះហត្ថលេខាលើរបាយការណ៍សវនកម្ម មានន័យថា ត្រូវឱ្យមាន CTA ដែលជាជនជាតិខ្មែរគ្រប់គ្រាន់ ដើម្បីទទួលយកនូវសេចក្តីត្រូវការសេវាសវនកម្ម ឬដើម្បីផ្តត់ផ្តង់នូវទីផ្សារនៃសេវាសវនកម្មនេះ»។

លោក ប៊ូ ថារិន បានបន្ថែមទៀតថា ទោះបីជាពិភពលោក ក៏ដូចជាកម្ពុជាកំពុងស្ថិតនៅក្នុងបរិការណ៍នៃជំងឺកូវីដ១៩ ក៏ស្វ័យសវនកម្មមានការកើនឡើងដែរ

ហើយសម្រាប់ចំណូលសាពើពន្ធក៏មានការកើនឡើងដូចគ្នា ដែលនេះគឺបានបង្ហាញថា ដោយសារមានការជំរុញនៃកំរិតនៃតម្លាភាពនៃរបាយការណ៍ហិរញ្ញវត្ថុ បញ្ជីគណនេយ្យរបស់សហគ្រាស ដែលមានសេវាសវនកម្មបានជួយនោះ បានធ្វើឱ្យចំណូលសារពើពន្ធមានការកើនឡើង ទោះបីជាស្ថិតនៅក្នុងដំណាក់កាលមួយ ដែលសេដ្ឋកិច្ច មានកំណើនតិចតួច ក៏ដោយ។

អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម បានបញ្ជាក់ទៀតថា តួនាទីសវនកម្ម គឺអាចជួយឱ្យគាំទ្រដល់និរន្តភាពនៃការផ្តល់ហិរញ្ញប្បទាន និងឥណទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុដល់សហគ្រាស ម្យ៉ាងទៀតការធ្វើសវនកម្ម គឺអាចជួយក្នុងការសន្សំសំចៃចំណាយ ក្នុងប្រតិបត្តិការអាជីវកម្ម តាមរយៈការផ្តល់យោបល់ពីសវនករ នៅពេលដែលបានធ្វើសវនកម្ម។

ជាមួយគ្នានោះលោកក៏បានវាយតម្លៃខ្ពស់ ចំពោះសាលាខេមអេដ ដែលបានដើរតួនាទីសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនចំនួនគណនេយ្យករ

ដែលមានគុណភាព ហើយមានតែសាលាខេមអេដ តែមួយគត់ ដែលមានគុណវុឌ្ឍិខ្ពស់គ្រប់គ្រាន់ ក្នុងការបណ្តុះបណ្តាលកម្មវិធីគណនេយ្យករជំនាញ ដែលមានការទទួលស្គាល់ជា

លក្ខណៈអន្តរជាតិ និងបានអរគុណដល់សាលាគណៈគ្រប់គ្រងសាលា ខេមអេដ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងបេសកកម្មកសាងមូលធនមនុស្ស ដែលឆ្លើយតបនឹងតម្រូវការក្នុងទីផ្សារផងដែរ៕

ដកស្រង់ពី៖ Fresh News