បណ្តាញសង្គម

សមិទ្ធផល​ថ្មីលើ​ទឹកដី​ខេត្តសៀមរាប ជា “តា​រា​រះ នា​ទិសឧត្តរ​”

ភ្នំពេញ៖ ផ្លូវថ្មី ៣៨ខ្សែនិងគម្រោងស្ដារលើកកម្ពស់សោភ័ណភាពដងស្ទឹងសៀមរាបដែលវិនិយោគដោយ ថវិកាជាតិចំណាយថវិកាប្រមាណ ២០០លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពីទីនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រសិទ្ធនាមខេត្តសៀមរាបជា”តារារះនៅទិសឧត្តរ”ខណៈនៅខេត្តទឹកដីអង្គរ មួយនេះបាននិងកំពុងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានថ្មីដែលមានឈ្មោះថា”អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គ” ដែលវិនិយោគដោយក្រុមហ៊ុនចិនក្នុងទំហំទឹកប្រាក់ជាង៨០០លានដុល្លារ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ផ្លូវទាំង ៣៨ខ្សែ គឺជាការយក”កម្ពុជាចិញ្ចឹមកម្ពុជា”ពីព្រោះការ សាងសង់ផ្លូវទាំងនេះ ជាការសាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង មិនមានបរទេសណាចូលរួមនោះ ទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មីថាសមិទ្ធផល ទាំងអស់ ដែលកើតមានឡើងលើទឹកដីនៃខេត្តសៀមរាបនេះ ត្រូវប្រសិទ្ធនាមថា ជាតារារះ នាទិសឧត្តរ។

សម្តេចតេជោបានបន្ថែមថា ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាបនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រអតីត ព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗកម្ពុជា ដែលបានសាងស្នាមព្រះហស្ថ និងស្នាដៃចំពោះជាតិ នាពេលកន្លងមក។

ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដល់ពេលវេលាហើយ ដែលកម្ពុជា ត្រូវប្រកាសអំពីតារារះ នៅទិសឧត្តរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វាល្មមដល់ពេល ដែលយើងត្រូវប្រកាសថា តារារះនៅទិសឧត្តរ បន្ទាប់ពីយើងបានប្រកាសតារារះ នៅទិសនិរតី ដែលសំដៅលើតំបន់ឆ្នេរ ដែលជាតំបន់ទេសចរណ៍របស់យើង។

អ្វីៗទាំងនេះ មិនមែនជាការចៃដន្យនោះទេ! ចំពោះការអភិវឌ្ឍនៅក្នុងខេត្តសៀមរាបគឺវាបានកើតចេញពីការខិតខំ របស់រាជរដ្ឋាភិបាល តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ។ សៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា កំពុងលេចចេញនូវសមិទ្ធផលសំខាន់ៗជាច្រើន។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយនឹងដាក់ឱ្យដំណើរការសាកល្បង ជាលើកដំបូង នៅខែតុលា ឆ្នាំ២០២៣។

មកដល់ដើមខែមេសា ឆ្នាំ២០២២ នេះ ការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខេត្តសៀមរាប ក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋរចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ដោយឡែក ឆ្នេរសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០គីឡូម៉ែត្រ កាត់ខេត្ត ៤ គឺកោះកុង ព្រះសីហនុ កំពត និងកែប ត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោកក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ភិបាលក្លឹបកាលពីថ្ងៃទី២២មករាឆ្នាំ២០១១នៅទីក្រុងកាហ្សែស(Cargese)ប្រទេសបារាំងដោយបានបោះឆ្នោតសំរេចគាំទ្រ ដោយសំឡេងជាឯកច្ឆន្ទ។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាតារារះនាទិសនិរតីក្នុងចំណោម ខេត្ត៤ជាប់សមុទ្រ។ខេត្តព្រះសីហនុមានសក្តានុពលឆ្នេរសមុទ្រសស្អាតមានកោះរក្សាបាននូវព្រៃធម្មជាតិទេសចរណ៍បៃតង។

ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថាជា “តារារះនាទិសនិរតី” នៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប អាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន បន្ទាប់ពីប្រាង្គប្រាសាទអង្គវត្ត។

ដូច្នេះ ឆ្នេរសមុទ្រកម្ពុជាត្រូវតែ ជាឆ្នេរសមុទ្របៃតង ដែលស័ក្ដិសមជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើលោក។

ចាប់តាំងពីនោះមកកម្ពុជា ក៏បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ» និងលើកស្ទួយកិត្យានុភាពឆ្នេរសមុទ្រកម្ពុជានៅលើឆាកអន្តរជាតិពិសេសចូលរួមគាំទ្រគោលនយោបាយពង្រីកគោលដៅទេសចរណ៍ ឱ្យមានភាពសំបូរបែបពីតំបន់ទេសចរណ៍វប្បធម៌ (សៀមរាប-អង្គរ) ទៅកាន់តំបន់ឆ្នេរសមុទ្រផងដែរ។

ពិធីបុណ្យសមុទ្រ ក៏ត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំងបួន របស់កម្ពុជា ដោយប្តូរវេន មួយឆ្នាំម្តង។

