បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ១ ដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេបំផុត នៅឆ្នាំ២០២១

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ និងកោតសរសើរចំពោះ សហគ្រាស ហ៉ិននីគែន (ខេមបូឌា) ឯ.ក (HEINEKEN (CAMBODIA) CO., LTD) ដែលបានចូលរួមចំណែក ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាស ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាព សារពើពន្ធប្រភេទមាស ក្នុងឆ្នាំ២០២១។

លិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចបានលើកឡើងយ៉ាងដូច្នេះថា

«ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការចូលរួមចំណែក ដែលមិនអាចខ្វះបាន ពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។

សូមជូនពរលោក-លោកស្រីនាយក ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកទាំងអស់ទទួលបាន ជោគជ័យរាល់កិច្ចអាជីវកម្ម និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រុមហ៊ុន ហ៉ិននីគែន ជាក្រុមហ៊ុនផលិតភេសជ្ជៈស្រាបៀរ ដែលមានអនុលោមភាពសារពើពន្ធប្រភេទមាសខ្ពស់ជាងគេ

បើប្រៀបធៀបជាមួយក្រុមហ៊ុនផលិតភេសជ្ជៈដទៃទៀត ដោយបានអនុវត្តកាតព្វកិច្ចមានតម្លាភាព និងបង់ពន្ធជូនរដ្ឋច្រើនជាងគេ ដូច្នេះការទទួលបានការកោតសរសើរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិតជាស័ក្តិសមបំផុតសម្រាប់ក្រុមហ៊ុននេះ។

លោករដ្ឋមន្ត្រីបន្តថា ក្រុមហ៊ុន ហ៉ិននីគែន ក៏ជាក្រុមហ៊ុនទី១ ដែលបានបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរមុនគេ ដែលជាគំរូមួយដ៏ល្អ ជំរុញឲ្យមានតម្លាភាពក្នុងការបង់ពន្ធ និងមានការប្រកួតប្រជែងដោយស្មើភាព។

លោកបន្ថែមថា បំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ របស់ក្រុមហ៊ុន ហ៉ិននីគែន ក៏ជាឧបករណ៍សម្រាប់វាស់វែង ដល់ការផលិតរបស់ក្រុមហ៊ុនភេសជ្ជៈដទៃទៀត ដែលមានផលិតភាពប្រហាក់ប្រហែលគ្នា ហើយមិនទាន់បានបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ ដើម្បីជំរុញឲ្យមានការបង់ពន្ធប្រកបដោយតម្លាភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីសូមអំពាវនាវដល់ក្រុមហ៊ុនផលិតភេសជ្ជៈដទៃទៀត ដែលមិនទាន់បំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ

និងភេសជ្ជៈគ្មានជាតិសុរា សូមរួសរាន់បំពាក់ឧបករណ៍នេះ ឲ្យបានទាន់ពេលវេលាដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ៕

ដកស្រង់ពី៖ Fresh News