បណ្តាញសង្គម

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​និង​ស្ថានទូត​អូស្ត្រាលី បើក​កម្មវិធី​បណ្ដុះបណ្ដាល​ស្ដីពី “​ការទាក់ទាញ និង​ការគ្រប់គ្រង​វិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្រោយ​សម័យ​កូ​វីដ​”

ភ្នំពេញៈ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញបើកកម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការទាក់ទាញ និងការគ្រប់គ្រងវិនិយោគផ្ទាល់ពីបរទេសក្រោយសម័យកូវីដ” ថ្មីៗនេះ។

កម្មវិធីបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្រោមគម្រោងផ្ដួចផ្ដើមភាពជាដៃគូមេគង្គ-អូស្ត្រាលី ដែលជាការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី ដោយមានគោលបំណងគាំទ្រជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ក្នុងការជំរុញទាក់ទាញវិនិយោគផ្ទាល់ពីបរទេសដែលមានគុណភាពពីប្រទេសនានាឱ្យបានកាន់តែច្រើន និងលើកកម្ពស់ការធ្វើពិពិធកម្មការវិនិយោគក្នុងវិស័យ និងអនុវិស័យនានា ដើម្បីជំរុញកម្ពុជាឱ្យជ្រៀតចូលក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។

កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការទាក់ទាញ និងការគ្រប់គ្រងវិនិយោគផ្ទាល់ពីបរទេសក្រោយសម័យកូវីដ” មានសមាសភាពចូលរួមពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធនឹងកិច្ចការវិនិយោគ ព្រមទាំងមន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវ សរុបចំនួន ២៧រូប។

បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ ត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី ចំនួន ២សប្ដាហ៍

ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្ដែង នៃការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ពីស្ថាប័នរដ្ឋ នៃប្រទេសអូស្ត្រាលី និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា