បណ្តាញសង្គម

កម្ពុជា-ប៉ាគីស្ថានឯកភាពបង្កើតអនុស្សរណៈជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ជំរុញចលនាទេសចរទៅមក

ភ្នំពេញ៖ កម្ពុជា-ប៉ាគីស្ថានបានឈានដល់ការឯកភាពគ្នារៀបចំឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដ៏សំខាន់មួយនេះ និងជំរុញចលនាទេសចរទៅវិញទៅមក ខណៈប្រទេសទាំងពីរសុទ្ធតែមានសក្ដានុពលលើវិស័យទេសចរណ៍ដូចគ្នា។

ការព្រមព្រៀងគ្នានេះត្រូវបានធ្វើឡើងក្នុងជំនួបសវនការរវាងលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ហ្សាហៀរូដឌីន បាបារ ថាហ៉ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំកម្ពុជានាចុងសប្តាហ៍នេះនៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ លោក ហ្សាហៀរូដឌីន បានកោតសរសើរពីនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩

ពង្រឹងភាពស៉ាំក្នុងសហគមន៍ រហូតឈានដល់ការបើកសេដ្ឋកិច្ច-សង្គម និងបើកប្រទេសទទួលទេសចរអន្តរជាតិឡើង វិញ។លោកបានកត់សម្គាល់អំពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ដែលមានភាពទាក់ ទាញយ៉ាងច្រើនសម្បូរបែប មានដូចជា សៀមរាប-អង្គរ តំបន់ឆ្នេរ តំបន់អេកូទេសចរណ៍។

លោក ហ្សាហៀរូដឌីន បានប្ដេជ្ញាចិត្តថា ក្នុងអាណត្តិបេសកកម្មជាឯកអគ្គរដ្ឋទូតប៉ាគីស្ថាននៅកម្ពុជានេះ លោកនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថានលើវិស័យទេសចរណ៍ឱ្យកាន់រឹងមាំ និងរីកចម្រើនបន្ថែមទៀត ដោយហេតុថាកម្ពុជានិងប៉ាគីស្ថានសុទ្ធមានសក្ដានុពលលើវិស័យទេសចរណ៍ដូចគ្នា។

ឆ្លើយតបនឹងលើកឡើងរបស់ឯកអគ្គរដ្ឋទូតប៉ាគីស្ថានខាងលើនេះ លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនថា ដើម្បីឱ្យការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍អាចប្រព្រឹត្តទៅបានរឹងមាំ កម្ពុជាមានបំណង រៀបចំអនុស្សរណៈនៃការយោគយល់គ្នាជាមួយប៉ាគីស្ថានឱ្យបានឆាប់រហ័សនាពេលខាងមុខ ហើយនៅពេលរៀបចំហើយ ភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈនេះជាមួយគ្នា។

លោករដ្ឋមន្ត្រីបានបន្តថា ក្រោមឆ័ត្រនៃអនុស្សរណៈនេះ ប្រទេសទាំងនឹងបង្កើតឱ្យមានទស្សនកិច្ចទេសចរណ៍រវាងគ្នានិងគ្នា ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញចលនាទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនឈានឡើង។

លោករដ្ឋមន្ត្រីក៏បានបន្ថែមថា បច្ចុប្បន្ន កម្ពុជា-ប៉ាគីស្ថានមិនទាន់មានជើងហោះហើរត្រង់ជាមួយគ្នានៅឡើយទេ ដូច្នេះកិច្ចការសំខាន់គឺការសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ព្រោះប្រសិនបើចង់ឱ្យមានកំណើនទេសចរ ចាំបាច់ត្រូវមានការតភ្ជាប់ការធ្វើដំណើរជាមុនសិន។

ភាគីទាំងពីរក៏បានលើកឡើងអំពីការជំរុញឱ្យអ្នកវិនិយោគប៉ាគីស្ថានឱ្យមកវិនិយោគនៅកម្ពុជា ពិសេសលើវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឥស្លាមមកពីប្រទេសប៉ាគីស្ថាន និងប្រទេសដទៃទៀតផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា