បណ្តាញសង្គម

កម្ពុជា ផ្ដើមសិក្សារៀបចំច្បាប់ពពោះជំនួសឡើងវិញ ក្រោយផ្អាកមួយរយៈ

(ភ្នំពេញ)៖ បន្ទាប់ពីផ្អាកមួយរយៈ នៅពេលនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឯកភាពជាគោលការណ៍ឲ្យស្ថាប័នពាក់ព័ន្ធសិក្សារួមគ្នាឡើងវិញឲ្យហ្មត់ចត់ ដើម្បីរៀបចំធ្វើច្បាប់ពពោះជំនួសបន្ដទៀត ខណៈសេចក្ដីព្រាងក៏បានរៀបចំចប់សព្វគ្រប់ហើយដែរកាលពីពេលកន្លងទៅ។

ច្បាប់ស្ដីពីការពពោះជំនួស ត្រូវបានក្រសួងកិច្ចការនារី សហការជាមួយក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ពិនិត្យតាក់តែងសេចក្តីព្រាងច្បាប់នេះ តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ក្រាបបទល្មើសកើតចេញពីការពពោះជំនួស

ដែលមានធាតុផ្សំជាបទល្មើស ហើយត្រូវបានចាប់ផ្តើមតាក់តែង ដោយក្រុមអ្នកជំនាញផ្នែកច្បាប់ នៃក្រសួងទាំងបី កាលពីឆ្នាំ២០១៦។

ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើញជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ច្បាប់ពពោះជំនួសនេះ ជាច្បាប់ថ្មីសម្រាប់កម្ពុជាដូច្នេះទាមទារឲ្យសិក្សាពីបណ្ដាប្រទេសជិតខាង។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «ទាក់ទងច្បាប់ពពោះជំនួស បញ្ហានេះយើងបានរៀបចំតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដែលយើងបានព្រាងចប់សព្វគ្រប់ហើយ។

ប៉ុន្ដែដោយសារច្បាប់នេះថ្មីសម្រាប់កម្ពុជា អញ្ចឹងទេយើងត្រូវការសិក្សាឲ្យបានហ្មត់ចត់ ដូច្នេះត្រូវការពេលវេលា។

មកដល់ពេលនេះយើងបានសិក្សាហ្មត់ចត់ជាងមុនហើយ ដូច្នេះអាចលើកយកបញ្ហានេះមកវិញ ព្រោះកន្លងខ្ញុំស្នើឲ្យផ្អាកមួយរយៈ អញ្ចឹងឥលូវនេះអាចលើកយកបញ្ហានេះមកជជែកគ្នាឡើងវិញបាន ខ្ញុំសូមគាំទ្រ»។

ដោយសារតែច្បាប់នេះថ្មីសម្រាប់កម្ពុជា សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យអ្នកពាក់ព័ន្ធសិក្សាពីបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ ក៏ដូចជាអន្ដរជាតិដែលប្រទេសនោះធ្លាប់បានធ្វើរឿងនេះ។

ប៉ុន្ដែក្រោយមកមានខ្លះបានលុបចោលវិញ ដូច្នេះត្រូវសិក្សាអំពីមូលហេតុនៃការលុបចោលច្បាប់នេះវិញផងដែរ។ ទោះជាយ៉ាងណា សម្ដេចក្រឡាហោម ស ខេង មិនបានបញ្ជាក់ថា តើប្រទេសណាដែលបានលុបចោលច្បាប់នោះវិញទេ?

ប៉ុន្ដែសម្ដេចថា បន្ទាប់ពីប្រទេសនោះបានលុបវិញ អ្នកដែលចង់បានកូនតែមិនមានលទ្ធភាពសម្រាប់ពពោះខ្លួនឯងនោះ បានរត់មកប្រទេសកម្ពុជា។

ចំណុចនេះ សម្ដេចក្រឡាហោម បានណែនាំឲ្យសិក្សាពីប្រទេសនោះថា នៅពេលមានច្បាប់ពពោះជំនួសនេះ តើប្រទេសនោះមានបញ្ហាប្រឈមអ្វីខ្លះ? ហើយសម្ដេចក៏បានទទួលស្គាល់ថា កម្ពុជាមានអ្នកដែលហ៊ានពពោះជំនួសបែបនេះ បើទោះបីមិនទាន់មានច្បាប់អនុញ្ញាតក្ដី ដោយពួកគាត់បានលួចលាក់ព្រមព្រៀងគ្នា។

ប៉ុន្ដែពេលខ្លះកូននោះសម្រាលមក ក៏មានការខ្វែងគំនិតគ្នា ដោយអ្នកពពោះនោះ មិនព្រមប្រគល់កូននោះគេវិញក៏មាន ខណៈច្បាប់នេះនឹងមានចែងត្រង់ចំណុចនេះដូចគ្នា។

គួរជម្រាបថា ច្បាប់ស្ដីពីការពពោះជំនួសនេះ ត្រូវបានបង្កើតឡើងដើម្បីការពារផលប្រយោជន៍ស្ដ្រីកម្ពុជា។

ច្បាប់នេះត្រូវបានរៀបចំសេចក្ដីព្រាងរួចរាល់ហើយ ប៉ុន្ដែមិនទាន់ត្រូវគេបង្ហាញជាសាធារណៈនៅឡើយទេ។

កន្លងទៅសមត្ថកិច្ចក៏បានឃាត់ខ្លួនស្ដ្រីខ្មែរប៉ុន្មាននាក់ផងដែរ ពាក់ព័ន្ធការធ្វើសកម្មភាពពពោះជំនួសនេះ ដោយភាគីច្រើនជាកូនរបស់ជនជាតិបរទេស៕

ដកស្រង់ពី៖ Fresh News