បណ្តាញសង្គម

យុវជនឆ្នើម១០០​នាក់ ​ទទួលបាន​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា

ភ្នំពេញ៖យុវជនឆ្នើមចំនួន១០០នាក់ទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ពួកគាត់ជានិស្សិតជំនាន់ដំបូងគេបង្អស់ ដែលទទួលបានអាហារូបករណ៍ចេន ហ្ស៊ី នេះ។

កម្មវិធីអាហារូបករណ៍នេះគឺជាកិច្ចផ្តួចផ្តើមមួយក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាប្រធានក្រុមប្រឹក្សាភិបាល ព្រីនស៍ ហូលឌីង គ្រុប សហការជាមួយនឹងក្រសួងអប់រំ យុវជននិងកីឡា។

បេក្ខភាពដែលទទួលបានអាហារូបករណ៍នេះនឹងបន្តការសិក្សាតាមគោលដៅរបស់ពួកគេដោយអាហារូបករណ៍បានជួយកាត់បន្ថយឧបសគ្គនិងការលំបាកដូចជាបញ្ហាហិរញ្ញវត្ថុនៅក្នុងការសិក្សាជាដើម។អាហារូបករណ៍នេះបានផ្តល់ឱកាសដល់យុវជន

កម្ពុជា ក្នុងការពង្រីក សក្តានុពលរបស់ពួកគេ ដើម្បីធានានិរន្តរភាពនៃវិស័យសំខាន់ៗរបស់កម្ពុជា ដូចជាការរីកចំរើនផ្នែកសំណង់ក្នុងវិស័យអចលនទ្រព្យ ការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ

និងសេដ្ឋកិច្ចឌីជីថលក្នុងវិស័យធនាគារ និងឿឧស្សាហកម្មហិរញ្ញវត្ថុ និងការជួយលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចថ្នាក់ពិភពលោក ឆ្លើយតបតាមតម្រូវការធនធានមនុស្សនៃសេដ្ឋកិច្ចក្នុងស្រុកនាពេលអនាគត ។

លើសពីនេះទៀត វានឹងបើកទ្វារសម្រាប់កម្ពុជាក្នុងការលើកកម្ពស់ស្ដង់ដាររបស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងឆាកអន្តរជាតិ។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបបានមានប្រសាសន៍ថា៖ «ពួកយើងមានសេចក្តី រំភើបដែលបានទទួលពាក្យពីបេក្ខជនជាង១៥០០នាក់ក្នុងរយៈពេល៣ខែកន្លងមកនេះសម្រាប់អាហារូបករណ៍ចេនហ្ស៊ីជំនាន់ដំបូងគេនេះ។

នៅពេលនេះពួកយើងបានធ្វើការជ្រើសរើសបានបេក្ខជនឆ្នើមចំនួន ១០០នាក់ ដោយសង្ឃឹមថាពួកគេទទួលបានគ្រឹះ ដ៏រឹងមាំ ក្នុងការចាប់យកក្តីស្រមៃ និងកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសកម្ពុជា»។

នេះគឺជាអាហារូបករណ៍ទ្រង់ទ្រាយធំដំបូងបង្អស់ដែល ផ្តល់ដោយមូលនិធិព្រីនស៍ ដើម្បីពង្រឹងការជឿជាក់ដល់យុវជនកម្ពុជា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ ១៩។

ដំណើរការនៃការជ្រើសរើសនេះត្រូវបានដឹកនាំដោយ ក្រសួងអប់រំ យុវជន និងកីឡា ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកនៃមូលនិធិព្រីនស៍។

នៅដើមខែកុម្ភៈ បេក្ខជនប្រមាណ ២០០នាក់ ដែលទទួលបាននិទ្ទេសល្អក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានជ្រើសរើសដើម្បីធ្វើការសម្ភាសន៍។

អាហារូបករណ៍នេះនឹងផ្តល់ការបង់ថ្លៃសិក្សាពេញ ព្រមទាំងប្រាក់ឧបត្ថម្ភដល់ និស្សិតដែលនឹងបន្តការសិក្សារបស់ពួកគេនៅសកលវិទ្យាល័យល្បីៗក្នុងប្រទេសកម្ពុជា រួមមានសកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យជាតិគ្រប់គ្រង និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្រុមហ៊ុន ព្រីនស៍ គ្រុបកំពុងធ្វើការដើម្បីធានាឲ្យបានថា អាហារូបករណ៍នេះដំណើរការទៅមុខឆ្ពោះទៅកាន់គោលដៅដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣ ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើកំណែទម្រង់ការអប់រំ យុវជន និងកីឡាដែលត្រូវការជាចាំបាច់។

មូលនិធិព្រីនស៍ដែលជាមូលនិធិសប្បុរស ធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលធំជាងគេនិងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានប្រកាសឈ្មោះបេក្ខភាពឆ្នើមទាំង១០០នាក់ដែលទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ដំបូងគេបង្អស់ ។

លោក Gabriel បានបន្ថែមថា៖ «ជាមួយនឹងកម្មវិធីអាហារូបករណ៍នេះ យើងសង្ឃឹមថានឹងចូលរួមចំណែក ដើម្បី លើកកម្ពស់ការអប់រំ រួមជាមួយកម្មវិធីដើម្បីសង្គម និងសកម្មភាពភាពជាអ្នកដឹកនាំផ្សេងៗនៅឆ្នាំនេះ។

លើសពីនេះទៀត យើងចង់លើកកម្ពស់ដល់និស្សិតឆ្នើមទាំង ១00នាក់ ជាមួយនឹងឱកាសការងារ និងរៀនសូត្រផ្សេងៗ ប្រសិនបើពួកគេជ្រើសរើសធ្វើការជាមួយយើង»៕

ដកស្រង់ពី៖ រស្មីកម្ពុជា