បណ្តាញសង្គម

ក្រសួងការងារ អនុញ្ញាត​ឱ្យក្រុមហ៊ុន ចំនួន ៣៧ ជ្រើស​រើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រង​ពលករខ្មែរ ទៅធ្វើការនៅកាតា​

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសនូវបញ្ជីរាយឈ្មោះក្រុមហ៊ុនឯកជន ចំនួន ៣៧ក្រុមហ៊ុន ដែលមានសិទ្ធិជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ទៅធ្វើការនៅរដ្ឋកាតា។

ក្នុងនោះ ក្រសួងការងារ ក៏បានកំណត់ថា ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុស ដែលអាចនាំឱ្យប្រជាពលរដ្ឋរងគ្រោះ ការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងការជ្រើសរើស ឬផ្តល់សេវារកការងារឱ្យធ្វើដល់ពលករខ្មែរ

នៅតាមបណ្តាសារព័ត៌មានណាមួយ ជាពិសេសតាមបណ្តាស្ថានីយវិទ្យុ ត្រូវមានលិខិតអនុញ្ញាត ចេញដោយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុន។

ក្រសួងការងារ ប្រកាសថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណា ដែលពុំមានឈ្មោះ ក្នុងបញ្ជីខាងក្រោមនេះ គឺចាត់ទុកថា ជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់

មកទូរស័ព្ទលេខ 023 880 474 និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ www.mlvt.gov.kh។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេស គិតត្រឹមឆ្នាំ២០១៩ មានចំនួនសរុប ១,២៨៨,០០០នាក់។ ភាគច្រើន នៅប្រទេសថៃ។ ចំណែកកាលពីឆ្នាំ២០១៨ មាន ១,២៣០,០០០នាក់។

កាលពីឆ្នាំ២០២០ ពលករចំណាកស្រុកកម្ពុជា មានចំនួនជាង ១,២លាននាក់។ ពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស បានផ្ញើប្រាក់មកក្នុងប្រទេស ជិត ២,៨០០លានដុល្លារ ក្នុងមួយឆ្នាំ។

របាយការណ៍ បង្ហាញថា បច្ចុប្បន្ន កម្មករចំណាកស្រុករបស់កម្ពុជា ភាគច្រើន គឺធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុន៕

ដកស្រង់ពី៖ កោះសន្តិភាព