បណ្តាញសង្គម

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ភាគី​ជប៉ុន ជួប​ជជែក​គ្នា​ដើម្បី​ស្វែងយល់​បន្ថែម​នូវ​សក្តានុពល​ពាណិជ្ជកម្ម​និង​ធុរកិច្ច​

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោក កាតស៊ូហ៊ីរ៉ូ ហ្សីណូហារ៉ា (Katsuhiro SHINOHARA) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោក កាតស៊ូហ៊ីរ៉ូ ហ្សីណូហារ៉ា (Katsuhiro SHINOHARA) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន(រូបថតក្រសួងពាណិជ្ជកម្ម) នៅក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ

និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអតីតឯកអគ្គរាជទូត និងគណៈប្រតិភូក្រុមហ៊ុនជប៉ុន ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មនាពេលកន្លងមក។

លោកបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីសម្រួលដល់ធុរជន និងបានស្នើឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានស្នើឱ្យលោកអតីតឯកអគ្គរាជទូត ក៏ដូចជាវិស័យឯកជនជប៉ុនជួយគាំទ្រឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុន ដូចដែលបានលើកឡើងនៅក្នុងជំនួប

រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយលោក ហ្វូមីអូ គីស្ស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីផលប្រយោជន៍ប្រជាជន និងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកអតីតឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ពាណិជ្ជកម្ម ដែលធ្វើឱ្យធុរជនមានទំនុកចិត្ត និងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

ឆ្លៀតក្នុងឱកាសនេះដែរ លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុន FORVAL ជប៉ុន ក៏បានជម្រាបពីគោលបំណងក្នុងការជួយគាំទ្រ និងរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ព្រមទាំងប្តេជ្ញាពង្រីកសកម្មភាពធុរកិច្ចនៅកម្ពុជា ក៏ដូចជាកៀគរវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ ជាពិសេសលើវិស័យដែលមានសក្តានុពលនានានៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត៕

ដកស្រង៉ពី៖ រស្មីកម្ពុជា