បណ្តាញសង្គម

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្ត​មន្ត្រី​ដែល​ទើប​តែងតាំង​ថ្មី​ឱ្យ​កាន់តែ​សកម្ម និង ប្រកបដោយ​ភាព​ទទួលខុសត្រូវ​

ភ្នំពេញ:ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ កាលពីថ្ងៃទី៦ខែមីនា ឆ្នាំ ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានជំរុញ លើកទឹកចិត្តដល់មន្ត្រីដែលទើបបានតែងតាំងថ្មីទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និង ប្រកបដោយភាពទទួលខុសត្រូវនៅ តាមមុខតំណែងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ដល់ក្រសួង និង ប្រទេសជាតិ។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំង និងការផ្ទេរ ភារកិច្ចថ្មី វឌ្ឍនភាពការងារសំខាន់ៗទាក់ទងនឹងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួង ការពិនិត្យសម្រេចដោះស្រាយបញ្ហាប្រឈម សំណូមពរ និងទិសដៅសកម្មភាពការងារបន្ត ដែលលើកឡើងដោយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីគម្រោងសម្ពោធបើកដំណើរការជាផ្លូវការមណ្ឌលផ្តល់ សេវាសាធារណៈថ្មី ជាមណ្ឌលទី៦នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុខេត្តព្រះសីហនុដើម្បីបង្ខិតសេវាឱ្យទៅកៀកនឹងប្រជាពលរដ្ឋព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាពនិងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងអប់រំបណ្តុះបណ្តាលធនធានមនុស្ស នៅតាមបណ្តាមន្ទីរសាធារណការ

និងដឹកជញ្ជូនរាជធានី-ខេត្ត តាមស្មារតីនៃសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងទិសដៅការងារឆ្នាំ២០២២ ដែលបានដាក់ចេញកន្លងទៅ និងបានសម្តែងមោទនភាពយ៉ាង ជ្រៅដែលក្រសួងសាធារណការ

និងដឹកជញ្ជូន មានវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដ៏ធំមួយ ដើម្បីប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជាសិស្ស-និស្សិតពីក្រៅ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់ពិនិត្យ ឡើងវិញ និងរៀបចំរបៀបរបបធ្វើការ(Process Mapping)ក្នុងអង្គភាពរបស់ខ្លួនឱ្យបានចប់នៅខែឧសភា ឆ្នាំ២០២២

ដើម្បីកាត់បន្ថយដំណើរការនីតិវិធីការងារ ចំណេញពេលវេលា កាត់បន្ថយចំណាយ និងការរាំង ស្ទះនានា ហើយធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួង ដើម្បីធ្វើឱ្យប្រសើរឡើងរបៀបរបបធ្វើការ

និងឈាន ទៅសម្រេចគោលដៅនៃការសាងសង់ ជួសជុល ថែទាំផ្លូវឱ្យគុណភាពល្អជាងមុន៕

ដកស្រង់ពី៖ រស្មីកម្ពុជា