បណ្តាញសង្គម

ទូត​រុស្ស៊ី​នៅ​កម្ពុជា បញ្ជាក់ថា ៖​ទោះ​កម្ពុជា​មិន​គាំទ្រ​រុស្សី​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក្តី​តែ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង ទ្វេភាគី​រវាង​កម្ពុជា និង​រុស្ស៊ី​ឡើយ​

ភ្នំពេញ៖នៅក្នុងសន្និសីទសារព័ត៌មានបកស្រាយជុំវិញបញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនតាមប្រព័ន្ធZoomកាលពីព្រឹកថ្ងៃទី២៧ ខែមេសា លោក Rafael IANGAREEVតំណាងស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បាននិយាយថា ការធ្វើប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ជារឿងចាំបាច់បើទោះបីប្រទេសជាច្រើនក្នុង ពិភពលោករួមទាំងកម្ពុជាផងបានរួមគ្នាបោះឆ្នោតប្រឆាំងក៏ដោយ។

ប៉ុន្តែ ស្ថានទូតរុស្ស៊ី ក៏បានគូសបញ្ជាក់ដែរថា ការប្រឆាំងរបស់កម្ពុជានេះ មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី ឡើយ។លោក Rafael IANGAREEV បានអះអាងថា៖រុស្ស៊ីគោរពអធិបតេយ្យភាពរបស់កម្ពុជាក្នុងការសម្រេចចិត្តបោះឆ្នោត មិនគាំទ្រការធ្វើប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅក្នុង ប្រទេសអ៊ុយក្រែន។

បើទោះបីកម្ពុជាធ្វើបែបនេះក៏ដោយ ក៏វាមិនប៉ះពាល់ដល់ទំនាក់ទំនងទេ្វភាគីរវាងកម្ពុជា និងប្រទេសរុស្ស៊ីដែរ ពោល គឺកម្ពុជា និងរុស្ស៊ី នៅតែជាមិត្តនឹងគ្នាដដែល ព្រោះប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ។

ការលើកឡើងរបស់ស្ថានទូតរុស្ស៊ីនេះគឺជាការឆ្លើយតបទៅកាន់រាជរដ្ឋាភិបាលកម្ពុជាដែលបានបោះឆ្នោតប្រឆាំងនឹងការធ្វើសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននៅអង្គការសហប្រជាជាតិជាមួយប្រទេសប្រមាណជាង១៤០ទៀតកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការបោះឆ្នោតនេះ គឺជារឿងចាំបាច់ ព្រោះកម្ពុជា មិនគាំទ្រឡើយដែលប្រទេសមួយលើកទ័ពទៅឈ្លាន ពានប្រទេសមួយទៀតបែបនេះ។

ជាមួយនឹងការលើកឡើងនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការរំពឹងថា រុស្ស៊ី នឹងយោគយល់ដល់កម្ពុជាចំពោះបញ្ហានេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា