បណ្តាញសង្គម

អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកអំពីកាតព្វកិច្ចចុះបញ្ជីអាករ លើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់អ្នកជាប់ពន្ធអនិវាសនជន

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកអំពីកាតព្វកិច្ចចុះបញ្ជីអាករ លើតម្លៃបន្ថែមសាមញ្ញា របស់អ្នកជាប់ពន្ធអនិវាសនជន។

នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ផ្អែកតាមសេចក្តីជូនដំណឹងលេខ ៧៧៦ អពដ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២

អគ្គនាយកដ្ឋានពន្ធដារបានធ្វើការពន្យារពេលកាលបរិច្ឆេទដាក់ឲ្យអនុវត្តប្រកាសលេខ ៥៤២ សហវ.ប្រក ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីវិធាន

និងនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។

បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានសហគ្រាសដែលជាអ្នកជាប់ពន្ធអនិវាសនជនមួយចំនួនបានមកបំពេញកាតព្វកិច្ច ចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) រួចរាល់ហើយ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនទាន់បានមកបំពេញកាតព្វកិច្ចចុះបញ្ជីនៅឡើយ។

ដូច្នេះ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការក្រើនរំលឹកដល់អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក

ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចូលមកព្រះរាជាណាចក្រកម្ពុជាទាំងអស់មេត្តារួសរាន់មកធ្វើការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឲ្យបានរួចរាល់ស្រេចបាច់មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបានដាក់លិខិត ប្រកាសពន្ធ និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនរដ្ឋបាលសារពើពន្ធ

ឲ្យបានទាន់ពេលវេលាដែលច្បាប់កំណត់ត្រូវរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន៕

ដកស្រ់ពី៖ Fresh News