យ៉ាងណាក៏ដោយ ខេត្តតំបន់ឆ្នេរទាំងបួនរបស់កម្ពុជាគឺនៅខេត្តព្រះសីហនុបានអភិវឌ្ឍន៍ខ្លាំងជាងគេនៅពេលមានវត្តមាន ចិន ចូលមកកាន់តែច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងនោះ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខេត្តព្រះសីហនុ ក៏បានស្ថាបនារួចរាល់នូវផ្លូវ ៣៤ខ្សែ ហើយបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅពេលនេះ ក្នុងពេលកូវីដ១៩ កាន់តែស្ងប់ស្ងាត់ ខេត្តសៀមរាប-អង្គររបស់យើង ក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវ ៣៨ខ្សែ ដែលទើបស្ថាបនាជួសជុលរួច។

នៅឆ្នាំក្រោយ ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប ក៏បានស្ថាបនារួចរាល់។ សមិទ្ធផលទាំងនេះ ក្រៅពីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ក៏សម្រាប់បម្រើដល់វិស័យទេសចរណ៍និងវិនិយោគ ផងដែរ។

សៀមរាប ក្លាយជាប៉ូលទេសចរណ៍ផង និងពាណិជ្ជកម្មផង សម្រាប់ភូមិភាគឧត្តរ គឺក្រៅពីសៀមរាប ក៏សម្រាប់ខេត្តជាប់ៗនោះ ដូចជា ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ស្ទឹងត្រែង ជាដើម។

មានផ្លូវស្អាត ធំទូលាយហើយ ក៏មិនទាន់គ្រប់គ្រាន់ឡើយ។ ចូរកុំភ្លេចថាសៀមរាបអង្គររបស់យើងបានបាត់បង់ប្រជាប្រិយ ភាពមិនសូវមានអ្នកទេសចរបរទេស ចូលមកទស្សនា

តាំងពីមុនផ្ទុះការឆ្លងរាលដាលកូវីដ១៩ មកម្ល៉េះ។ពោលគឺមុន ឆ្នាំ២០២០ សៀមរាបអង្គររបស់យើង ធ្លាក់ចុះនូវចំនួនអ្នកទេសចរយ៉ាងខ្លាំងពុំធ្លាប់មាន នៅឆ្នាំ២០១៩។ដូច្នេះក្នុងពេល ស្តារឡើងវិញនូវវិស័យទេសចរណ៍នៅសៀមរាប

-អង្គរនេះទាមទារត្រូវមានផែនការយុទ្ធសាស្ត្រពិសេសក្រុមអ្នកបម្រើសេវាកម្មទេសចរណ៍ រាប់ទាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន អ្នកធ្វើការនៅអាកាសយានដ្ឋាន រហូតដល់អ្នកបើកបររថយន្តដឹកភ្ញៀវ អ្នករត់ម៉ូតូឌុប

និងម៉ូតូកង់បី ជាដើមត្រូវតែទទួលនូវការបណ្តុះបណ្តាលជំនាញ ច្បាស់លាស់ ហើយសំខាន់បំផុត ត្រូវមានចិត្តស្មោះត្រង់ ពិសេសមិនកាប់ មិនកោរអ្នកទេសចរឡើយ។ បញ្ហាសន្តិសុខ សុវត្ថិភាព គឺជាកត្តាសំខាន់ ដែលអាជ្ញាធរសមត្ថកិច្ច ត្រូវតែធានាឱ្យបាន។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវទាំង ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ពីការបំពាក់នូវកាំមេរ៉ាសុវត្ថិភាព តាមផ្លូវថ្មីទាំងនេះ។

ប៉ុន្តែមានតែកាំមេរ៉ាតែបើនៅតែកើតមានអំពើ អសន្តិសុខហើយមិនមានសុវត្ថិភាពនោះគឺជាបញ្ហាអាក្រក់បំផុតមួយជះឥទ្ធិពលមិនល្អដល់វិស័យទេសចរណ៍យើងជាមិនខាន។

ជាសរុបមក ខេត្តតំបន់ឆ្នេររបស់កម្ពុជាយើង ពិសេសនៅព្រះសីហនុ ដែលជាតារារះនៅទិសនិរតី បានប្រែក្លាយមុខមាត់ថ្មី ដោយអគារខ្ពស់ៗ ផ្លូវប្រណិតៗ ធំទូលាយ ហើយឆ្នេរសមុទ្រដ៏ស្រស់ស្អាត

ទើបតែរះឡើងវិញហើយពេលនេះនៅ សៀមរាប អង្គរជាតារារះនៅទិសឧត្តរក៏បានលេចរូបរាងឡើងពេលនេះគេសង្ឃឹមថានឹងចូលរួមជួយស្តារឡើងវិញនូវវិស័យ ទេសចរណ៍ និងវិនិយោគ នៅក្រោយវិបត្តិកូវីដ១៩។

កូវីដ ដែលនៅកម្ពុជាយើងកាន់តែធូរស្រាលឡើងៗរហូតដល់សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលប្រកាសថា នឹងពិចារណាដាក់ខេត្តមួយចំនួន ជាតំបន់មិនពាក់ម៉ាសនោះឡើយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា