បណ្តាញសង្គម

រដ្ឋសភាថ្លែងអំណរគុណអ្នកពាក់ព័ន្ធទាំងអស់ ដែលសហការរៀបចំទទួលដំណើរទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌាមកកម្ពុជា

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញលិខិតមួយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ នៃអាជ្ញាធរខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការអនុវត្តការងារ

និងបានជួយជ្រោមជ្រែងក្នុងការរៀបចំទទួលដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា ដែលដឹកនាំដោយលោក អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភា (Lok Sabha) នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់។

បើតាមរយៈលិខិតថ្លែងអំណរគុណដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា

«សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវខ្ពស់ នៃការងាររបស់លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ និងសូមគោរពទៅដល់ការយកចិត្តទុកដាក់ ជាពិសេសកិច្ចសហការបំពេញការងារខាងលើ។

ស្នាដៃនេះត្រូវបានទទួលការកោតសរសើរពីគណៈប្រតិភូ និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាការចូលរួមចំណែកលើកតម្កើង កិត្តិយស និងកិត្យានុភាពជូនដល់ជាតិមាតុភូមិនៃយើង»៕

ដកស្រង់ពី៖ Fresh News