បណ្តាញសង្គម

កូរ៉េខាងត្បូង​សន្យា​កញ្ចប់​ឥណទាន​សម្បទាន​បន្ថែម​ទៀត​ប្រមាណ​ជា ១,២ ប៊ី​លាន​ដុល្លារ ពី​ឆ្នាំ ២០២២​ដល់​ឆ្នាំ ២០២៦

ភ្នំពេញៈ សាធារណរដ្ឋ កូរ៉េ ដែលបានសម្រេចផ្ដល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយះកិច្ចសម្របសម្រួលក្របខណ្ឌ (Framework Arrangement) ថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ សម្រាប់កម្ពុជា ។

នេះបើតាមសេចក្តីរាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ការសន្យានេះ បានលើកឡើង នារសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នៅពេល លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច

និងហិរញ្ញវត្ថុ បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក កូ យុន ជុល ( KOO Yun Cheol) រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួល គោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ក៍ដូចជាកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ។

នៅក្នុងជំនួប លោកឧបនាយករដ្ឋ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋ កូរ៉េ ដែលបានសម្រេចផ្ដល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត

តាមរយះកិច្ចសម្របសម្រួលក្របខណ្ឌ (Framework Arrangement) ថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ និងសង្ឃឹមថា ភាគីទាំងពីរនឹងពិភាក្សាសម្រេចទៅលើវិស័យ

និងគម្រោងអាទិភាព ក្នុង ការប្រើប្រាស់កញ្ចប់ (Framework Arrangement-F/A) ថ្មីនេះ តាមរយះកិច្ចពិគ្រោះយោបល់កម្រិតគោល នយោបាយលើកទី ៤ (4th Korea-Cambodia Integrated ODA Policy Dialogue) ដែលនឹងប្រព្រឹត្តទៅ នាពេលឆាប់ៗខាងមុខ ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃ សាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រ និងជួយជ្រោមជ្រែងដល់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉ (Cambodia-Korea Friendship Bridge) ដែលនឹងក្លាយជានិមិត្តរូបនៃចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕

ដកស្រង់ពី៖ រស្មីកម្ពុជា