បណ្តាញសង្គម

ថ្នាក់ដឹកនាំ​រដ្ឋសភា កម្ពុជា​-​ឥណ្ឌា បេ្ត​ជ្ញា​រួមគ្នា​ពង្រឹងពង្រីក កិច្ច​សហប្រតិបត្តិ​សភា សេដ្ឋកិច្ច សង្គម វប្បធម៌ នៃ​ប្រទេស​ទាំងពីរ​

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក អំ បឺរឡា ( Om Birla) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ឥណ្ឌា បានប្តេជ្ញារួមគ្នា នៅក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភា ប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌ ទ្វេភាគី និងអន្តរជាតិ។

ប្រធានរដ្ឋសភាកម្ពុជា និងឥណ្ឌា បានប្តេជ្ញាផងដែរ ក្នុងការជំរុញដល់ កិច្ចសហប្រតិបត្តិការ ខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ នៃប្រទេស ទាំងពីរ ឱ្យបានគ្រប់ជ្រុងជ្រោយឡើង។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើង ក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់ លោក អំ បឺរឡា នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ។រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក អំ ប៊ើឡា ជាផ្លូវការ យ៉ាងអធិកអធមជាទីបំផុត នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នេះ។

ក្រោយពីពិធីទទួលបដិសណ្ឋារកិច្ច ជាផ្លូវការ និងការជួបសម្តែងការគួរសម ជាមួយគ្នា រួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក អំ បឺរឡា បានពិភាក្សា ការងារទ្វេភាគី នៅក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទាំងពីរ ក្នុងបរិយាកាសស្និទ្ធស្នាល ជាទីបំផុត។

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឥណ្ឌា បានសម្តែងក្តីសប្បាយរីករាយ ជាទីបំផុត ចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ជាប្រវត្តិសាស្ត្រ នៅក្នុងរយៈពេល ៧០ ឆ្នាំមកនេះ។

ប្រជាជនកម្ពុជា-ឥណ្ឌា មានទំនាក់ទំនង ជាប្រវត្តិសាស្ត្រ ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀងគ្នា។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយក្រៃលែង ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក អំ បឺរឡា និងគណៈប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចបានលើកឡើងថាៈ ដំណើរទស្សនកិច្ចរបស់លោក ប្រធានរដ្ឋសភា នាពេលនេះ ពិតជាផ្តល់នូវកិត្តិយស និងមានអត្ថន័យ ជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងឱ្យ ឃើញពីការបន្តពង្រឹងពង្រីក ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។

សម្តេច បានបញ្ជាក់ថាៈ ឥណ្ឌា ជាប្រទេសមួយ ក្នុងចំណោមប្រទេស មិនច្រើនទេ ដែលបានទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងបានបើកស្ថានទូត នៅកម្ពុជា នាឆ្នាំ១៩៨១។

សម្តេចប្រធានរដ្ឋសភា បានជម្រាបគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាឥណ្ឌា អំពីការបន្តរក្សា ឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជា ក្នុងរយៈពេលវែង ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់ និងសកលលោក។

សម្តេច បានលើកឡើង ពីការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រទេសជាតិ លើគ្រប់វិស័យ រួមនឹងវិធានការស្តារសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ នៅក្រោយវិបត្តិកូវីដ១៩។

សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថាៈ ចាប់តាំងពីនីតិកាលទី១ មក រដ្ឋសភាកម្ពុជា បាននិងកំពុងបន្តពង្រឹងពង្រីក ទំនាក់ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាសភានានា នៅក្នុងតំបន់ និងសកលលោក សំដៅរួមចំណែក លើកកម្ពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងក្របខណ្ឌតំបន់ និងសកល លោក។

រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា ជាមួយសភាជាង ១០០ ប្រទេស នៅលើសកលលោក ក្នុងនោះ ក៏មានរដ្ឋសភាឥណ្ឌា ផងដែរ ក្នុងបំណងជំរុញលើកកម្ពស់ ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការ ជាលក្ខណៈទ្វេភាគី ដើម្បីផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក។

លោក អំ បឺរឡា បានសម្តែងការគាំទ្រ ចំពោះប្រសាសន៍លើកឡើង របស់សម្តេចប្រធាន រដ្ឋសភា និងបានគូសបញ្ជាក់ថាៈ តាមរយៈការជួបសន្ទនា ជាទៀងទាត់ របស់ថ្នាក់ដឹកនាំ ប្រទេសទាំងពីរ បានធ្វើឱ្យទំនាក់ទំនង ជាប្រវត្តិសាស្ត្រកម្ពុជា និងឥណ្ឌាកាន់តែស៊ីជម្រៅ។លោក បានគូសបញ្ជាក់ថាៈ ប្រទេសឥណ្ឌា បានឱ្យតម្លៃជាសំខាន់ ចំពោះទំនាក់ទំនងប្រទេស ទាំងពីរ។

មានគម្រោងអភិវឌ្ឍន៍ជាច្រើន របស់ឥណ្ឌា នៅកម្ពុជា ដូចជា វិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដែលគម្រោងទាំងអស់នោះ បានផ្តល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោកប្រធានរដ្ឋសភា បានគោរពអញ្ជើញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌា នាពេលខាងមុខ។

វត្តមានសម្តេច នៅប្រទេសឥណ្ឌា មានសារសំខាន់ដើម្បីចូលរួម ក្នុងវេទិកាអាស៊ាន-ឥណ្ឌា ផងដែរ និងក្នុងឱកាសប្រទេសទាំងពីរ ប្រារព្ធខួបលើកទី៧០ នៃចំណងការទូត និងចំពេលដែលឥណ្ឌា ប្រារព្ធខួបលើកទី៧៥ នៃទិវាឯករាជ្យជាតិ ក៏ដូចជា ឱកាសម្ពោធអគាររដ្ឋសភាថ្មី ផងដែរ។ សម្តេចអគ្គមមហាចក្រី ហេង សំរិន បានទទួលសំណើ របស់គណៈប្រតិភូសភាឥណ្ឌា។

ជាមួយគ្នានេះ សម្តេច បានគោរពអញ្ជើញ គណៈប្រតិភូសភាឥណ្ឌា មកចូលរួមមហាសន្និបាត AIPA លើកទី៤៣ ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ខាងមុខ ក្នុងនាមជាសភា សង្កេតការណ៍។

សម្តេចបានស្នើសូមភាគីឥណ្ឌា ពន្លឿនដល់ការបង្កើតឱ្យមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ បន្តគាំទ្រការបណ្តុះបណ្តាល ធនធានមនុស្ស នៅកម្ពុជា និងជួយកិច្ច សហការ ក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌ វប្បធម៌ និងជំរុញដល់រដ្ឋាភិបាលឥណ្ឌា អនុវត្តការស្តារបេតិកភណ្ឌ ប្រាសាទបាយ័ន ព្រះវិហារ ដែលឥណ្ឌា ជាសហប្រធាន ICC ព្រះវិហារ នោះ។

លោក អំ បឺរឡា បានទទួលសំណើរបស់ សម្តេចប្រធានរដ្ឋសភា និងសន្យាថា នឹងផ្តល់ចម្លើយ ជាវិជ្ជមានជូនសម្តេច តាមរយៈឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជា នាពេលក្រោយទៀត៕

ដកស្រង់ពី៖ រស្មិកម្ពុជា