បណ្តាញសង្គម

ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា៖ ការធ្វើអាជីវកម្មមានរបៀបរបប ជួយពង្រឹងមុខរបររឹងមាំនិងការប្រមូលពន្ធជូនរដ្ឋ

(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានថ្លែងថា ការធ្វើអាជីវកម្មប្រកបដោយរបៀបរបបត្រឹមត្រូវតាមច្បាប់ នឹងជួយពង្រឹងមុខរបរកាន់តែរឹងមាំ និងពង្រឹងការប្រមូលពន្ធជូនរដ្ឋ។

ការថ្លែងបែបនេះរបស់លោក ឡី សុភាព ធ្វើឡើងក្នុងពិធីប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មការប្រតិបត្តិ ចាត់តាំងក្រុមការងារសមាគមមូលដ្ឋានខេត្តកំពត និងបញ្ចូលសមាជិកសកម្មនៃសមាគមសហព័ន្ធធរកិច្ចទីផ្សារបណ្តាញកម្ពុជា នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកបានឱ្យដឹងថា ការបញ្ចូលសមាជិកនេះ គឺធ្វើឡើងទៅតាមធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំពីរាជរដ្ឋាភិបាល មិនមែនធ្វើតាមនឹកឃើញនោះទេ ដោយសមាគមសហព័ន្ធធរកិច្ចទីផ្សារបណ្តាញកម្ពុជានឹងជួយឱ្យសមាជិកមានប្រភពហិរញ្ញវត្ថុនឹងនរ ក្លាយទៅជាអាជីវករ។

ជាមួយគ្នានោះ លោកក៏បានស្នើឱ្យសមាជិក-សមាជិកបើកគណនីធនាគារមួយ ដើម្បីទុកដាក់ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវគ្រប់គ្នា។

លោក ឡី សុភាព បានបន្តថា សមាគមសហព័ន្ធធរកិច្ចទីផ្សារបណ្តាញកម្ពុជាកំពុងពង្រឹងរបៀបរបបការងារសមាជិក-សមាជិកាឱ្យបានរឹងមាំឡើងវិញ ព្រោះការធ្វើអាជីវកម្មមានរៀបរបបនឹងជំរុញឱ្យមានជីវភាពសមរម្យ កាត់បន្ថយការងារចំណាត់ស្រុក។

លោកថា «ការធ្វើអាជីវកម្មមានរៀបរបបក៏នឹងជួយពង្រឹងការប្រមូលពន្ធជូនរដ្ឋ និងមុខរបរស្របច្បាប់ផងដែរ»។

នាឱកាសនោះ លោកប្រធាន ឡី សុភាព បានណែនាំឱ្យសមាជិក-សមាជិកាទាំងអស់ត្រូវដើរនៅលើបន្ទាត់មួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពោលគឺអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាន និងឯកសារគតិយុត្តនានាជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបទបញ្ជាផ្ទៃក្នុងរបស់សមាគមនីមួយៗផងដែរ។

លោកបានដាស់តឿនថា ប្រសិនបើយើងស្រលាញ់ជាតិ ត្រូវតែអនុវត្តតាមច្បាប់ ពោលគឺត្រូវអនុវត្តពីឥលូវនេះទៅ និងបានលើកទឹកចិត្តឱ្យសមាជិកទាំងអស់ត្រូវចេះក្ដាប់ឱកាសនៃការអភិវឌ្ឍ និងកំណែទម្រង់ក្នុងវិស័យនានា ដើម្បីដើរឱ្យទាន់សភាពការណ៍សេដ្ឋកិច្ច-សង្គម ពោលគឺដើរឱ្យទាន់ការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

មិនតែប៉ុណ្ណោះ លោកបណ្ឌិត ឡី សុភាព ក៏បានណែនាំដល់សមាជិកសមាគមត្រូវមានការសាមគ្គីគ្នា តាំងចិត្តបម្រើប្រជាជន គោរពច្បាប់ និងដើរតាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ម្យ៉ាងវិញទៀត ត្រូវមានចរិយាធម៌ក្នុងខ្លួន ដូចជា សច្ចៈ គឺសេចក្ដីស្មោះត្រង់ ខន្តី គឺសេចក្ដីអន់ធន់ កត្តញ្ញូតា គឺសេចក្ដីដឹងគុណ ត្រូវតែប្រកាន់ខ្ជាប់នៅពេលចេញទៅធ្វើការ ឬប្រកបរបរអាជីវកម្ម ហើយក៏ត្រូវតែប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ រួមមាន មេត្តា ករុណា មុទិតា និងឧបេក្ខា។

ម្យ៉ាងទៀត ប្រសិនបើមានកិច្ចការអ្វីត្រូវជំនុំគ្នា ពិភាក្សាគ្នា ដឹកនាំទៅដោយគតិបណ្ឌិត ដោយលោកបានគូសរំលេចថា «ទីណាមានការប្រឹក្សាយោបល់ ទីនោះមានការរីកចម្រើន»។

បន្ទាប់ពីថ្លែងនូវការណែនាំល្អៗទៅកាន់សមាជិកសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជាខាងលើនោះរួចមក

លោកប្រធាន ឡី សុភាព ក៏បានរួមតុអាហារសាមគ្គីជាមួយសមាជិក-សមាជិកាសមាគមសហព័ន្ធធរកិច្ចទីផ្សារបណ្តាញកម្ពុជាផងដែរ៕

ដកស្រង់ពី៖ Fresh News