បណ្តាញសង្គម

សម្តេចតេជោ ប្រកាសថា​ទឹកប្រាក់ប្រមាណ៤០លានដុល្លារត្រូវចំណាយសម្រាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២ នេះថា ទឹកប្រាក់ប្រមាណ ៤០ លានដុល្លារនឹងត្រូវចំណាយសម្រាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ ។

ការប្រកាសនេះធ្វើឡើងនាឱកាសសម្តេចតេជោ អញ្ជើញជួបសំណេះសំណាល និង ផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម។

ជាមួយគ្នានោះដែរ សម្តេចបានលើកឡើងថា បើសិនជាគ្មានសង្គ្រាមកើតឡើងនោះទេ វិស័យកីឡាកម្ពុជា អាចលឿនទៅមុខជាងនេះឆ្ងាយណាស់ ។

នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា រឿងឈ្នះចាញ់ គឺជារឿងធម្មតារបស់កីឡា ក៏ប៉ុន្តែការខុសវិន័យ ជាពិសេសការប្រើសារធាតុហាមឃាត់ ទើបជាបញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់ជាតិ ។

សម្តេចបានប្រកាសដល់កីឡាទាំងអស់ឱ្យគោរពវិន័យ និងហាមប្រើប្រាស់សារធាតុបង្កើនកម្លាំង ដែលមានការហាមឃាត់ ។

សម្តេចចាត់ទុកថា «ទោះទទួលបានមេដាយមាសក៏ដោយឱ្យតែស្អុយឈ្មោះដោយប្រើប្រាស់សារធាតុញៀន ឬសារធាតុប៉ូវកម្លាំង ដែលមានការហាមឃាត់ គឺគ្មានន័យទេ» ។

សូមបញ្ជាក់ថា កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវបានរៀបចំជ្រើសរើសដោយក្រសួងអប់រំ យុវជន

និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ មានសរុប ៥៦០នាក់។

ដកស្រង់ពី៖ កោះសន្តិភាព