បណ្តាញសង្គម

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសប្បុរជន៧ក្រុមផ្សេងគ្នា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានទទួលថវិកាពីសប្បុរជន៧ក្រុមផ្សេងគ្នា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា សម្រាប់បន្តប្រើប្រាស់ក្នុងការជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។

ពិធីប្រគល់-ទទួលជំនួយថវិកានេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រីឯសប្បុរសជនទាំង៧ក្រុមផ្សេងគ្នា ដែលបានចូលរួមបរិច្ចាគថវិកាជាមួយកាកបាទក្រហម រួមមាន៖

ទី១៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធីរី។

ទី២៖ អ្នកឧកញ៉ា ឃុន សៀ និងលោកស្រី

ទី៣៖ លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី៤៖ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកអាជ្ញាធរអគ្គិសនីកម្ពុជា។

ទី៥៖ លោកឧកញ៉ា LIN MEIGUO និងក្រុមគ្រួសារ។

ទី៦៖ លោកឧកញ៉ាបណ្ឌិត សំ លីហេង និងក្រុមគ្រួសារ។

ទី៧៖ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកស្រីអ្នកឧកញ៉ា គៀន ស្រីនាង។ លោកស្រី ពុំ ចន្ទីនី បានឱ្យដឹងថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា

ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ គឺដើម្បីធ្វើឱ្យសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា

បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ប្រការនេះជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ។

សូមជម្រាបថា នាឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២នេះ

ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»៕

ដកស្រង់ពី៖ Fresh News