បណ្តាញសង្គម

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត រវាង​កម្ពុជា​-​ថៃ ជា​កត្តា​គន្លឹះ ជួយ​ជំរុញ​ដល់ កំណើន​ពាណិជ្ជកម្ម​

ភ្នំពេញ៖ «ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ មិនគ្រាន់តែបង្កើនទំហំ នៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាកត្តាគន្លឹះ ជួយជំរុញដល់ កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេស ទាំងពីរ ផងដែរ»។

នេះជាប្រសាសន៍ របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន។

ក្នុងជំនួបការងារ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយលោក Saksayam Chidchob រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ នាពេលថ្មីៗ កន្លងទៅនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូន ភាគីថៃថាៈ រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ទៅលើកែលម្អប្រព័ន្ធផ្លូវដែក កម្ពុជា ដោយបច្ចុប្បន្ននេះ កម្ពុជាកំពុងតែដំណើរការ ការសិក្សាសមិទ្ធលទ្ធភាព (Feasibility Study) លើការធ្វើទំនើបកម្មផ្លូវដែក ល្បឿនលឿន នៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនភាគីថៃផងដែរ នូវបច្ចុប្បន្នភាព នៃគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ កំពុងអនុវត្តបន្តរបស់កម្ពុជា ដែលរួមមានៈ គម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៥ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុង

នៅក្នុងឆ្នាំ២០២៤ បង្កើតបានជាអាស៊ាន ហាយវ៉េលេខ១ គម្រោងសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិ លេខ៤៨ ពីស្រុកស្រែអំបិល ទៅខេត្តកោះកុង គម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅកំពង់ផែសមុទ្រ ទឹកជ្រៅ ខេត្តព្រះសីហនុ បង្កើតបានជាអាស៊ានហាយវ៉េលេខ១១ តភ្ជាប់ពីប្រទេសឡាវ តាមរយៈផ្លូវជាតិលេខ៧ គម្រោងសាងសង់ផ្លូវល្បឿនលឿន ពី

ភ្នំពេញ ទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ដោយឈរលើគោលការណ៍ BOT (កសាង ប្រតិបត្តិ ផ្ទេរ) ដែលគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២២ ជាផ្លូវល្បឿនលឿន លើកដំបូងគេ នៅកម្ពុជា និងគម្រោងធ្វើឱ្យប្រសើរឡើង លេខ៦៧ ពីភ្នំពេញ ទៅអន្លង់វែង និងតភ្ជាប់ទៅកាន់ ប្រទេសថៃ ក្នុងគោលបំណង

ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែប្រសើរ ឡើងថែមទៀត។ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ភាគីថៃ ដែលបានផ្តល់ហិរញ្ញប្ប ទាន ដល់កម្ពុជា ក្នុងគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន

និងស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដែលគម្រោងទាំងពីរនេះ នឹងជួយសម្រាលដល់ការកកស្ទះ នៅច្រកទ្វារព្រំដែន ប៉ោយប៉ែត-អារញ្ញប្រាថេត និងជំនួយជាដែករ៉ៃប្រើរួច ប្រវែង ១៤០ គីឡូម៉ែត្រ រួមទាំងកំណល់ និងក្រចាប់ ជាប្រយោជន៍ សម្រាប់ប្រើប្រាស់ នៅក្នុងវិស័យផ្លូវដែក នៅកម្ពុជា។

គួរកត់សម្គាល់ថា នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សារកវិធីសាស្ត្រ ជំរុញការអនុវត្ត គម្រោងសាងសង់ រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន (Cross Border Facilities) នៅច្រកទ្វារព្រំដែន អន្តរជាតិ ស្ទឹងបត់-បានណងអៀន និងដាក់ឱ្យដំណើរការច្រកទ្វារព្រំដែននេះ ឱ្យបានឆាប់ ប្រកបដោយប្រសិទ្ធភាព សំដៅសម្រាលការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិ

ប៉ោយប៉ែត-អារញ្ញប្រាថេត ការបើកច្រកទ្វារព្រំដែនផ្សេងទៀត នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ និងកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងគោលបំណងបង្កើនការតភ្ជាប់ បង្កើនទំហំពាណិជ្ជកម្ម ទាក់ទាញទេសចរណ៍ និងវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ ប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីការអភិវឌ្ឍធនធានមនុស្ស ដោយភាគីថៃ បានសម្តែងការគាំទ្រ ដល់ការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងមានបំណងគាំទ្រ ការបណ្តុះបណ្តាល ទៅតាមសំណើរបស់វិទ្យាស្ថានផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា