បណ្តាញសង្គម

មុនចូលឆ្នាំ សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ខេត្ត ៤ លែងឱ្យ​ពាក់ម៉ាសទៀតហើយ!

ភ្នំពេញ៖ ក្នុងសារជាសំឡេង ជូនជនរួមជាតិ នៅយប់ថ្ងៃអាទិត្យ ទី១០ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ខេត្ត៤ គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ មិនតម្រូវឱ្យប្រជាពលរដ្ឋ ពាក់ម៉ាសទៀតនោះទេ។

ប៉ុន្តែសម្តេចតេជោ បញ្ជាក់ថា ខេត្តទាំង ៤នេះ គឺទុកលទ្ធភាពឱ្យប្រជាពលរដ្ឋម្នាក់ៗ សម្រេចចិត្តដោយខ្លួនឯងថា ត្រូវពាក់ម៉ាស ឬមិនពាក់ម៉ាសនោះទេ។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងខេត្តទាំង ៤នេះ គឺទុកលទ្ធភាពជូនប្រជាពលរដ្ឋរបស់យើង សម្រេចដោយខ្លួនឯង ត្រូវពាក់ម៉ាស ឬមិនពាក់ម៉ាស។

បងប្អូន ដែលទៅពីខាងក្រៅខេត្តទាំង ៤នោះ ហើយទៅលេងខេត្តទាំង ៤នោះ ក៏ត្រូវសម្រេចខ្លួនឯងថា ត្រូវពាក់ម៉ាស ឬមិនពាក់ម៉ាស។ ប៉ុន្តែនៅពេលចេញពីខេត្តទាំង ៤នេះ បើចូលទៅខេត្តផ្សេងទៀត គឺត្រូវពាក់ម៉ាស ជាកាតព្វកិច្ចចាំបាច់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការសម្រេចនេះ ចាប់ផ្តើមអនុវត្ត នៅពេលសាររបស់សម្តេច បានចេញ គឺនៅយប់ថ្ងៃទី១០ ខែមេសានេះតទៅ។

សម្តេចតេជោ ក៏បានណែនាំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំរៀបចំវិធានការមួយចំនួនទៀត សម្រាប់អនុវត្តក្នុងខេត្តទាំង ៤នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តទាំង ៤នេះ ត្រូវប្រុងប្រៀប ត្រៀមធ្វើតេស្តរហ័ស ហើយប្រជាពលរដ្ឋ ដែលមានការសង្ស័យ ក៏ត្រូវស្វែងរកការធ្វើតេស្តរហ័ស រកកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នេះជាការសាកល្បងភាពស៊ាំក្នុងសហគមន៍ ដែលយើងបានអនុវត្តដោយជោគជ័យ ក្នុងរយៈពេលកន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ពីទីក្រុង ក៏មិននាំជំងឺទៅជនបទ ហើយពីជនបទ ក៏មិននាំជំងឺចូលទីក្រុង ដោយអ្នកចូលទីក្រុងវិញ ចាំបាច់ ត្រូវពាក់ម៉ាស ហើយអ្នកចេញផុតពីខេត្តទាំង ៤នេះ ក៏ត្រូវតែពាក់ម៉ាស ជាចាំបាច់។

ដូច្នេះនៃការនាំពីខេត្តទាំង ៤នេះ ចូលទៅកាន់ខេត្តផ្សេង គឺមានកម្រិតតិចតួច ក្នុងពេលវិធានការពាក់ម៉ាស ត្រូវបានអនុវត្តនៅក្នុងដែនដី ក្រៅពីខេត្តទាំង ៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងសាកល្បងនេះ មិនមែនយកជីវិតប្រជាជនទៅសាកល្បងទេ។

ក៏ប៉ុន្តែយើងចង់ដឹងអំពីភាពធន់ ភាពស៊ាំសហគមន៍របស់យើង ទាំងទីក្រុង និងទាំងជនបទ ហើយខេត្ត ដែលយើងដាក់ឱ្យអនុវត្តនេះ ជាខេត្ត ដែលគ្មានឆ្លង ហើយបើមាន ក៏មានតិចតួចណាស់ ក្នុងរយៈកាលកន្លងមកនេះ។

ដូច្នេះសូមបងប្អូនជនរួមជាតិ ក្រោយពីបានទទួលសារនេះហើយ សម្រេចចិត្តដោយខ្លួនឯង ថាពាក់ម៉ាស ឬមិនគួរពាក់ម៉ាស នៅពេលចូលដល់ខេត្តទាំង ៤នេះ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ។

គឺសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស ឬមិនពាក់ម៉ាស។ ប៉ុន្តែនៅពេលចេញផុតពីដែនដីខេត្តទាំង ៤នេះ ត្រូវតែពាក់ម៉ាស ជាចាំបាច់»៕

ដកស្រង់ពី៖ កោះសន្តិភាព