បណ្តាញសង្គម

រដ្ឋបាល​រាជធានី កំពុង​តុបតែង​លម្អ​ទីសាធារណៈ និង​ដាក់ពង្រាយ បង្គន់​អនាម័យ​ចល័ត នៅ​កន្លែង​កម្សាន្ត​នានា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ខាងមុខ​

ភ្នំពេញៈ សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹក តុបតែងលម្អទីសាធារណៈ រមណីយដ្ឋាន និងសួនច្បារនានា និងដាក់ពង្រាយបង្គន់អនាម័យចល័ត ចំនួន ៣០ បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកមកដើរលេងកម្សាន្ត នៅកន្លែងកម្សាន្តនានា នៅក្នុងរាជធានីភ្នំពេញ។

លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានអោយដឹង នៅរសៀល ថ្ងៃទី៤ មេសា ២០២២នេះថាៈ

យោងតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នេះ ជាការគ្រោងទុករបស់ រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងដាក់ពង្រាយ

បង្គន់អនាម័យចល័ត ចំនួន ៣០ បង្គន់ ដើម្បីបង្កលក្ខណៈងាយ ស្រួល ដល់អ្នកមកដើរលេងកម្សាន្ត នៅកន្លែងកម្សាន្តនានា នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ សម្រាប់

នៅទីតាំងរមណីយដ្ឋានវត្តភ្នំ យើងត្រូវដាក់ចំនួន ៨ បង្គន់ តែបើត្រូវកែប្រែ យ៉ាងណានោះ លោកអភិបាលរាជធានីភ្នំពេញ នឹងធ្វើការណែនាំអោយអនុវត្ត នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រាជធានីភ្នំពេញ នៅថ្ងៃទី៦ មេសា ២០២២ ស្អែកនេះ។

លោកបានបញ្ជាក់ថាៈ ក្រៅពីការងារខាងលើ អង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក៏នៅមានការងារមួយចំនួនទៀត ដែលត្រូវអនុវត្តផងដែរ ដូចជា ការងារកាត់លះមែកឈើ នៅតាមដងផ្លូវ ការកាត់ស្មៅ នៅតាមសួនច្បារនានា ។

ចំណែកលោក ម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹក រាជធានីភ្នំពេញ បានឱ្យដឹងដែរថាៈ អង្គភាពមានគម្រោងបាញ់ទឹកលាងថ្នល់ លាបកំបោរសតាមគល់ឈើ ជាដើម បាញ់ស្នេតត្រូ តាមបូឌៀរចិញ្ចើមផ្លូវសួនច្បារ រមណីយដ្ឋាននានា ធ្វើយ៉ាងណា លើកសោភ័ណភាព រាជធានីភ្នំពេញ អោយកាន់តែស្រស់ស្អាត។

មន្ត្រីរដ្ឋបាលរាជរាជធានីភ្នំពេញ បានបញ្ជាក់ដែរថាៈ សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាលនេះដែរ ខាងអង្គភាពអគ្គិសនី និងបំភ្លឺទីសាធារណៈ ហើយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ជាអ្នកទទួលចាត់ចែង លើការតុបតែងភ្លើង បំភ្លឺសាធារណៈ នៅតាមតាមឈើ និងសួនច្បារ នៅទូទាំងរាជធានីភ្នំពេញ។

ចំណែកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវ លើការរៀបចំកម្មវិធីសម្តែងសិល្បៈបុរាណ និងសម័យ ជូនប្រជាពលរដ្ឋ ទស្សនាកម្សាន្ត នៅតាមទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ជាពិសេស នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ។

បំផុសចលនាប្រជាពលរដ្ឋ ចូលរួមឱ្យបានផុលផុស ក្នុងការលេងល្បែង ប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ វាយឆ្នាំង ជាដើម ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាល

និងវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លង នៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទ “អូមីក្រុង ។

ត្រៀមរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងពិធីទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ៕

ដកស្រង់ពី៖ រស្មីកម្ពុជា