បណ្តាញសង្គម

សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង។

សន្និបាតនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមានដូចតទៅ៖

* បទល្មើសគ្រឿងញៀនសរុបបង្ក្រាបបាន ៦,៣០៨ករណី ស្មើនឹង ៦០,៣០% គិតលើឆ្នាំ២០២០ (១០,៤៦១ករណី) មានចំនួនតិចជាង ៤,១៥៣ករណី ថយចុះ ៣៩,៧០%

* ជនសង្ស័យសរុប ឃាត់ខ្លួន ១៣,៩៧៩នាក់/ស្រី ៨៣១នាក់ ស្មើនឹង ៦៤,៨២% គិតលើឆ្នាំ២០២០ (២១,៥៦៦នាក់) មានចំនួនតិចជាង ៧,៥៨៧នាក់ ថយចុះ ៣៥,១៨% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៣,៦១៤នាក់ (ស្រី៧៨៩នាក់) និងជនបរទេស ៣៦៥នាក់ (ស្រី៤២នាក់) ស្មើនឹង ១៥ជនជាតិ *

គ្រឿងញៀនសរុបចាប់យកបានចំនួន ០៤តោន ៦៨៩គីឡូក្រាម និង៦១១,៤៧ក្រាម ស្មើនឹង១២១% គិតលើឆ្នាំ២០២០ (០៣ តោន ៨៧៥ គីឡូក្រាម និង៨៩៨,០០ក្រាម) មានចំនួនច្រើនជាង ៨១៣គីឡូក្រាម និង៧១៣,៤៧ក្រាម កើនឡើងប្រមាណ ២១%

* កញ្ឆាស្រស់កាប់បំផ្លាញបានចំនួន ៥៣,១៨៧ដើម និងកញ្ញាក្រៀម១៣៥គីឡូក្រាម និង១០០ក្រាម

* សារធាតុគីមីផ្សំ ចំនួន៨៤តោន និង៩២០គីឡូក្រាម ស្មើនឹង១.៩១៩% គិតលើឆ្នាំ២០២០ (០៤តោន និង៤២៥គីឡូក្រាម) មានចំនួនច្រើនជាង ៨០តោន និង៤៩៥គីឡូក្រាម កើនឡើង ១.៨១៩% មានន័យថាសារធាតុគីមីផ្សំគ្រប់ប្រភេទដែលចាប់យកបានក្នុងឆ្នាំ២០២១ គឺស្មើនឹង ១៩ដង នៃទិន្នន័យចាប់យកក្នុងឆ្នាំ២០២០កន្លងទៅ។

រួមទាំងមធ្យោបាយសម្ភារ និងឧបករណ៍ផលិតកែច្នៃគ្រឿងញៀន ដែលបានចាប់យកក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានបញ្ជូនទៅសាលាដំបូងរាជធានី ខេត្តជាច្រើនផងដែរ។

ចំនួនអ្នកប្រើប្រាស់គ្រឿងស្ថិតក្រោមការគ្រប់គ្រងនៅឆ្នាំ២០២១ មានចំនួន១៦,២៦៤នាក់ ដោយក្នុងនោះរួមមាន៖

* អ្នកញៀនគ្រឿងញៀន ដែលបានធ្វើសមារណកម្មចេញពីមណ្ឌល មានចំនួន៧,៤៨២នាក់

* អ្នកញៀនគ្រឿងញៀន ដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌល មានចំនួន ៣,០៣៨នាក់

* អ្នកញៀនគ្រឿងញៀន ដែលបានទទួលសេវាកម្មក្នុងមូលដ្ឋានសុខាភិបាល មានចំនួន ៥,១២៤នាក់

*អ្នកញៀនគ្រឿងញៀន ដែលបានបញ្ជូនទៅពន្ធនាគារ មានចំនួន ៦០៩នាក់។

បន្ថែមពីនេះ លទ្ធផលការងារបង្ក្រាបទីតាំងកែច្នៃគ្រឿងញៀន និងការរឹបអូសសាធាតុគីមីផ្សំ ក្នុងឆ្នាំ២០២១ មន្ត្រីអនុវត្តច្បាប់ បានធ្វើការបង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ បានចំនួន០៩ករណី ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបានចំនួន ៣៤នាក់ និងចាប់យកសារធាតុគីមីផ្សំ បានចំនួន ៦១,៧០០គីឡូក្រាម។

ដោយឡែកសម្រាប់ដើមឆ្នាំ២០២២នេះ មន្ត្រីអនុវត្តច្បាប់បានធ្វើការបង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ចំនួន ៣ករណី និងចាប់សារធាតុគីមីផ្សំ បានចំនួន១៦៥,៦០២គីឡូក្រាម ព្រមទាំងឧបករណ៍កែច្នៃផលិតជាច្រើនប្រភេទ៕

ដកស្រង់ពី៖ Fresh News