បណ្តាញសង្គម

សង្គម​ស៊ីវិល នៅតែមាន​កង្វល់ អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា ជាពិសេស អ្នក​មិន​ពាក់មួក​សុវត្ថិភាព

ភ្នំពេញ៖ អង្គការមូលនិធិ បង្ការរបួសអាស៊ី ប្រចាំកម្ពុជា (AIP) ក្រោមកិច្ចសហការជាមួយ អង្គការបង្ការរបួសអាស៊ី ប្រាំប្រទេស ដាណឺម៉ាក កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ បានរៀបចំសិក្ខាសាលា ជាមួយអ្នកពាក់ព័ន្ធ ស្តីពីលទ្ធភាព ក្នុងការផ្តល់មួកសុវត្ថិភាព ដែលមានគុណភាពល្អ ដល់កម្មករ និយោជិត និងកុមារកម្ពុជា ក្នុងគោលដៅរួមចំណែក លើកកម្ពស់សុវត្ថិភាពចរាចរណ៍ នៅកម្ពុជា។

ក្នុងអង្គសិក្ខាសាលានាឱកាសនេះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ

សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថាៈ ក្នុងចំណោមអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ គឺមានប្រមាណជាង ២០ ភាគរយ ជាអ្នកប្រើម៉ូតូ ក្នុងនោះមានជាង ៧០ ភាគរយ មិនបានពាក់មួកសុវត្ថិភាព។

លោកស្រី បានឲ្យដឹងទៀតថាៈ គ្រាន់តែ ៣ខែ ដើមឆ្នាំ២០២២នេះ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍ចំនួន ៤៩៣ នាក់ ក្នុងនោះ អ្នកប្រើម៉ូតូ ៤០៣នាក់ ហើយមិនពាក់មួកសុវត្ថិភាព ២៩៧ នាក់។

លោកស្រី បានលើកឡើងបន្តថាៈ អ្នកប្រើប្រាស់មធ្យោបាយ តាមម៉ូតូ នៅតែប្រឈមមុខ ខ្ពស់នឹងគ្រោះថ្នាក់ចរាចរណ៍ ក្នុងចំណោមគ្រោះ ថ្នាក់ដែលបង្កឡើង ដោយកត្តាផ្សេង។

លោក គឹម បញ្ញា នាយកប្រតិបត្តិ អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា បានលើកឡើង ថាៈ ស្របពេលដែលមានការវិវឌ្ឍន៍ ជាវិជ្ជមាន គួរឲ្យកត់សម្គាល់មួយចំនួន ក្នុងកិច្ចខិតខំ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ នៅកម្ពុជា

គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ បំផុតមួយ សម្រាប់កម្ពុជា ដោយក្នុងមួយថ្ងៃៗ គ្រោះថ្នាក់នេះ បានសម្លាប់ជីវិតមនុស្ស និងបង្ករឲ្យ មានការរងរបួសធ្ងន់ ស្រាល ជាច្រើននាក់ ព្រមទាំងបន្សល់ទុកនូវ ផលលំបាកជាច្រើន ដល់ក្រុមគ្រួសារជនរងគ្រោះ និងសង្គមជាតិ។

ជាមួយគ្នានេះ លោកស្នើឱ្យមានការបង្កើនការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកជិះម៉ូតូ និងគាំទ្រឱ្យមានការរឹតបន្តឹង ច្បាប់ចរាចរណ៍ ទាំងទៅលើការពាក់មួកសុវត្ថិភាព ដើម្បីកាត់បន្ថយចំនួន គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ឱ្យនៅកម្រិតទាបបំផុត។

លោកនាយក ក៏បានស្នើដល់វិស័យឯកជន និងសប្បុរសជនផងដែរ បង្កើនការចូលរួម ក្នុងយុទ្ធនាការ បង្កើនការពាក់មួកសុវត្ថិភាព ដល់កុមារ និងកម្មករ និយោជិត ដែលជាអ្នករួម ចំណែក យ៉ាងសំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់កម្លាំងពលកម្ម ដល់ឧស្សាហកម្ម ផ្នែកនាំចេញ។

យោងតាមការសិក្សាស្រាវជ្រាវ ជាសកលមួយ បានបង្ហាញថាៈ ការពាក់មួកសុវត្ថិភាព បានត្រឹមត្រូវ អាចកាត់បន្ថយការរងរបួសក្បាល ធ្ងន់ធ្ងរបាន ៦៩ ភាគរយ និងបញ្ចៀសការស្លាប់ បាន ៤២ ភាគរយ។

សូមបញ្ជាក់ទៀតថា យោងតាមច្បាប់ចរាចរណ៍របស់កម្ពុជា បានកំណត់ឱ្យអ្នកប្រើប្រាស់ មធ្យោបាយម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរពីក្រោយគិតទាំងកុមារ។

ក្នុងករណីមិនពាក់មួកសុវត្ថិភាព ត្រូវពិន័យជាប្រាក់ ចំនួន ៦០.០០០ រៀល ក្នុងម្នាក់៕

ដកស្រង់ពី៖ រស្មីកម្ពុជា