បណ្តាញសង្គម

ព្រះមហាក្សត្រ កោតសរសើរ​សម្តេច​ចក្រី ហេង សំរិន និង​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស និង​ប្រជារាស្ត្រ ឱ្យមាន​សន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ ជូនរដ្ឋសភា ក្នុងឱកាសការបើក បវេសនកាល សម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

នាឱកាសដ៏ប្រពៃថ្លៃថ្លា ក្នុងពិធីបើកបវេសនកាលរដ្ឋសភា ព្រះអង្គមានបីតិសោមនស្សរីករាយ ជាខ្លាំង ដោយតាំងពីចុង ឆ្នាំ២០២១មក ក្រោមការដឹកនាំ និងគ្រប់គ្រងដ៏វៃឆ្លាត នៃសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាតុភូមិជាទីស្នេហា នៃយើង បានទទួលនូវជ័យជំនះ យ៉ាងត្រចះត្រចង់ ក្នុងការប្រយុទ្ធ ដើម្បីបង្ក្រាបនូវការរាតត្បាត នៃជំងឺកូវីដ-១៩។

អាស្រ័យដោយជោគជ័យនេះ រាល់សកម្មភាព នៃសង្គមជាតិយើង បានងើបឡើងវិញ ហើយបានចាប់ដំណើរការ ការងាររបស់ខ្លួន គ្រប់វិស័យ។

ព្រះអង្គ បានមានព្រះរាជបន្ទូលថា៖ ដោយបានឆ្លងកាត់ដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ ដូចជនរួមជាតិទាំងអស់គ្នាដែរ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

នៅតែបន្តដំណើរការ យ៉ាងស្វាហាប់ លើភារកិច្ច ក្នុងនាមជាស្ថាប័ន នីតិប្បញ្ញត្តិ ដើម្បីកសាង គោលនយោបាយ និងច្បាប់រដ្ឋ ឲ្យបានត្រឹមត្រូវ ធ្វើឲ្យមានសង្គតិភាព ទៅនឹងការអភិវឌ្ឍ របស់ប្រទេសជាតិ សមាហរណកម្មតំបន់ និងនៅលើសកលលោក។

សមិទ្ធផលទាំងអស់នេះ បានផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយ ភាពសុខក្សេមក្សាន្ត មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ស័ក្តិសម ជាព្រះរាជាណាចក្រ រុងរឿង និងខ្ពស់មុខ ខ្ពស់មាត់ លើឆាកអន្តរជាតិ។

ព្រះករុណា ក៏បានកោតសរសើរ ចំពោះការដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្ម កម្លាំងកាយកម្លាំងចិត្ត ឥតឈប់ឈរ

មានការសម្រេចចិត្ត ខាងនយោបាយ ដ៏ត្រឹមត្រូវ ក្នុងភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ ជាអាទិ៍ ការការពារខឿនសេដ្ឋកិច្ចជាតិ បានយ៉ាងរឹងមាំ ទប់ស្កាត់អតិផរណា មានសុខដុមនីយកម្មលើគ្រប់ជាតិសាសន៍ និងការលើកកំពស់ សុខុមាលភាព ជូនប្រជាពលរដ្ឋ។

ព្រះករុណា មានព្រះរាជហឫទ័យ ចំពោះឧត្តមប្រយោជន៍ ដែលប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ទាំងអស់ បានទទួល និងមានការពេញចិត្ត ពេញព្រះទ័យណាស់ ចំពោះវឌ្ឍនភាព ជាបន្តបន្ទាប់ រហូតមកនេះ។

ទោះជាយ៉ាងណាក៏ដោយ ស្ថិតក្នុងកាលៈទេសៈនេះ ព្រះករុណា បានសូមអំពាវនាវឲ្យបងប្អូន ជនរួមជាតិទាំងអស់ មេត្តាបន្តអនុវត្ត នូវវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់

ដើម្បីទទួលបានសុខភាពល្អប្រសើរ បន្តប្រតិបត្តិការងារ និងប្រកបជីវភាពប្រចាំថ្ងៃ ទៅតាមគន្លងថ្មី ជាមួយនឹងជំងឺ រាតត្បាតកូវីដ-១៩ ដែលមិនទាន់រលត់ សាបសូន្យនៅឡើយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា