បណ្តាញសង្គម

ប្រមុខកងយោធាមួកខៀវកម្ពុជាជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់អ.ស.បក្នុងគម្រោងបញ្ជូនកងយោធាទៅកាន់តំបន់បេសកកម្មនៅអាហ្វ្រិកកណ្តាល

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ ZOOM ជាមួយមន្ត្រីក្រុមការងារវាយតម្លៃរបស់អង្គការសហប្រជាជាតិ ប្រចាំនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ស្តីអំពីវឌ្ឍនភាពការងារប្រុងប្រៀបរៀបចំបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD ) ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។

តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានអោយដឹងថា កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីន កន្លងទៅនេះក្រុមមន្ត្រីរបស់អង្គការសហប្រជាជាតិប្រចាំនៅទីស្នាក់ការកណ្តាល នាទីក្រុងញូយ៉ក បានចុះមកធ្វើការត្រួតពិនិត្យ និងវាយតម្លៃការរៀបចំមធ្យោបាយសំភារៈគ្រឿងបំពាក់កងកម្ទេចគ្រឿងផ្ទុះ និងវាយតម្លៃសមត្ថភាពកងកម្ទេចគ្រឿងផ្ទុះកម្ពុជា១កងថ្មី ដើម្បីស្នើបញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពUNនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។

បន្ទាប់ពីចុះត្រួតពិនិត្យសំភារៈគ្រឿងបំពាក់ និងការហ្វឹកហ្វឺនបង្ហាញសមត្ថភាពកងកម្ទេចគ្រឿងផ្ទុះ១កងធំ នៅសាលាហ្វឹកហ្វឺកហ្វឺនរក្សាសន្តិភាពពហុជាតិ (PKO )ខេត្តកំពង់ស្ពឺ លោក អាដល័ ខាដូសូ ហ្វឺរីរ៉ា (Adler Cardoso Ferreira) ប្រធានក្រុមការងារផ្នែករក្សាសន្តិភាពមកពីស្នាក់កណ្តាលអង្គការសហប្រជាជាតិ

បានថ្លែងកោតសរសើរកងកម្លាំងកម្ទេចគ្រឿងផ្ទុះកម្ពុជា ដែលជាកងថ្មីមានសមត្ថភាពជំនាញវិជ្ជាជីវៈ និងចេះប្រើប្រាស់សំភារៈគ្រឿងបំពាក់កម្ទេចគ្រឿងផ្ទុះច្បាស់លាស់ ស្របតាមលក្ខខ័ណ្ឌតម្រូវការរបស់អង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ សែម សុវណ្ណនី បានថ្លែងបញ្ជាក់ថាៈនាពេលនេះថា កងថ្មី ដែលជាកងកម្ទេចគ្រឿងផ្ទុះEOD សរុបមានចំនួនជាង១០០ នាក់ ក្នុងនោះ មានកងកម្លាំងគាំទ្រថ្នាក់ជាតិចំនួន៣នាក់ផងដែរនោះ ត្រូវបាន ក្រុមមន្ត្រីមកពីអ.ស.ប ធ្វើការត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពជំនាញវិជ្ជាជីវៈប្រើប្រាស់សំភារៈកម្ទេចគ្រឿងផ្ទុះ

និងត្រួតពិនិត្យសំភារៈគ្រឿងបំពាក់នានា ធ្វើរបាយការណ៍រាយការណ៍បញ្ជូនទៅស្នាក់កណ្តាលអ.ស.ប ដើម្បីរៀបចំកងថ្មី ១កងនេះ បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាព អ.ស.ប រដ្ឋធានី ប៊ែងហ្គី សាធារណរដ្ឋអាហ្វ្រឹកកណ្តាលបន្ថែមទៀតនៅក្នុងអំឡុងពេលខាងមុខ ។

