បណ្តាញសង្គម

ទេសរដ្ឋមន្ត្រី លី ធុជ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា យ៉ាងរឹងមាំ ប្រកបដោយ​ទស្សនវិស័យ​វែងឆ្ងាយ និង​បង្កើត​នូវ​បរិយាកាស​ល្អ សម្រាប់​ធុរកិច្ច​ជន

ភ្នំពេញ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងថាៈ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានការដឹកនាំរឹងមាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ នាំមកនូវសន្តិភាព និងស្ថិរភាព ព្រមទាំងបានបង្កើតនូវ គោលនយោបាយ ផ្តល់ឱកាស និងបរិយាកាស យ៉ាងច្រើន គាំទ្រដល់ការវិនិយោគ សម្រាប់ធុរកិច្ចជន និងការទាក់ទងការវិនិយោគ ជិតឆ្ងាយមកកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី១០ នៃសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា កាលពីចុងសប្តាហ៍មុន នៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនង ជាប្រវត្តិសាស្ត្រ រវាងកម្ពុជា និងឥណ្ឌា ដែលលោកប្រាកដថា ទំនាក់ទំនងនេះ នឹងនាំមកនូវ ការធ្វើឲ្យប្រសើរឡើងបន្ថែមទៀត ក្នុងការចូលរួមយ៉ាងសកម្ម សម្រាប់វិស័យពាណិជ្ជកម្ម និងអាជីវកម្ម។

លោកបានកោតសរសើរ ជូនចំពោះលោក Sandeep Majumdar ប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា និងក្រុមប្រឹក្សាភិបាល ដែលបានចូលរួម ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ទទួលបានជោគជ័យ។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ឱ្យដឹងថាៈ ទំហំពាណិជ្ជកម្ម និងវិនិយោគទុន រវាងឥណ្ឌា កម្ពុជា បានផ្លាស់ប្តូរវិជ្ជមាន នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ការនាំចេញរបស់កម្ពុជា ទៅឥណ្ឌា ក្នុងឆ្នាំ២០២១ មានចំនួនជាង ១១៣ លានដុល្លារ ដែលកើនឡើង ៩៩ ភាគរយ ពីឆ្នាំ ២០១៩ ដែលមានតែជាង ៥៧ លានដុល្លារ។

កំណើននេះ ជាសញ្ញាល្អមួយ នៃទំនាក់ទំនាក់ទំនង ទ្វេភាគី។ លោកសង្ឃឹមថា វិនិយោគិនឥណ្ឌា នឹងមកបណ្តាក់ទុន ថែមទៀតនៅកម្ពុជា។

លោក Sandeep Majumdar ប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (InCham) បានថ្លែងថាៈ សភាពាណិជ្ជកម្មឥណ្ឌា នៅកម្ពុជា បង្កើតដំបូង នៅឆ្នាំ២០១២ ដោយមានតែស្ថាបនិក ៥ រូបប៉ុណ្ណោះ។

មកដល់ពេលនេះ មានរយៈ ១០ ឆ្នាំហើយ។ សភាពាណិជ្ជកម្មឥណ្ឌា នៅកម្ពុជា បានធ្វើការជាមួយដៃគូសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្ម ជាច្រើន នៅកម្ពុជា។

លោកបានបន្តថាៈ សភាពាណិជ្ជកម្មឥណ្ឌា នៅកម្ពុជា បានខិតខំទាក់ទាញ និងនាំវិនិយោគិន ឥណ្ឌា មកវិនិយោគនៅកម្ពុជា និងបាននាំអ្នកវិនិយោគរបស់កម្ពុជា

ទៅរកស៊ីនៅឥណ្ឌា ព្រមទាំងបានបង្កើតព្រឹត្តិការណ៍ និងជំនួបពាណិជ្ជកម្ម ជាច្រើន ដើម្បីជំរុញវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា