បណ្តាញសង្គម

មន្រ្តីជាន់ខ្ពស់អង្កការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យមីន ក្នុងអាណតិ្តបេសកកម្មរយៈពេល៤ឆ្នាំ នៅកម្ពុជា

(ភ្នំពេញ)៖ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យមីនក្នុងអាណតិ្តបេសកកម្មរយៈពេល ០៤ឆ្នាំនៅកម្ពុជា។

ការវាយតម្លៃនេះបានធ្វើឡើង ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងឱកាសដែលលោកស្រីចូលជួបសម្តែងការគួរសម និងជម្រាបលា ការងារ។

លោកស្រី Pauline Tamesis បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យកម្ពុជាមានការប្រែប្រួលមុខមាត់ខ្លាំង ដែលលោកស្រីបានមើលឃើញយ៉ាងច្បាស់ក្នុងអាណត្តិបេសកកម្មរបស់លោកស្រីនៅកម្ពុជា។

ក្នុងនោះផងដែរ លោកស្រី Pauline Tamesis បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យមីនកម្ពុជា ក្រោមការងារសម្របសម្រួល និងដឹកនាំរបស់អាជ្ញាធរមីន។

លោកស្រី នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា និងបន្តកៀរគរធនធានគាំទ្រដល់គោលដៅរបស់កម្ពុជារហូតដល់ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកស្រី បានវាយតម្លៃចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យដឹកនាំយ៉ាងច្បាស់លាស់ ដោយបានដាក់បញ្ចូលការងារសកម្មភាពមីនក្នុងគោលដៅទី១៨ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងគោលនយោបាយសំខាន់ៗសម្រាប់អភិវឌ្ឍន៍ជាតិ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់លោកស្រី Pauline Tamesis ដែលបានផ្តល់នូវភាពជាមិត្ត ជាដៃគូរ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាល

និងប្រជាជនកម្ពុជា ព្រមទាំងបានគាំទ្រដល់កិច្ចដំណើរការថែរក្សាសន្តិភាព ក៏ដូចជាការងារបោសសម្អាតមីន ក្នុងអាណត្តិបេសកកម្មរបស់លោកស្រី។

លោកបានបន្តទៀត ចាប់តាំងពីផ្តើមដំណើរបេសកកម្មរបស់លោកស្រីអ្នកសម្របសម្រួល UN ប្រចាំនៅកម្ពុជា ឆ្នាំ២០១៨ លោកស្រី បានចូលរួមគាំទ្រដល់ការរៀបចំសន្និបាតជាតិសកម្មភាពមីន

និងចូលរួមដល់ការរៀនបចំនិងកសាងនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥៕

ដកស្រង់ពី៖ Fresh News