បណ្តាញសង្គម

រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​អគ្គលេខាធិការ​អាស៊ាន ដឹកនាំ​កិច្ចប្រជុំ ពិគ្រោះ​យោបល់ ស្តីពី​ជំនួយ​មនុស្សធម៌ របស់​អាស៊ាន សម្រាប់​មី​យ៉ាន់​ម៉ា​

ភ្នំពេញៈ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន សម្រាប់មីយ៉ាន់ម៉ា

និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួល ជំនួយមនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌ របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថាៈ កិច្ចប្រជុំពិគ្រោះយោបល់ នឹងត្រូវបានអញ្ជើញចូលរួម ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយតំណាងជាន់ខ្ពស់ មកពីប្រទេស ជាសមាជិកអាស៊ានទាំងអស់ ដៃគូខាងក្រៅរបស់អាស៊ាន ទីភ្នាក់ងារជំនាញ អង្គការសហប្រជាជាតិ និងបណ្តាអង្គការអន្តរជាតិ ពាក់ព័ន្ធ នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងផ្តល់ជាវេទិកាកម្រិតខ្ពស់មួយ សម្រាប់អាស៊ាន ធ្វើការពិភាក្សាផ្តួចផ្តើម ឱ្យមានកិច្ចសន្ទនាមួយ ដែលមានការចូលរួមពី ភាគីពាក់ព័ន្ធ ដើម្បីផ្តល់ នូវមគ្គុទេ្ទសក៍ អំពីរបៀបក្នុងការជំរុញជំនួយមនុស្សធម៌ របស់អាស៊ាន ឱ្យទៅដល់ប្រជាជន មីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថាៈ កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើង ក្នុងគោលបំណង ដើម្បីពិភាក្សាស្វែងរក ដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នា ទៅវិញទៅមក លើវិធីសាស្ត្រ ក្នុងការពង្រឹងបន្ថែម នូវការផ្តល់ជំនួយមនុស្សធម៌

នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថា នឹងពុំមាននរណាម្នាក់ ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការ របស់មជ្ឈមណ្ឌលសម្របសម្រួល អាស៊ាន សម្រាប់ជំនួយមនុស្សធម៌

ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Center), និងវិធីសាស្ត្រនានា ដែលជួយគាំទ្រទៅដល់ ការផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ទៅដល់ សហគមន៍នានា នៅមីយ៉ាន់ម៉ា៕

ដកស្រង់ពី៖ រស្មីកម្ពុជា