នាយឧត្តមសេនីយ សែម សុវណ្ណនី ក្នុងនាមជាអនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានថ្លែងថាៈកម្ពុជា បានបញ្ជូនទ័ពមួកខៀវទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅតំបន់ ប្រ៊ីយ៉ា (BRIA) សាធារណៈរដ្ឋអាហ្វ្រឹកកណ្តាលលើកដំបូងនៅឆ្នាំ២០១៥ មកដល់ឆ្នាំ២០២២ គឺកម្ពុជា

បានបញ្ជូនទ័ពមួកខៀវប្តូរវេនប្រចាំឆ្នាំ១ឆ្នាំម្តងមានចំនួនជាង២០០នាក់បានចំនួន៨លើក ដោយឡែកការបញ្ជូនប្តូរវេនលើកទី៨ក្នុងឆ្នាំ២០២២នេះ ភាគី អ.ស.ប បានស្នើកម្ពុជា បន្ថែមកងកម្លាំងចំនួន១៥នាក់បន្ថែមទៀត ដើម្បីពង្រឹកបេសកកម្មដូចជា សាងសង់សំណង់ផ្តេក សាងសង់សំណង់បញ្ឈរ ដោះមីន កម្ទេចគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជីកអណ្តូងទឹក ជួយជនស៊ីវិលផ្នែកមនុស្សធម៌ និងការពារជនស៊ីវិល នៅតំបន់មានជម្លោះសង្គ្រាមនៅតំបន់ប៊្រីយ៉ាជាដើម ។

សូមបញ្ជាក់ថាៈ កម្ពុជា គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២នេះបានបញ្ជូនកងកម្លាំងសរុបជាង៨.០០០នាក់ ក្នុងនោះមាននារីចំនួន៥២៨នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ប្រទេស

ដោយឡែកនៅក្នុងឆ្នាំ២០២២នេះ កម្ពុជា មានកងទ័ពមួកខៀវចំនួនជិត៨០០នាក់កំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសចំនួន៤រួមមានៈ ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វឹកកណ្តាល និងប្រទេសម៉ាលី ។

មុនកិច្ចប្រជុំនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានជួបពិភាក្សាតាមប្រព័ន្ធទូរស័ព្ទ ស្តីពីការបញ្ជូនកងកម្ទេចគ្រឿងផ្ទុះថ្មី សម្រាប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ជាមួយនាយឧត្តមសេនីយ៍ ប៊ីរ៉ាម ឌ៊ីយូប ( Birame Diop) ទីប្រឹក្សាយោធាអគ្គលេខាធិការអង្គការសហ ប្រជាជាតិ ដោយបញ្ជាក់ថា: កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការបញ្ជូនកម្លាំងជំនាញកម្ទេចគ្រឿងផ្ទុះទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។

ការប្រើប្រាស់ឧបករណ៍កែច្នៃ ( IEDs) ដែលមានការកើនឡើងយ៉ាងគួរអោយកត់សម្គាល់ និងផ្តល់ហានិភ័យខ្ពស់ ជាពិសេសនៅប្រទេសម៉ាលី ហើយគ្រឿងផ្ទុះទាំងនេះ ចាប់ផ្តើមមានការប្រើប្រាស់នៅសាធារណរដ្ឋអាហ្វ្រិកណ្តាលផងដែរ ។

ហើយថ្មីៗនេះ ករណីផ្ទុះគ្រាប់មីន និងIEDs មានរហូតដល់៦៦ ករណី បង្ករបួស ឆក់យកអាយុជីវិតកម្លាំងរក្សាសន្តិភាព និងប្រជាពលរដ្ឋអាហ្វ្រិកកណ្តាល ។

ក្នុងន័យនេះ ដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់សុវត្ថិភាពដល់កម្លាំងរក្សាសន្តិភាព និងប្រជាជន លោក ក៏បានស្នើយ៉ាងទទូចអោយកម្ពុជា ពន្លឿនក្នុងការចល័តកម្លាំងជំនាញរបស់កម្ពុជាទៅកាន់តំបន់បេសកកម្មអោយបានឆាប់រហ័ស ៕

ដកស្រង់ពី៖ រស្មីកម្ពុជា