បណ្តាញសង្គម

ពាណិជ្ជករ​កម្ពុជា​ជួប​ជាមួយនឹង​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េរិក​-​អាស៊ាន

ភ្នំពេញៈ ពាណិជ្ជករកម្ពុជាជួបជាមួយនឹងគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន កាលពីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ ក្រោមអធិបតិភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។

គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយ លោក ម៉ៃឃើល មីឆាឡាក់ (Ambassador Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ដើម្បីពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពី សហរដ្ឋអាម៉េរិក។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុននៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានរួមមាន៖

ក្រុមហ៊ុននវានុវត្តន៍សកល 3M, ក្រុមហ៊ុនផលិតផលអាហារូបត្ថម្ភ Abbott, ក្រុមហ៊ុនបច្ចេកវិទ្យាសូហ្វវ៉ែ Amazon, ក្រុមហ៊ុនប្រេង Chevron, ក្រុមហ៊ុនប្រេង ConocoPhillips, ក្រុមហ៊ុនផ្តល់ថាមពល

និងផលិតផលគីមី ExxonMobil, ក្រុមហ៊ុនរថយន្ត Ford, ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Meta, ក្រុមហ៊ុន ទូទាត់តាមឌីជីថល Visa, ក្រុមហ៊ុននាំចូលនិងចែកចាយស្រា Pernod Ricard, ក្រុមហ៊ុនជីវបច្ចេកវិទ្យា Roche, ក្រុមហ៊ុនក្រុមហ៊ុនថ្នាំជក់អន្តរជាតិ Phillip Morris និងសម្ព័នក្រុមហ៊ុន RMA Group (រថយន្ត គ្រឿងបរិក្ខារ សេវាកម្ម និងម្ហូបអាហារ)។

នាឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីអំពីយុទ្ធនាការចាក់វ៉ាក់សាំង នៅប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ច ឱ្យមានប្រក្រតីភាពឡើងវិញ ហើយមកដល់បច្ចុប្បន្ននេះ អត្រាចាក់វ៉ាក់សាំង កូវីដ-១៩ នៅកម្ពុជា មានជាង ៩៣% នៃចំនួនប្រជាជនសរុប ១៦ លាននាក់។

លោកបានបន្តថា កម្ពុជាកំពុងបើកដំណើរការសាកលវិទ្យាល័យ សាលារៀន អាជីវកម្ម ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចសង្គមផ្សេងៗទៀតឡើងវិញ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថាកម្ពុជាបានត្រៀមខ្លួនរួចជា ស្រេចក្នុង ការរួមសហការជាមួយវិស័យឯកជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធានាថា ពាណិជ្ជកម្មឆ្លងដែននឹងមិនមានការរំខានដោយសារ

វិធានការរឹតត្បិតដែលអាចកើតមានដោយជំងឺកូវីដ-១៩ ជាពិសេស កម្ពុជាប្តេជ្ញារក្សាការបើកចំហទីផ្សារសម្រាប់លំហូរនៃទំនិញសំខាន់ៗ ដូចជា វត្ថុធាតុដើម គ្រឿងឧបភោគបរិភោគ ផលិតផលឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ជាដើម។

ទន្ទឹមនឺងនេះ លោក រដ្ឋមន្ត្រី បានវាយតំលៃខ្ពស់លើទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកាត់សំគាល់ នៅក្នុងឆ្នាំ២០២១ ដោយទំហំពាណិជ្ជកម្មកម្ពុជា

-អាម៉េរិកសម្រេចបាន ៧,៨ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៤២% បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន ដែលសរុបជាទឹកប្រាក់ប្រមាណ៥,៥ប៊ីលានដុល្លារ ។

លោក រដ្ឋមន្ត្រីបន្ថែមថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានលើកទី៣ ក្រោម ប្រធានបទ “ASEAN Addressing Challenges Together” និងក្រោមសសរ ស្តម្ភសេដ្ឋកិច្ច កម្ពុជានឹងដឹកនាំអាស៊ានឱ្យពង្រឹងដំណើរការ សមាហរណកម្ម ក្នុងតំបន់

និងពិភពលោក ហើយងើបចេញពីជំងឺរាតត្បាតកាន់តែខ្លាំង ដោយរួមបញ្ចូល ភាពប្រកួតប្រជែង ភាពធន់ និរន្តរភាព និងសមភាព ក្រោមការជំរុញជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ រួមមាន៖

(១) ការលើកកម្ពស់ ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

(២) ការបង្រួមគម្លាតអភិវឌ្ឍន៍ សម្រាប់ភាពប្រកួតប្រជែងរបស់អាស៊ាន

(៣) ការលើកកម្ពស់សមាហរណកម្ម កាន់តែច្រើន រួមបញ្ចូល ភាពស្អិតរមួត ធន់ និងការប្រកួតប្រជែង

(៤) ការពង្រឹងអាស៊ានសកលសម្រាប់កំណើន និងការអភិវឌ្ឍន៍។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវអំណរសាទរចំពោះកម្ពុជា ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ និងការបើក សកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ ដែលអនុញ្ញាតឱ្យមានអាចរៀបចំកិច្ច ប្រជុំដោយផ្ទាល់ក្នុងថ្ងៃនេះបាន។

បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាស្ថិរភាពសេដ្ឋកិច្ចសង្គម និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាក្នុង អំឡុងពេលនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ។

លោកម៉ៃឃើល មីឆាឡាក់បានឲ្យដឹងថា ការចាក់វាក់សាំងនៅកម្ពុជាជាសក្ខីភាព មួយដល់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដ៏ធំធេងសម្រាប់ការស្តារសេដ្ឋកិច្ច បន្ថែមទៀត។ ជាមួយគ្នានេះ ។

ក្នុងឱកាសនោះផងដែរ តំណាងក្រុមហ៊ុនទាំងអស់ ក៏បានសម្តែងក្ដីសោមន្យ រីករាយ យ៉ាងខ្លាំងចំពោះ កម្មវិធីចាក់វ៉ាក់សាំងនៅកម្ពុជា ដែលអនុញ្ញាតឱ្យ មានសកម្មភាពសេដ្ឋកិច្ចបានដំណើរការបន្ត និងការពារអាយុជីវិតរបស់ប្រជាជន ក្នុងអំឡុងពេលកូវីដ-១៩។

លើសពីនេះ តំណាងក្រុមហ៊ុនទាំងអស់ក៏បាន បង្ហាញពីសុទិដ្ឋិនិយម និងទំនុកចិត្តលើសក្ដានុពលនៃកំណើនសេដ្ឋកិច្ច រយៈពេលវែងរបស់កម្ពុជា ជាពិសេសនៅក្នុងឆ្នាំនេះ ដែលកំណើនសេដ្ឋកិច្ចនឹង ត្រលប់មករកភាពវិជ្ជមានឡើងវិញ។

ជាងនេះទៅទៀត ក្រុមហ៊ុនទាំងនោះ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច និងផ្ដល់កិច្ចសហការល្អដល់ពួកគេ ដែលអនុញ្ញាត ឱ្យពួកគេបង្កើនការវិនិយោគនិងពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមនៅកម្ពុជា។

លោករដ្ឋមន្ត្រី និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋ អាម៉េរិក-អាស៊ាន ទាំងអស់ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហការ និងការ វិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដោយកម្ពុជា

នឹងជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ព្រមទាំងផ្លាស់ប្តូរទស្សនៈគ្នា ក្នុងគោលបំណងរៀបចំបរិយាកាស វិនិយោគ នៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង និងទាក់ទាញបន្ថែមទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា