បណ្តាញសង្គម

៣​ ក្រសួង​នឹង​ពិចារណា​លើ​ការ​កំណត់​អាយុ​អនុញ្ញាត​ឱ្យ​ទទួលទាន​គ្រឿង​ស្រវឹង

រាជធានីភ្នំពេញ ៖ ក្រសួងចំនួនបីនឹងធ្វើការពិចារណាចំពោះការអនុញ្ញាតឲ្យទទួលគ្រឿងស្រវឹង នៅក្នុងប្រទេសកម្ពុជា ។

ក្រសួងចំនួនបីខាងលើមានក្រសួងសាធារណការ

– ក្រសួងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ហើយនឹងក្រសួងសុខាភិបាលបានរួមគ្នាពិចារណាលើការកំណត់អាយុអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម ។

យោងតាមបណ្តាញសង្គមក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា នាឱកាសជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Jack Myint នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក

-អាស៊ានប្រចាំនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នាថ្ងៃទី៤ ឧសភានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលសម្រេចបានគម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគតដែលរួមមាន ៖

គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ ពីពីរគន្លងទៅបួនគន្លងជាផ្នែកមួយនៃអាស៊ានហាយវ៉េ ដើម្បីតភ្ជាប់កម្ពុជាជាមួយបណ្ដាប្រទេសជិតខាងគម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំនេះការបញ្ចប់កិច្ចព្រមព្រៀងក្របខ័ណ្ឌនៃគម្រោងសាងសង់ផ្លូវល្បឿនលឿន

ពីភ្នំពេញទៅបាវិតគម្រោងកសាងចំណតផែកុងតឺន័រថ្មីដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ដែលអនុញ្ញាតឱ្យនាវាធំៗលើពិភពលោកចូលចត និងដឹកជញ្ជូនទំនិញទៅកាន់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិក ។

ឯកឧត្តមបានលើកឡើងអំពីគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម គម្រោង សិក្សាអំពីការធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់ឱ្យទៅជាផ្លូវដែកល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅកាន់ ប្រទេសថៃ

និងទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ឬសិក្សាប្រព័ន្ធផ្លូវដែកថ្មី តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងដឹកជញ្ជូនតាមផ្លូវទឹកត្រង់ពីទន្លេបាសាក់

រាជធានីភ្នំពេញឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុទ្រខេត្តកែប ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅក្រៅប្រទេស និងជួយកាត់បន្ថយថ្លៃដើមទំនិញ និងចំណេញពេលវេលា ។ឯកឧត្តមបានគូសបញ្ជាក់ពីសារសំខាន់នៃការដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសប្រព័ន្ធផ្លូវទឹករបស់កម្ពុជាដែលរួមមាន ៖

ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ទន្លេស្រែពក ទន្លេសេសាន ដែលជាប្រភពធនធានធម្មជាតិប្រកបដោយសក្កានុពលរបស់កម្ពុជា ហើយរហូតមកទល់ពេលនេះកម្ពុជានៅមិនទាន់ទាញយកអត្ថប្រយោជន៍ឱ្យអស់លទ្ធភាពនៅឡើយ ។

ទន្ទឹមជាមួយគ្នានោះ តំណាងក្រុមហ៊ុនចូលរួមបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើបញ្ហាពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលផ្ដោតលើចំណុចសំខាន់បីរួមមាន ៖

១) ការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងហានិភ័យខ្ពស់បង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ និងយានយន្តធំៗបើកបរនៅពេលយប់ ២) ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សុវត្តិភាពចរាចរណ៍ និង៣) សុវត្ថិភាពចរាចរណ៍នៅតាមតំបន់ដែលមាននិស្សិតសិស្សឆ្លងកាត់ ។

ដោយឡែកទាក់ទងនឹងការប្រើប្រាស់យានយន្តអគ្គិសនី តំណាងក្រុមហ៊ុនបានស្នើឱ្យក្រសួងពិនិត្យលទ្ធភាពបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីកំណត់ស្តង់ដារលើការប្រើប្រាស់រថយន្តថាមពលអគ្គិសនីក៏ដូចជា ស្ថានីយបញ្ចូលថាមពលអគ្គិសនីផងដែរ ។

បន្ថែមពីលើនេះតំណាងស្ថានទូតសហរដ្ឋអាមេរិកបានសំដែងនូវការគាំទ្ររបស់របស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យាជំរុញឱ្យក្រុមហ៊ុនក៏ដូចជា

វិនិយោគិនរបស់អាមេរិកមកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀតដើម្បីផ្ទេរ ក៏ដូចជា ចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗសំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។

ជាការឆ្លើយតបឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា «ក្រសួងបាននឹងកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមានដូចជា ៖

ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ដើម្បីឈានទៅដល់ការពិចារណាលើការកំណត់អាយុអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងសម្រាប់មនុស្សពេញវ័យ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍

និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសន្យាជួយសម្របសម្រួលដល់ក្រុមហ៊ុនទាំងនោះដែលមានបំណងដាក់ទុនវិនិយោគនៅកម្ពុជា

និងបានស្នើសុំការគាំទ្រលើការកសាងសមត្ថភាពរបស់មន្ត្រីរាជការក្រសួង ជាពិសេសមន្ត្រីជំនាញបច្ចេកទេសទាក់ទងនឹងភាពជាអ្នកដឹកនាំ ក៏ដូចជា ជំនាញបច្ចេកទេសផ្សេងៗ ដើម្បីជួយឱ្យពួកគាត់អាចបំពេញការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពថែមទៀត» ៕

ដកស្រង់ពី៖ កោះសន្តិភាព