បណ្តាញសង្គម

អូស្ត្រាលី ជួយសិក្សា​លើការរៀបចំ​ទីក្រុងវៃឆ្លាត នៅរាជធានីភ្នំពេញ ​

ភ្នំពេញ៖ អូស្ត្រាលី នឹងធ្វើការសិក្សាបន្ថែមលើការរៀបចំទីក្រុងវ័យឆ្លាត សម្រាប់រាជធានីភ្នំពេញ។ រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។

នេះបើតាមលោក ប៉ាប្លូ កាង ( Pablo Kang ) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា។ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា លោក ប៉ាប្លូ កាង បានលើកឡើងដូច្នេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

លោក ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាអរគុណ ចំពោះការជួយរបស់អូស្ត្រាលី ទៅលើការសិក្សា រៀបចំនូវទីក្រុងវៃឆ្លាតឱ្យរាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នឹងជួយជ្រោមជ្រែងគ្រប់ការងាររបស់ស្ថានទូតអូស្ត្រាលី។ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសហការការងារជាមួយស្ថានទូតអូស្ដ្រាលីឱ្យកាន់តែប្រសើរបន្ថែមទៀត ខណៈដែលកម្ពុជា និងអូស្ត្រាលី យើងមានទំនាក់ទំនងការទូតជាមួយគ្នាជាង ៧០ឆ្នាំមកហើយ។

គួរបញ្ជាក់ថា អតីតអគ្គមេបញ្ជាការ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ នៅកម្ពុជា (អ៊ុនតាក់) លោកឧត្តមសេនីយ៍ឯក John Murray Sanderson AC និងភរិយា គឺលោកស្រី Lorraine Sanderson មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២ ឧសភា ដើម្បីអបអរខួបទី៣០ឆ្នាំ ដែលអ៊ុនតាក់ មានវត្តមាននៅកម្ពុជា និងជាផ្នែកមួយនៃការអបអរខួបទី ៧០ នៃទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងកម្ពុជា។

ពាក់ព័ន្ធនឹងអ៊ុនតាក់នេះ លោក ឃួង ស្រេង បានសម្ដែងនូវការអរគុណ ចំពោះអ៊ុនតាក់ ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាព សម្រាប់កម្ពុជា ដោយក្នុងនោះ តួអង្គសំខាន់ ដែលរកសន្តិភាពបានពិតប្រាកដ សម្រាប់ប្រទេសកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំនោះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក ប៉ាប្លូ កាង ក៏បានសំដែងនូវការកោតសរសើរ ចំពោះរាជធានីភ្នំពេញ ក៏ដូចជា ប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩

បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា បានយ៉ាងល្អ ដែលធ្វើឱ្យជំងឺនេះ មិនរីករាលដាលធ្ងន់ធ្ងរ។ លោក ប៉ាប្លូ កាង បានបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិតជាបានល្អប្រសើរ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺនេះ

ហើយខណៈដែលរាជធានីភ្នំពេញ កំពុងប្រឈមនឹងការរីករាលដាលកូវីដ-១៩ នោះ អាជ្ញាធររាជធានីភ្នំពេញ

គឺពិតជាគ្រប់គ្រងបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យអត្រានៃការឆ្លងជំងឺនេះ មានលក្ខណៈធូរស្រាល មិនធ្ងន់ធ្ងរ ដូចបណ្ដាប្រទេសមួយចំនួនឡើយ៕

ដកស្រង់ពី៖ កោះសន្តិភាព