បណ្តាញសង្គម

ជំហាន​ដ៏​ជោគជ័យរបស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​នឹង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

ភ្នំពេញ៖ ក្នុងសារជាសំឡេងពិសេសជូនជនរួមជាតិ កាលពីយប់ថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសសម្រេចដាក់ខេត្តចំនួនបួន គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ មិនតម្រូវឱ្យប្រជាពលរដ្ឋបំពេញកាតព្វកិច្ច ពាក់ម៉ាសទៀតនោះទេ។នៅក្នុងទឹកដីខេត្តទាំងបួននេះ រដ្ឋាភិបាលទុកលទ្ធភាពឱ្យប្រជាពលរដ្ឋម្នាក់ៗ សម្រេចចិត្តដោយខ្លួនឯងថា ត្រូវពាក់ម៉ាស ឬមិនពាក់ម៉ាសនោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាយ៉ាងល្អិតល្អន់ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធ។

ដោយចាប់ផ្តើមអនុវត្តចាប់តាំងពីយប់ថ្ងៃទី១០ ខែមេសាតទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នេះជាការសាកល្បងភាពស៊ាំក្នុងសហគមន៍ ដែលយើងបានអនុវត្តដោយជោគជ័យ ក្នុងរយៈពេលកន្លងទៅ។

សម្តេចសង្ឃឹមថា ពីទីក្រុង ក៏មិននាំជំងឺទៅជនបទ ហើយពីជនបទ ក៏មិននាំជំងឺចូលទីក្រុង ដោយអ្នកចូលទីក្រុងវិញចាំបាច់ត្រូវពាក់ម៉ាស ហើយអ្នកចេញផុតពីខេត្តទាំងបួននេះ ក៏ត្រូវតែពាក់ម៉ាស ជាចាំបាច់។

ដូច្នេះលទ្ធភាពនៃការនាំជំងឺកូវីដពីខេត្តទាំង ៤នេះ ចូលទៅកាន់ខេត្តផ្សេង គឺមានកម្រិតតិចតួច ក្នុងពេលវិធានការពាក់ម៉ាស ត្រូវបានអនុវត្តនៅក្នុងដែនដី ក្រៅពីខេត្តទាំង ៤នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងសាកល្បងនេះ មិនមែនយកជីវិតប្រជាជនទៅសាកល្បងទេ។

ក៏ប៉ុន្តែយើងចង់ដឹងអំពីភាពធន់ ភាពស៊ាំសហគមន៍របស់យើង ទាំងទីក្រុង និងទាំងជនបទ ហើយខេត្ត ដែលយើងដាក់ឱ្យអនុវត្តនេះ ជាខេត្ត ដែលគ្មានឆ្លង ហើយបើមាន ក៏មានតិចតួចណាស់ ក្នុងរយៈកាលកន្លងមកនេះ។

ដូច្នេះសូមបងប្អូនជនរួមជាតិ ក្រោយពីបានទទួលសារនេះហើយ សម្រេចចិត្តដោយខ្លួនឯង ថាពាក់ម៉ាស ឬមិនគួរពាក់ម៉ាស នៅពេលចូលដល់ខេត្តទាំង ៤នេះ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ។

គឺសម្រេចចិត្តដោយខ្លួនឯងពាក់ម៉ាស ឬមិនពាក់ម៉ាស។ ប៉ុន្តែនៅពេលចេញផុតពីដែនដីខេត្តទាំងបួននេះ ត្រូវតែពាក់ម៉ាស ជាចាំបាច់»។

ជាការពិត យោងតាមការសម្រេចថ្មីនេះ ប្រជាពលរដ្ឋ ដែលទៅពីក្រៅ ដើម្បីទស្សនកិច្ច នៅក្នុងខេត្តទាំង៤នោះ ក៏មានសិទ្ធិជ្រើសរើស ដោយខ្លួនឯង ដូចពលរដ្ឋរស់នៅក្នុងខេត្តទាំងនោះដែរ ថាត្រូវពាក់ម៉ាស ឬមិនពាក់ ប៉ុន្តែក្រោយចាកចេញពីខេត្តទាំង៤នេះ កាតព្វកិច្ចពាក់ម៉ាស់ ត្រូវតែអនុវត្តជាធម្មតាឡើងវិញ ដែលស្ថិតនៅក្នុងវិធានការសុខាភិបាល ៣កុំ និង៣ការពារដដែល។

បទពិសោធន៍ និងវិធានការរបស់កម្ពុជា បានបង្ហាញរួចមកហើយ ចាប់តាំងពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ គឺស្ថានភាពកូវីដ១៩ នៅកម្ពុជាយើង កាន់តែធូរស្រាលពីមួយថ្ងៃ ទៅមួយថ្ងៃ។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ចំនួនអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា មានត្រឹមតែ ១៦នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេស ហើយពុំមានអ្នកស្លាប់ដោយសារតែជំងឺកូវីដ១៩ ទៀតទេ។

ការបន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ រួមទាំងអត្រាអ្នកឆ្លងប្រចាំថ្ងៃថយចុះនេះ ក៏ដោយសារតែកម្ពុជាយើង អនុវត្តនូវវិធានការស្រោចវ៉ាក់សាំងដោយជោគជ័យ ពោលគឺប្រជាពលរដ្ឋជិត ១៥លាននាក់ ចាប់ពីអាយុ ៣ឆ្នាំឡើង បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ម្នាក់ ២ដូស ហើយចាប់ពីអាយុ ៥ឆ្នាំឡើង ចាក់បាន ៣ដូស និងចាប់ពីអាយុ ១៨ឆ្នាំឡើង ចាក់វ៉ាក់សាំង ម្នាក់ៗ ៤ដូស។

ក្រៅពីនេះ ការបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ ក៏ម្នាក់ៗ នៅតែបន្តអនុវត្តនៅឡើយ។ ដូច្នេះការសម្រេចថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលលើកនេះ គឺជាការសាកល្បងភាពធន និងភាពស៊ាំ ក្នុងសហគមន៍ ដែលកម្ពុជា បានអនុវត្តន៍ដ៏ជោគជ័យ ក្នុងរយៈពេលកន្លងទៅ ដោយមិនមែនយកជីវិតប្រជាពលរដ្ឋទៅសាកល្បងទេ ក៏ប៉ុន្តែគឺដើម្បីចង់ដឹងអំពីភាពធន ភាពស៊ាំក្នុងសហគមន៍ទាំងនៅទីក្រុង និងទីជនបទ។

ម្យ៉ាងទៀត ឆ្លងតាមពេលឈប់សម្រាកបុណ្យទានជាច្រើនកន្លងមក គឺនៅពេលបុណ្យអុំទូក កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ពេលចូលឆ្នាំសកលឆ្នាំ២០២១ ចូលឆ្នាំ២០២២ រួមទាំងពេលចូលឆ្នាំចិន ជាដើម គឺកម្ពុជាយើង មិនបានផ្ទុះការឆ្លងសហគមន៍ធ្ងន់ធ្ងរឡើងវិញទេ ទោះជាមានករណីឆ្លងកូវីដ នៅបន្តកើតឡើងរៀងរាល់ថ្ងៃក៏ដោយ។

ក្នុងនោះ ទោះបីជាកាលពីខែកុម្ភៈ ឆ្នាំ២០២២នេះ ការឆ្លងកូវីដ ប្រភេទអូមីក្រុង ហាក់ដូចជាកម្រើកឡើងវិញ ដោយឆ្លងតាមសហគមន៍ តាមផ្ទះ តាមក្រុមហ៊ុន និងតាមសាលារៀន ពិសេសនៅភ្នំពេញ ច្រើននាក់ក៏ដោយ ក៏ការឆ្លងនោះ មិនធ្ងន់ធ្ងរឡើយ ព្រោះអ្នកឆ្លង ទាំងក្មេង ទាំងចាស់ ហាក់ដូចជា កើតជំងឺផ្តាសាយធម្មតា ហើយស្ទើរតែទាំងអស់ នៅសម្រាកព្យាបាលតាមផ្ទះ ដោយលេបថ្នាំ មិនដល់មួយអាទិត្យផង ក៏ជាសះស្បើយឡើងវិញ។

ជារួម ការសម្រេចលើកលែងការពាក់ម៉ាស នៅខេត្តបួន តាមព្រំដែន នៅភាគឦសាននេះ ក៏ច្បាស់ណាស់ថា នឹងមិនមានអ្វីកើតឡើង ឬក៏ផ្ទុះការឆ្លងកូវីដ ក្នុងអំឡុងចូលឆ្នាំថ្មីនេះឡើយ។

បន្ទាប់ពីចូលឆ្នាំរួច យ៉ាងយូរ ១សប្តាហ៍ ការលើកលែងកាតព្វកិច្ចពាក់ម៉ាស នឹងពង្រីកទៅខេត្តផ្សេងបន្ថែមទៀត ហើយអាចនឹងអនុវត្តទូទាំងប្រទេសតែម្តង។

មួយវិញទៀត ពលរដ្ឋយើងម្នាក់ៗ ក៏ចេះបង្កើនអនាម័យខ្ពស់ និងការពារខ្លួនដោយខ្លួនឯង ពីកូវីដ បន្ថែមលើការចូលរួមចាក់វ៉ាក់សាំងផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា