ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សាច់ប្រាក់នៅក្នុងរតនាគារជាតិ មានជាង ៩០០ពាន់លានដុល្លារ ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២សម្តេចតេជោ បានលើកឡើងពីវឌ្ឍនភាពរបស់កម្ពុជា ប៉ុន្តែសម្តេចថា កម្ពុជាក៏មានផលប៉ះពាល់កើតចេញមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែរ ។
ទោះបីជាយ៉ាងណា សម្តេចតេជោបានបង្ហាញការសប្បាយចិត្ត ចំពោះសូចនាករពាក់ព័ន្ធនឹងចំណូលរបស់កម្ពុជា បង្ហាញនៅថ្ងៃ៣០ មីនាថា រយៈពេល៣០ថ្ងៃ មានចំនួន៦២០លានដុល្លារ បើគិតពីខែមករា មកដល់៣០មីនា មានចំនួន១១៣២លានដុល្លារ ។
សម្តេចនាយករដ្ឋមន្រ្តីថា «ខ្ញុំបានទាក់ទងទៅប្រធានពន្ធដារ ឯកឧត្តម គង់ វិបុលថា ចំណូលពន្ធថ្ងៃនេះ នឹងបានលើសពី១០០លានដុល្លារ ។
អីចឹងបានសេចក្តីថា នៅក្នុងខែមីនា ចំណូលនឹងកើនលើស ៧០០លានដុល្លារសម្រាប់ពន្ធផ្ទៃក្នុង ពីព្រោះខែនេះ ជាខែបង់ពន្ធលើប្រាក់ចំណេញ នៃបណ្តាក្រុមហ៊ុន»។
សម្តេចថា ឆ្នាំ២០២១ ក្នុងខែមករា បានចំណូល២១៧លានដុល្លារ ខែកុម្ភៈចំនួន២០០លានដុល្លារ ខែមីនាចំនួន ៦១៥លានដុល្លារ ព្រោះជាខែបង់ពន្ធ បើធៀបនឹងឆ្នាំ២០២២ នៅខែមករា ចំណូលពន្ធបានចំនួន ២៨៨លានដុល្លារ ខែកុម្ភៈ ២២៣លានដុល្លារ ។
សម្តេចតេជោបន្ថែមថា បើគិតជាប្រាក់ចំណូលក្នុងមួយត្រីមាសកើនជាងឆ្នាំមុន ប្រមាណ២០០លាន ហើយបើបូកទាំងពន្ធគយជាង២០០លានទៀត នៅខែមីនានេះ កម្ពុជានឹងមានប្រាក់ចំណូលប្រមាណ ៩០០លានដុល្លារ។
ទោះបីមានចំណូលពន្ធកើនយ៉ាងណាក្តី សម្តេចតេជោមិនលើកទឹកចិត្ត ឲ្យចាយវាយផ្តេសផ្តាសនោះទេ ។
សម្តេចថា “បើតាមរបាយការណ៍ពីពន្ធដារ និងពន្ធគយចំនួនសាច់ប្រាក់នៅក្នុងរតនាគារជាង ៩០០ពាន់លានដុល្លារ” ។
សម្តេចក៏បានលើកឡើងថា តាមបទពិសោធន៍ធ្វើជានាយករដ្ឋមន្ត្រី គឺសម្តេចបានគិតខ្លាំងជាងគេ ការបើកប្រាក់ខែជូនមន្ត្រីរាជការនិងចិញ្ចឹមប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ៕
ដកស្រង់ពី៖ រស្មីកម្ពុជា