បណ្តាញសង្គម

ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​នឹង​ជំរុញ​ឱ្យ​ទីផ្សារ​ពិភព​ល‍ោ​ក​ទទួលស្គាល់​ម្ហូបអាហារ​កម្ពុជា​សុទ្ធសឹង​ប្រកបដោយ​ភាព​ស្តង់ដារ​

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថាក្រោយសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព ម្ហូបអាហារនឹងចូលជាធរមាននឹងអនុញ្ញាតឱ្យកម្ពុជាអាចទទួលយកនូវស្តង់ដារជាតិនិងអន្តរជាតិថែមទាំងជំរុញឲ្យផលិតផល កម្ពុជា មានការទទួលស្គាល់ផងដែរនៅក្នុងទីផ្សារពិភពលោក។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មអញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារក្រោមអធិបតីភាព

របស់លោក កែប ជុតិមា ប្រធានស្តីទីគណៈកម្មការទី៩ នៃរដ្ឋសភា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មការជំនាញរបស់រដ្ឋសភាជាច្រើនរូបកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា

ក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារមុនស្នើដាក់បញ្ចូល ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខនេះ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីខ្លឹមសារនិងអត្ថប្រយោជន៍ សំខាន់ៗដែលកម្ពុជាអាច ទទួលបាននៅពេលច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចូលជាធរមានដែលរួមមាន៖

បង្កើតបាននូវយន្តការគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម និងធានាថា ផលិតផលម្ហូបអាហារដែលចរាចរនៅលើ ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា មានគុណភាព

សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប,កំណត់ លក្ខខណ្ឌតម្រូវជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារ មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដារកំណត់ សំដៅធានាកម្រិត

នៃការការពារអាយុជីវិតនិង សុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នក ប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនិងជំរុញឱ្យមានការអនុវត្តនូវវិធានការ អនាម័យនិងភូតគាមអនាម័យ ដើម្បីកាត់បន្ថយរបាំងបច្ចេកទេសស្របតាមលក្ខខណ្ឌតម្រូវនៃពាណិជ្ជកម្មម្ហូបអាហារ អន្តរជាតិ

ដែលជាវិធានការប្រកបដោយប្រសិទ្ធភាព សម្រាប់កម្ពុជារៀបចំប្រព័ន្ធត្រួតពិនិត្យម្ហូបអាហាររបស់ខ្លួន ដោយផ្អែកតាមគោលការណ៍អភិក្រមហានិភ័យដើម្បីទាក់ទាញវិនិយោគជំរុញប្រសិទ្ធភាពនៃការធ្វើពិពិធកម្មនាំចេញម្ហូបអាហារ និងធានាបាននូវការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា អំពីលក្ខណៈពិសេសនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហាររួមមានពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាព

នៅតាមគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម, សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនឹងបង្ក លក្ខណៈឱ្យប្រទេសកម្ពុជារៀបចំនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារដែលមានលក្ខណៈទំនើបតាមរយៈការកសាងវិធីសាស្ត្រទប់ស្កាត់ជាមុន

និងការត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច និងសេចក្ដីព្រាងច្បាប់នេះ នឹងអនុញ្ញាតឱ្យកម្ពុជាអាចទទួលយកនូវស្តង់ដារជាតិ និងអន្តរជាតិដើម្បីកំណត់ជាបទប្បញ្ញត្តិ បច្ចេកទេស

និងលក្ខខណ្ឌតម្រូវម្ហូបអាហារ ដើម្បីអនុវត្តនៅតាមខ្សែចង្វាក់ផលិតកម្មម្ហូបអាហារទាំងមូលចាប់ពីដំណាក់ កាលផលិតដំបូង ការកែច្នៃ ការដាក់លក់ រហូតដល់ការប្រើប្រាស់ចុងក្រោយ ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពល‍លោក។

នៅពេលបញ្ចប់កិច្ចប្រជុំលោកប្រធានស្តីទីនៃគណៈកម្មការ សមាជិក សមាជិកា នៃគណៈកម្មការជំនាញរបស់រដ្ឋសភា បានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

និងបានសម្តែងការកោតសរសើរចំពោះក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់នេះដែលដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងការខិតខំប្រឹងប្រែងលើការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះប្រកបដោយជោគជ័យ៕

ដកស្រង់ពី៖ រស្មីកម្ពុជា