បណ្តាញសង្គម

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ​៖​ ទិស​ដៅខាង​មុខ​រដ្ឋាភិបាល​នឹង​បង្កើត​ច្បាប់​គ្រប់គ្រង​សេវា​ព្យាបាល​ឯកជន​

រាជធានីភ្នំពេញ ៖ ដើម្បីពង្រឹងផ្នែកវិស័យសុខាភិបាលកាន់តែល្អអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ទិសដៅនៅពេលខាងមុខនេះ រដ្ឋាភិបាលនឹងបង្កើតច្បាប់ស្តីពីការគ្រប់គ្រងសេវាព្យាបាលឯកជន ។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណភាពសេវាសុខភាពឯកជន

និងមន្ទីរពេទ្យវៃឆ្លាតបៃតងនាព្រឹកថ្ងៃទី២៩ ខែមីនានេះ នៅសណ្គាគារហ៊ី ម៉ាវ៉ារីថា ៖«យើងមានច្បាប់សម្រាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ហើយទិសដៅនៅខាងមុខយើងនឹងមានច្បាប់សម្រាប់គ្រប់គ្រងសេវាសុខាភិបាលឯកជន អីញ្ចឹងធនធានមនុស្សទីតាំង (មន្ទីរពេទ្យ) ត្រូវតែមាន» ។

លោកជំទាវក៏បានលើកឡើងថា ការធ្វើច្បាប់នេះ ដើម្បីជំរុញឲ្យវិស័យសុខាភិបាលឯកជនខិតខំសមត្ថភាពរបស់ខ្លួនបន្តទៀតធ្វើយ៉ាងណាផ្តល់គុណភាពសេវាសុខាភិបាលកាន់តែល្អសម្រាប់ប្រជាពលរដ្ឋផងដែរផង ។

ជាមួយគ្នានោះដែរ លោកជំទាវថា ការផ្តល់សេវាសុខាភិបាលមិនមែនពឹងផ្អែកតែលើកសេវារដ្ឋនោះទេ ប៉ុន្តែតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល និងវិស័យសុខភាព ហើយក្នុងនោះ គឺអនុញ្ញាតឲ្យមានការចូលរួមពីវិស័យសុខាភិបាល ឯកជនគ្រប់ផ្នែកទាំងអស់ ។

លោកជំទាវថា៖«អីញ្ចឹងទាំងវិស័យសុខាភិបាលរដ្ឋ និងឯកជនធ្វើការជាមួយគ្នាក្នុងទិសដៅតែមួយ គឺជួយអភិវឌ្ឍន៍កម្ពុជាយើងក្រោយពីយើងឆ្លងកាត់ពីការលំបាកជាច្រើន ពិសេសនោះពីបាតដៃទទេ» ។

លោកជំទាវវេជ្ជបណ្ឌិតបានលើកឡើងទៀតថា ក្រសួងសុខាភិបាលក៏បានជំរុញមន្ទីរពេទ្យឯកជនប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលដល់ការផ្តល់សេវានានាដល់អ្នកជំងឺផងដែរ ប៉ុន្តែការផ្តល់សេវាតាមបែបឌីជីថលនេះ ត្រូវតែគិតពីគុណប្រយោជន៍ និងទិដ្ឋភាពច្បាប់ផងដែរ ។

លោកជំទាវវេជ្ជបណ្ឌិតក៏បានឲ្យដឹងទៀតថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងសុខាភិបាលក៏បានប្រកាសការធ្វើគោលនយោបាយពីកិច្ចសហប្រតិបត្តិការផងដែរពីព្រោះថា វិស័យសុខាភិបាលរដ្ឋ និងឯកជនមួយចំនួនបានធ្វើកិច្ចសហប្រតិបត្តិការរួចហើយ ។

លោកទាវបានបញ្ជាក់ថា ៖«បើខ្ញុំមិនច្រឡំទេ ក្នុងឆ្នាំ១៩៩៨ ក្រសួងសុខាភិបាលបានចេញគោលនយោបាយមួយដែលអនុវត្តពីកិច្ចសហប្រតិបត្តិការអន្តរជាតិហើយក៏មានចេញលិខិតណែនាំមួយទៀត

ដែលចុះអត្ថលេខាពីអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឲ្យគ្រប់វិស័យសុខាភិបាលទាំងអស់ រួមវិស័យឯកជនធ្វើអ្វីដែលពាក់ព័ន្ធនឹងសុខភាពត្រូវពិភាក្សាជាមួយក្រសួងសុខាភិបាល» ៕

 

 

ដកស្រង់ពី៖ កោះសន្តិភាព